កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម-វាយ​កូនឃ្លី​លើ​តុ៖ ខ្មែរ​ធ្លាប់​ឡើង​ជួប​គ្នាឯង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ឆ្នាំ១៩៦៥ និង១៩៧១
31, May 2015 , 3:27 pm        
រូបភាព
កីឡាករវាយកូន​ឃ្លីលើ​តុ​ជម្រើស​ជាតិ​កម្ពុជាសម្រាប់ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​២៨។ រូបថត NOCC
កីឡាករវាយកូន​ឃ្លីលើ​តុ​ជម្រើស​ជាតិ​កម្ពុជាសម្រាប់ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​២៨។ រូបថត NOCC
នៅមុន​របប​ខ្មែរក្រហម កីឡាវាយកូនឃ្លីលើតុ (ឬ​ប៉េង​ប៉ុង) របស់​កម្ពុជា បានទទួល​ជោគជ័យ​ដ៏​ធំធេង​លើ​ឆាក​អន្តរជាតិ ជាពិសេស​ក្នុងការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ Seap Games ដែល​ប្តូរ​ទៅជា​ស៊ី​ហ្គេម (SEA Games) ចាប់ពី​ឆ្នាំ១៩៧៧មក។ តាម​កំណត់ត្រា ចន្លោះ​ពី​ឆ្នាំ១៩៦៥ ដល់​ឆ្នាំ១៩៧៣ កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ធ្លាប់​បានឈ្នះ​មេដាយមាស២ ប្រាក់៦ និង​សំរឹទ្ធ១ ។



កាលពី​ឆ្នាំ១៩៦៥ នៅ​ទីក្រុង​គូ​ឡាំ​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កីឡាករ​កម្ពុជា បាន​ឡើងទៅ​ប៉ះគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ការប្រកួត​វិញ្ញាសា​វាយ​ទោល​បុរស ដោយ​កីឡាករ Khau Bou (សារព័ត៌មានថ្មីៗសូម​រក្សា​ឈ្មោះ​ជា​ភាសាឡាតាំង) បាន​យកឈ្នះ​លើ​កីឡាករ Yang Chho Nam ខណៈ​កីឡាករ​វៀតណាម​ខាងត្បូង Tranh Thanh Duong បាន​មេដាយ​សំរឹទ្ធ។

កីឡាការិនី តាន់ សុខ​ចេង បាន​ចាញ់​កីឡាការិនី​ម៉ាឡេស៊ី Ong Mei Mei នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ រីឯ​ការប្រកួត​វាយ​គូ​បុរស កីឡាករ Yang Chho Nam និង តាន់ សេរី (Tan Serey) ទទួលបាន​មេដាយប្រាក់​ក្រោយ​ចាញ់​ក្រុម​កីឡាករ​របស់​វៀតណាម​ខាងត្បូង Huynh Van Ngoc និង Tranh Thanh Duong។

នៅ​ឆ្នាំ១៩៧១ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពូរ​ដដែល កីឡាករ Yang Chho Nam បានឈ្នះ​មេដាយប្រាក់ បន្ទាប់ពី​ចាញ់​កីឡាករ​ថៃ Chuchai Plernpruksa នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។  សម្រាប់​ការប្រកួត​វិញ្ញាសា​ឯកត្តជន​ផ្នែក​នារី​វិញ កីឡាការិនី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​បាន​ឡើងទៅ​ប៉ះគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​កីឡាការិនី បុ​ប្ឆា រតនៈ (Bopha Rattanak) យកឈ្នះ​កីឡាការិនី តាន់ សុខ​ចេង ដើម្បី​ឈ្នះ​មេដាយមាស។

នៅ​ឆ្នាំ១៩៧៣ នា​ការប្រកួត​នៅ​ប្រទេស​សឹង្ហ​បុរី អត្ត​ព​លិ​ក​កីឡាវាយកូនឃ្លីលើតុ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ បានទទួល​មេដាយប្រាក់១ និង​សំរឹទ្ធ១ផងដែរ ដោយ​កីឡាការិនី តាន់ សុខ​ចេង ចាញ់​កីឡាការិនី​ម៉ាឡេស៊ី Tan Sok Hong នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​កីឡាការិនី បុ​ប្ឆា រតនៈ ចែករំលែក​មេដាយ​សំរឹទ្ធ​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ​សឹង្ហ​បុរី Peck Noi Hwoy។

ក្រោយ​សម័យ​សង្គ្រាម កម្ពុជា បាន​ចូលរួម​ជាច្រើនលើក​ផងដែរ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​មួយ​នេះ ប៉ុន្តែ​អត្ត​ព​លិ​ក​កម្ពុជា​មិនទាន់​ស្តារ​មុខមាត់​របស់ខ្លួន​បាន​មកវិញ​នោះឡើយ ដោយ​ភាគច្រើន បាន​ធ្លាក់​ចេញពី​ការប្រកួត​នៅ​វគ្គ​ជម្រុះ។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨នៅក្នុង​ប្រ​ទេ​សឹង្ហ​បុរី កម្ពុជា​បញ្ជូន​កីឡាវាយកូនឃ្លីលើតុ​ចំនួន៥នាក់​ទៅ​ប្រកួតប្រជែង ដោយមាន​លោក ង៉ូ​យ ប៊ុន​ថង ជា​អ្នកដឹកនាំ និង​លោក សំ បូ​រ័ត្ន ជា​គ្រូបង្វឹក។ កីឡាករ លឹម សុខ​ឡុង និង ណៃ សា​រ៉ា​វៃ ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន​បុរស។ កីឡាករ​ទាំងពីរ​មាន​វត្តមាន​ផងដែរ​លើ​វិញ្ញាសា​វាយ​គូ​បុរស ជាមួយ​កីឡាករ​ពីរ​នាក់​ទៀត គឺ អ៊ឹង ស្រ៊ូ​យ​ហួរ និង សឹង តុលា។

សម្រាប់​ការប្រកួត​ជា​ក្រុម កីឡាករ សារៈ ស៊ូ​ព្រីង បាន​ចូល​បន្ថែម​ជាមួយ លឹម សុខ​ឡុង, ណៃ សា​រ៉ា​វៃ, អ៊ឹង ស្រ៊ួ​យ​ហួរ និង​សឹង តុលា។ ការប្រកួត​ចាប់ដំណើរការ​ពីថ្ងៃ​ទី១ ដល់​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ នៅ​កីឡដ្ឋាន Singapore Indoor Stadium៕



© រក្សាសិទ្ធិដោយ thmeythmey.com