ពីនេះ ពីនោះ
នៅក្នុងប្រទេសរំដួល ក្រុមហ៊ុនត្រឹមត្រូវស្របច្បាប់ជាអ្នករងគ្រោះ
×
នៅក្នុងប្រទេសនិតិរដ្ឋគោរពច្បាប់ ក្រុមហ៊ុនគ្រប់ប្រភេទ មិនថា តូច ឬធំទេ ត្រូវតែចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទាំងអស់គ្នា។ សូម្បីតែបើកលក់បារីមួយធុង ក៏ត្រូវតែចុះបញ្ជីដែរ។ និយាយអោយខ្លី មានន័យថា គ្មានអ្នកធ្វើជំនួញមួយណាអាចគេចផុតពីសំណាញ់នៃច្បាប់បានឡើយនៅក្នុងប្រទេសគោរពច្បាប់។ ប៉ុន្តែ នៅក្នុងប្រទេសរំដួលវិញ ក្រុមហ៊ុនណាដែលចុះបញ្ជីស្របច្បាប់ ច្រើនតែរងគ្រោះគ្រប់បែបយ៉ាង ដូចជា ត្រូវបង់ពន្ធនាំចូល បង់ពន្ធលើប្រាក់ចំណេញ បង់ពន្ធលើប្រាក់ខែបុគ្គលិក និងបង់ពន្ធលើសេវាផ្សេងៗដទៃទៀត។
តែចំពោះគ្រប់ហ៊ុន ឬសហគ្រាសដែលមិនចុះបញ្ជីវិញ ពួកគេមួយចំនួនហាក់បីដូចជាមិនជាប់កាតព្វអ្វីទាំងអស់។ នេះហើយគឺជាការប្រកួតប្រជែងមិនស្មើភាពនៅក្នុងប្រទេសរំដួល។ ម្យ៉ាងទៀត អ្វីដែលអយុត្តិធម៌សម្រាប់ក្រុមហ៊ុនមួយចំនួននោះ គឺថា សមត្ថកិច្ចពន្ធដារ ឬគយនៃប្រទេសរំដួលចុះឆែកឆេក្រុមហ៊ុន ឬសហគ្រាសដោយប្រកាន់បក្សពួក។ ក្រុមហ៊ុន ឬសហគ្រាសណាជាបក្សពួករបស់ពួកគេ ពួកគេមិនសូវឆែកឆេទេ។ នរណាដែលមិនមែនជាបក្សពួក ឬជាខ្សែរបស់ពួកគេ អ្នកនោះគឺជាមុខព្រួញដែលគេត្រូវតែប្រមាញ់ដើម្បី«កៀបស៊ី»៕
© រក្សាសិទ្ធិដោយ thmeythmey.com