ពីនេះ ពីនោះ
ស្រលាញ់​សក់ តែ​ខ្ពើម​សក់
30, May 2015 , 9:20 pm        
រូបភាព
ដោយ: ថ្មីៗ
ស្រលាញ់​សក់ តែ​ខ្ពើម​សក់


                     (ប​ទៈ ពាក្យ៧)
ប្រុស​ស្រី​ស្រលាញ់​សក់​ខ្លាំងណាស់        សក់​ស្តើង​សក់​ក្រាស់​ដុះ​គ្រប់គ្នា
ខំ​កក់​ថែ​ផ្លុំ​បាញ់​ខំ​ការពារ            សម្រស់​សោភា​ព្រោះតែ​សក់។
រៀប​ចេញ​ទៅណា​ជ្រោង​សិត​វែក        ផ្អៀងផ្អង​ប្រឹង​ញែក​ឆ្លុះកញ្ចក់
លាបថ្នាំ​អ៊ុត​ផ្លុំ​កៀប​បន្តក់            មាន​ក្រាស់​សិតសក់​សា​រ៉ា​យ​ទៀត។
ស្រីៗតែងខ្លួន​ចូល​ពិធី                រាប់សិប​នាទី​ប្រឹង​ខំ​ឆ្លៀត
សក់ស្កូវ​លេចចេញ​ខំ​លាប​ត្បៀត        ម្កុដ​បូរ​ក្រង​កៀប​ណែន​ពេញ​ក្បាល។
ម្នាក់ៗនាំគ្នា​ខ្លាច​ស្កូវ​ណាស់            ខ្លាច​គេ​ថា​ចាស់​ភ័យ​ជ្រួលច្រាល
ខ្លាច​ស្រី​មិន​ស្និទ្ធ​ប្រុស​មិន​ស្នាល        ឃើញ​ស្កូវ​ឈឺឆ្អាល​ទិញ​ថ្នាំលាប។
អ្នកខ្លះ​ផលិតផល​ណែន​ពេញ​ទួ            នៅតែ​រអ៊ូ​ថា​មិន​ស្កៀប
ខំ​រក​ខំ​ទិញ​ថែម​ឲ្យ​ជ្រាប            ខ្លះ​គិត​ចង់​ប្រៀប​ដូច​តារា។
កាត់សក់ម្តងៗចង់​ឆ្កួត​ជាង            ឲ្យ​គេ​ប្រិត​ព្រៀង​មើល​ផង​ណា
បើ​កាត់​រួចហើយ​មិន​សង្ហា            ចាំ​ទុក​ចុះ​ណា​ស្បថ​លែង​ចូល។
លុយកាក់​ចំណាយ​លើ​គ្រឿង​ប្រើ        ចង់​ស្អាត​គ្រាន់បើ​ខំ​ប្រមូល
មិន​ហ៊ាន​ស៊ីចុក​ខំ​បញ្ចូល            មិន​ហ៊ាន​ទិញ​ហូល​ថែ​សក់​សិន។
ប៉ុន្តែ​បើ​សក់​ជ្រុះ​ចូល​បាយ            ខ្ពើម​ក្តៅក្រហាយ​ដូច​ខ្មោច​ឆ្អិន
ខ្ពើម​ណាស់​លោក​អើយ​គេចចេញ​សិន        សក់​ខ្មែរ យួន ចិន ខ្ពើម​ទាំងអស់។
ស្រលាញ់​ខ្លាំងណាស់​ម្តេចក៏​ខ្ពើម        ពីមុន​ជ្រួលជ្រើម​ទាំងស្រី​ប្រុស
ស្រលាញ់​ខ្លាំងណាស់​ថែ​គ្មាន​ខុស        តែ​ហេតុម្តេច​ចុះ​ខ្ពើម​សក់​ក្នុង​ម្ហូប?៕   

និពន្ធ​ដោយ៖ផា​រី, កែសម្រួល៖ វិឆ័យ សុ​ភី   


© រក្សាសិទ្ធិដោយ thmeythmey.com