ពីនេះ ពីនោះ
តើ​ពាក្យ «ចាក, ចាក់» ខុសគ្នា​ដូចម្តេច?
02, Jun 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន​មិនបាន​ដឹងថា​ទាំងពីរ​នេះ មួយណា​ខុស ឬ​មួយណា​ត្រូវ​នោះទេ ហើយក៏​មិនដឹងថា​ប្រើ​ក្នុងន័យ​ខុសគ្នា​យ៉ាងដូចម្តេច​នោះដែរ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ការប្រើ​ពាក្យ​ពីរ​នេះ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖



ទី១) ពាក្យ«ចាក» ជា​នាម​មានន័យថា ឈ្មោះ​ឈើ​តចសារជាតិ​មួយ​ប្រភេទ សន្តាន​នឹង​ជ្រែ តែ​ជុះ​ក្នុង​ទឹក, ស្លឹក​ប្រើ​ប្រក់ផ្ទះ, ផ្លែ​ខ្ចី​ប្រើ​បរិភោគបាន ដូច​ផ្លែ​ត្នោត​ខ្ចី, ច្រើន​មាន​សម្បូណ៌ នៅក្នុង​ដែនកម្ពុជា​ក្រោម គឺ​ស្លឹក​ចាក និង​ផ្លែ​ចាក។ បើជា​កិរិយាសព្ទ​វិញ មានន័យថា បែក​គ្នា, ឃ្លាត​ពីគ្នា។ ឧទាហរណ៍៖ ចាំ​ដល់​ផ្លូវបែក​ខាងមុខ សឹម​យើង​ចាក​គ្នា, តាំងពី​ខ្ញុំ​ចាក​អំពី​ភូមិកំណើត​នេះ​ទៅ ២០ឆ្នាំ​ហើយ ខ្ញុំ​ទើបនឹង​មក​ឃើញ​ស្រុក​វិញ​ក្នុងថ្ងៃនេះ​ឯង។

ទី២) ពាក្យ«ចាក់» ជា​កិរិយាសព្ទ​មានន័យថា បុះ​ដោយ​គ្រឿង​ប្រហារ​មានមុខ​ស្រួច។ យកអ្វីៗក្រៅ​អំពី​គ្រឿង​ប្រហារ​បុះ ឬ​រុក។ ឧទាហរណ៍៖ ចាក់ក្រឡេក, ចាក់ប្រឡែង...។ ម្យ៉ាងទៀត មានន័យថា រលាក់​អ្វីមួយ​ចេញពី​ក្នុង​អ្វីមួយ​ដាក់​ទៅក្នុង, ទៅលើ​វត្ថុ ឬ​ទីកន្លែង​ផ្សេង។ ឧទាហរណ៍៖ ចាក់ទឹក, ចាក់សំរាម។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com