ពីនេះ ពីនោះ
រញី​ប្រផេះ សម្បូរ​នៅ​ប្រទេស​កម្ពុជា ភូមា ថៃ ចិន និង​ឥណ្ឌូចិន
31, May 2015 , 11:20 am        
រូបភាព
ដោយ: ថ្មីៗ
រញី​ប្រផេះ សម្បូរ​នៅ​ប្រទេស​កម្ពុជា ភូមា ថៃ ចិន និង​ឥណ្ឌូចិន


(Nyctiebusbengalensis)

ភិនភាគ៖ រញី​ប្រផេះ​ជាទូទៅ​វា​មាន​ពណ៌ផ្សេងៗគ្នា ចាប់ពី​ត្នោត​ប្រផេះ​ព្រលែត​ទៅ​ក្រហម​ត្នោត និង​មាន​ឆ្នូត​ពណ៌​ត្នោត​ចាប់ពី​ក្បាល​រហូតដល់​ពាក់កណ្តាល​ខ្នង ឬ​ដល់​គល់​កន្ទុយ និង​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​រញី​ភ្លើង​ដែរ។ វា​មាន​ពណ៌​ត្នោត​ចាស់​ព​ទ្ធ័​ជុំវិញ​រង្វង់​ភ្នែក​ទាំងពីរ និង​មាន​រោម​ឆ្នូត ពណ៌​ស​តាម​បណ្តោយ​ខ្ទង់ច្រមុះ។

ជីវសាស្ត្រ៖ ជា​សត្វ​រាត្រីចរ​រស់នៅ និង​រកស៊ី​នៅពេល​យប់​នៅតាម​ដើមឈើ​តំបន់​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង និង​អាចមាន​វត្តមាន​នៅតាម​ចម្ការ​ផងដែរ។ អាហារ​របស់​វា​មាន​សត្វល្អិត សត្វ​ស្លាប និង​ផ្លែឈើ។ ជាស​ត្វ​ចូលចិត្ត​រស់នៅ​ឯកឯង ហើយ​ធ្វើ​ចលនា​បំលាស់​ទីយឺតៗមិនសូវ​រហ័សរហួន​ដូច​សត្វ​ដទៃ។ រញី​ប្រផេះ​អាច​រស់​នៅបាន​រហូតដល់​អាយុ១៤ឆ្នាំ។

រប៉ាយ​រស់នៅ៖ រញី​ប្រផេះ​មាន​វត្តមាន​ស្ទើរ​គ្រប់​ទីកន្លែង​នៃ​ប្រទេស​កម្ពុជា ពិសេស​វត្តមាន​វា​សម្បូរ​នៅ​ខាងលិច​ទន្លេមេគង្គ នៅ​ប្រទេស​ឥណ្ឌា​ភាគ​ឦ​សាន្ត​រហូតដល់ ប្រទេស​ភូមា ភាគ​ខាង​ត្បួ​ង​នៃ​ប្រទេស​ចិន ឥណ្ឌូចិន និង​ប្រទេស​ថៃ។

ស្ថានភាព​អភិរក្ស៖ រញី​ប្រផេះ​ស្ថិតក្នុង​ក្រុម​មាន​ដោយ​កម្រ និង​ស្ថិតនៅក្នុង​បញ្ជី​ឧបសម្ព័ន្ធ I នៃ​អនុសញ្ញា​សាយ​តេស។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (DD) ជា​ប្រ​ភ​ទ​មិនទាន់​ព័ត៌មាន និង​ទិន្នន័យ​គ្រប់គ្រាន់​លើ​ពិភពលោក។ វា​កំពុង​រងគ្រោះ​ដោយសារ​ការ​បរបាញ់ ទាក់​ចាប់ និង​ការធ្វើ​អាជីវកម្ម៕




© រក្សាសិទ្ធិដោយ thmeythmey.com