កីឡាជាតិ
ស៊ីហ្គេម៖ កម្ពុជាសង្ឃឹមមេដាយមាសពីកីឡា ប៉េតង់ សីឈិនឡូន និងប្រដាល់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្មដឹកនាំប្រតិភូកីឡាទៅស៊ីហ្គេមសិង្ហបុរី
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១មិថុនានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំប្រតិភូកីឡារបស់កម្ពុជាមួយក្រុមទៀតមានចំនួន៨០នាក់ ទៅចូលរួមក្នុងការប្រកួតស៊ីហ្គេមលើកទី២៨នៅសិង្ហបុរី។ ក្រៅពីមានក្តីសង្ឃឹមទទួលបានមេដាយមាសលើវិញ្ញាសាប៉េតង់ ឈិនឡូន និងប្រដាល់ លោក វ៉ាត់ ចំរើន ក៏បានលើកតម្កើងការរីកចម្រើនដ៏ភ្ញាក់ផ្អើលនៃវិស័យកីឡាបាល់ទាត់ និងបាល់បោះខ្មែរនៅក្នុងការប្រកួតកីឡាស៊ីហ្គេមនេះដែរ។
ដើម្បីផ្តល់ព័ត៌មានរួមអំពីស្ថានភាពនៃក្រុមអត្តពលិកខ្មែរដែលត្រូវចូលរួមក្នុងកីឡាស៊ីហ្គេមលើកទី២៨នេះ លោក វ៉ាត់ ចំរើន ដែលជានាយបេសកកម្មនៃប្រតិភូកីឡាកម្ពុជា បានផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗ តាមរយៈនិពន្ធនាយក លោក លាង ដឺលុច៖
លោក លាង ដឺលុច៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅក្នុងប្រទេសសិង្ហបុរីនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥មិថុនានេះហើយ។ លោក វ៉ាត់ ចំរើន តើប្រតិភូកីឡាកម្ពុជាប៉ុន្មាននាក់ នៅក្នុងវិញ្ញាសាអ្វីខ្លះ ដែលនឹងវត្តមាននៅក្នុងការប្រកួតនោះ?
លោក វ៉ាត់ ចំរើន៖ មុននិយាយអំពីចំនួនអត្តពលិកកម្ពុជាយើង ខ្ញុំសូមបញ្ជាក់ថា ឯកឧត្តម ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាតំណាងរបស់កម្ពុជានៅក្នុងពិធីបើកការប្រកួតជាផ្លូវការនោះ។ ឯកឧត្តមនឹងដឹកនាំប្រតិភូកីឡាមួយក្រុមទៀតដែលត្រូវចេញដំណើរនៅថ្ងៃទី៣មិថុនា។ ប្រតិភូកីឡារបស់កម្ពុជាមានចំនួនសរុប២៥៦នាក់ ដែលក្នុងនោះអត្តពលិកមាន១៧៤នាក់។ ក្រៅពីនោះគឺជាមន្ត្រី និងក្រុមគ្រូបង្វឹក។ កម្ពុជាយើងចូលរួមក្នុង២២ប្រភេទកីឡាក្នុងចំណោម៣៦ និង៣១៦វិញ្ញាសា ក្នុងចំណោមជាង៤០០វិញ្ញាសា។
លោក លាង ដឺលុច៖ កាលពីស៊ីហ្គេមលើកទី២៧នៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៣ កម្ពុជាទទួលបានមេដាយមាស៨ ប្រាក់១១ និងសំរឹទ្ធ២៨ ។ តើអ្វីជាក្តីសង្ឃឹមរបស់កម្ពុជានៅក្នុងការប្រកួតស៊ីហ្គេមលើកនេះ?
លោក វ៉ាត់ ចំរើន៖ ប្រភេទកីឡាសក្តានុពល ដែលយើងសង្ឃឹមបានមេដាយមាស គឺប៉េតង់ សីឈិនឡូន និងប្រដាល់។ បន្ទាប់មក អ្វីដែលយើងសង្ឃឹមក្នុងកម្រិតបន្ទាប់មកទៀត គឺមានតេនីស តេក្វាន់ដូ រត់ប្រណាំង និងចុងក្រោយគឺប្រភេទកីឡាបាល់ទាត់ និងបាល់បោះ។ ខ្ញុំសូមបញ្ជាក់ថា វិស័យបាល់ទាត់ខ្មែរ និងបាល់ទាត់របស់មីយ៉ាន់ម៉ា បានមានសន្ទុះលេចធ្លោ នៅក្នុងអាស៊ាន ហើយបានក្លាយជាគូរប្រជែងថ្មីទៀតនៅក្នុងវិស័យបាល់ទាត់នៅក្នុងអាស៊ានដែរ។
លោក លាង ដឺលុច៖ តើរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តថ្មីទៀតទេ សម្រាប់អត្តពលិកកម្ពុជា?
លោក វ៉ាត់ ចំរើន៖ យើងមិនទាន់មានការលើកទឹកចិត្តថ្មីទេ ប៉ុន្តែដែលរដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិកបានយកចិត្តទុកដាក់ វាជាការលើកទឹកចិត្តដ៏ល្អមួយដែរហើយ។ សព្វថ្ងៃនេះ កីឡាករ កីឡាការិនីដែលទទួលបានមេដាយមាស ត្រូវទទួលបានរង្វាន់៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ។ ជ័យលាភីមេដាយប្រាក់ ទទួលបាន៣០លានរៀល និងជ័យលាភីមេដាយសំរឹទ្ធ១៦លានរៀល។ លើសពីនេះ តាមរយៈការខិតខំរបស់គណៈកម្មាធិការជាតិអូឡាំពិកដែលត្រូវស្វែងរកដៃគូឧបត្ថម្ភនានាទៀតនោះ ជ័យលាភីទាំងអស់នឹងទទួលបានការផ្តល់រង្វាន់កាន់តែច្រើន។ ឧទាហរណ៍ជ័យលាភីមេដាយមាស អាចទទួលបានការលើកទឹកចិត្តមិនតិចជាង២ម៉ឺនដុល្លារនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com