ពីនេះ ពីនោះ
ស្វា កន្ទុយ​ស ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក
07, Jun 2015 , 2:22 pm        
រូបភាព
ដោយ: ថ្មីៗ

ភិនភាគ៖ ស្វា​កន្ទុយ​ស​ជា​ប្រភេទ​ពានរ​ដែលមាន​ពណ៌​សម្បុរ​ឆើត​ខុសប្លែក​ពី​ប្រភេទ​ស្វា​ដទៃទៀត ដែលមាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា។ សត្វ​ឈ្មោល​ជាទូទៅ​មាន​មាឌធំ​ជាង​សត្វ​ញី ចំណែកឯ​រូបរាង​របស់​វា​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​កំណត់ចំណាំ​ណាស់​ដោយសារ​ពណ៌​របស់​វា និង​មាន​រោម​ក្រាស់​ដុះ​ពេញ​លើ​ដងខ្លួន។ ផ្នែក​មុខ​មាន​ពណ៌​ត្នោត​ខ្ចី កន្ទុយ​មាន​ពណ៌​លឿង​ស្រាល​ដោយមាន​រោមវែងៗពណ៌​ដុះ​ព័ទ្ធជុំវិញ លើកលែងតែ​ជុំវិញ​រង្វង់​ភ្នែក​ទាំងពីរ​មាន​ពណ៌​ពងមាន់។ ដងខ្លួន​មាន​ពណ៌​ប្រផេះ ចំណែកឯ​ផ្នែក​ខាងក្រោម​នៃ​ដងខ្លួន​មាន​រោម​ប្រផេះ​ស្រាល ហើយ​នៅលើ​ថ្ងាស និង​ផ្នែក​ខាងមុខ​មាន​រោម​ពណ៌​ខ្មៅ។



ជី​វិ​សាស្ត្រ៖ ជារឿយៗ វា​ចូលចិត្ត​រស់នៅ​ជា​ក្រុម​តាម​ដើមឈើខ្ពស់ៗ នៅក្នុង​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង។ វា​រស់នៅ​ជា​ក្រុម​ដែលមាន​ចំនួន​រហូតដល់​ជាង១០ក្បាល ដោយមាន បា មេ និង​កូន ជួនកាល​ក្រុម​របស់​វា​មាន​ច្រើន​រហូតដល់៣០ក្បាល។ ចំណីអាហារ​ប​ស់វា​មានដូចជា​គ្រាប់​ធញ្ញជាតិ (កូទីលេដុង) ត្រួយ​ឈើ ផ្កាឈើ និង​ផ្លែឈើ។ នៅពេល​មានការ​គំរាមកំហែង ឬ​ការរំខាន​ណាមួយ​ពី​សកម្មភាពផ្សេងៗ វា​តែងតែ​បន្លឺសំលេង​ជាស​ញ្ញា​ឲ្យ​គ្នា​វា​គេ​ចរក​កន្លែង​សម្ងំ​លាក់ខ្លួន​នៅលើ​ចុងឈើខ្ពស់។ ឈ្មោល​ជា​មេក្រុម​គ្រប់គ្រង​ស្វា​ញី​ក្នុង​ហ្វូង​របស់​វា។

រប៉ាយ​រស់នៅ៖ ស្វា​កន្ទុយ​សមាន​វត្តមាន​នៅ​ភាគ​ខាងកើត​ទន្លេមេគង្គ នៃ​តំបន់​ខ្ពង់រាប​ខាងកើត និង​ឦ​សាន្ត​ប្រទេស​កម្ពុជា។ តាម​ការស្រាវជ្រាវ​បានបង្ហាញ​ពី​វត្តមាន​អំបូរ​ប្រភេទ​នេះ​មាន២ អនុ​ប្រភេទ​ទៀត​នៃ​ប្រភេទ​ស្វា​កន្ទុយ​ស ជើង​ប្រផេះ (Grey-shanked Douc Langur) និង​ស្វា​កន្ទុយ​ស​ជើង​ក្រហម (Red-shanked Douc Langur) នៅ​ឥណ្ឌូចិន ប៉ុន្តែ​មិនទាន់មាន​ទិន្នន័យ​គ្រប់គ្រាន់​ក្នុងការ​កំណត់​អំពី​ប្រភេទ និង​រប៉ាយ​ច្បាស់លាស់​នៅឡើយ​ទេ។

ស្ថានភាព​អភិរក្ស៖
ស្វា​កន្ទុយ​ស​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (CR) ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក និង​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ឧ​បស​ម្ព័​ន ១ នៃ​អនុសញ្ញា CITIES។ ចំនួន​ស្វា កន្ទុយ​សមាន​ការថយចុះ ដោយសារ​ការបាត់បង់ ទីជម្រក និង​ការ​បរបាញ់៕




© រក្សាសិទ្ធិដោយ thmeythmey.com