ពីនេះ ពីនោះ
ជ្រើស​យក​ការងារ​ឬ​មុខរបរ​មួយ ត្រូវ​ពិចារណា​លើ​លក្ខខណ្ឌ​អ្វីខ្លះ?
03, Jun 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

ដើម្បី​ជ្រើសរើស​មុខរបរ ឬ​ការងារ​មួយ​ដែល​ល្អ​សម្រាប់​អនាគត​របស់ខ្លួន អ្នក​គប្បី​ពិចារណា​លើ​លក្ខខណ្ឌ​ដូចខាងក្រោម៖



១/ សមត្ថភាព​វិជ្ជាជីវៈ៖ ត្រូវ​យល់​និង​ស្គាល់​ពី​ជំនាញ​ឯកទេស​របស់ខ្លួន​ឲ្យ​បាន​ច្បាស់​ជាមុន និង​ត្រូវ​ប្រាកដប្រជា​ខ្លួនឯង​ថា ខ្លួនឯង​អាចធ្វើ​អ្វី​បាន​ខ្លះ? ធ្វើបាន​ក្នុង​កម្រិត​ណាខ្លះ? មានបទបិសោធន៍​កម្រិត​ណា​ក្នុង​មុខជំនាញ​នោះ? ព្រោះ​ប្រសិនជា​ធ្វើ​ការងារ​មិនត្រូវ​នឹង​មុខជំនាញ នោះ​នឹង​នាំ​ឲ្យ​អ្នកធ្វើ​ការមិន​រីកចម្រើន ហើយ​ឈានដល់​បរាជ័យ​ទៀតផង។

២/ ឧបនិស្ស័យ ឬ​ចំណង់​ចំណូលចិត្ត៖  ត្រូវ​ពិចារណា​លើ​និស្ស័យ​ពី​កំណើត និង​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន ព្រោះ​អ្វីដែល​យើង​ចង់ គឺ​ធ្វើ​ឲ្យ​យើង​មានលទ្ធភាព។ ប្រសិនជា​យើង មិន​ចង់ គឺ​មិន​អាចធ្វើ​បានឡើយ។ ជាពិសេស ត្រូវ​ពិចារណា ថា​តើ​មុខជំនាញ មុខរបរ​ឬ​ការងារ​ដែល​យើង​ជ្រើស​រើសយក​នោះ ស្រប​នឹង​និស្ស័យ​របស់​យើង​ឬទេ។

៣/ ប្រភពធនធាន៖ ត្រូវ​ចេះ​ប្រមាណ​មើល​ពី​ប្រភពធនធាន​ដែល​យើង​មាន ធៀប​នឹង​វិជ្ជាជីវ ឬ​មុខរបរ ដែល​យើង​បម្រុង​នឹង​ជ្រើស​យក ថា​តើ​អាចទៅរួច​ឬ​អត់។ ប្រភពធនធាន​ដែល​ត្រូវ​ពិចារណា គឺ​គិតពី​សមត្ថភាព ចំណេះដឹង កម្រិត​បច្ចេកទេស ថវិកា សុខភាព និង​ពេលវេលា​ផងដែរ ថា​តើ​យើង​អាច​ទ្រាំទ្រ​ការងារ​នោះបាន​ឬទេ? ប្រសិនជា​បាន តើ​នៅក្នុង​កម្រិតណា? 

៤/ ច្បាប់សង្គម ឬ​ឧ​ត្ត​ម​គតិ​សង្គម៖
  គ្រប់​ការងារ​ដែល​យើង​មានលទ្ធភាព​ធ្វើបាន ហើយ​យើង​គ្រោង​នឹង​ជ្រើស​រើសយក​ការងារ ឬ​មុខរបរ​ដែល​ស្របច្បាប់ និង​ស្រប​នឹង​ឧ​ត្ត​គតិ​សង្គម ទើប​ការងារ ឬ​មុខរបរ​នោះ​មាន​ស្ថិរភាព និង​រីកចម្រើន។ ប្រសិនជា គេ​ប្រកបមុខរបរ ឬ​ធ្វើ​ការងារ​ណាមួយ​មិន​ស្របច្បាប់ ផ្ទុយ​ពី​ឧ​ត្ត​ម​គតិ​សង្គម នោះ​នឹងត្រូវ​សង្គម​ដាក់ទោស ហើយ​វា​នឹង​នាំ​ឲ្យ​មាន​ផលវិបាក​អាក្រក់​ទៅវិញ។

៥/ ស្ថានភាព​សង្គម ឬ​ស្ថានភាព​ទីផ្សារ៖  ដើម្បី​ឲ្យ​ការងារ ឬ​មុខរបរ​រីកចម្រើន​បន្ថែម​ពីលើ​លក្ខខណ្ឌ​ខាងលើ យើង​ត្រូវ​សិក្សា​ពី​តម្រូវការ​របស់​ទីផ្សារ ឬ​តម្រូវការ​នៃ​ការផ្គត់ផ្គង់​ថែមទៀត។ បើ​ពុំ​ដូច្នេះ​ទេ យើង​ពុំ​អាច​សម្រេច​គោលដៅ​នៃ​ជីវិត​បានឡើយ ព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​តម្រូវការ​កម្លាំង​ពលកម្ម​លើ​ទីផ្សារ ក៏ដូចជា​តម្រូវការ​កា​រ​ផ្គត់ផ្គង់​តែងតែ​ប្រែប្រួល និង​មានការ​វិ​វដ្ត​ទៅមុខ​ជានិច្ច។ ដូចនេះ​យើង​បង្កើន​សមត្ថភាព​របស់​ខ្លួន ដើម្បី​ឲ្យ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ​បច្ចុប្បន្ន​ជា​ប្រការ​ចាំបាច់​បំផុត៕

ប្រភព៖ ដកស្រង់​ពី​វប្បធម៌​ទូទៅ​ភាគ១



© រក្សាសិទ្ធិដោយ thmeythmey.com