ជាតិ
ពីនេះ ពីនោះ
ប្រទេសរំដួល៖ ដោះស្លាកលេខរដ្ឋ បំពាក់ស្លាកលេខធម្មតាសិន
× កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសរំដួល លោក មាណព បានចេញបញ្ជាដល់មន្ត្រីដែលកាន់កាប់រថយន្តដែលបំពាក់ស្លាកលេខរដ្ឋ មិនឲ្យពួកគេប្រើប្រាស់រថយន្តទាំងនោះក្រៅពីការងាររដ្ឋ និងត្រូវប្រើប្រាស់រថយន្តទាំងនោះដោយសេចក្តីថ្លៃថ្នូរ។ តែនៅមានមន្ត្រីមួយចំនួននៅមិនទាន់គោរពបញ្ជានោះឡើយ ហើយបានព្យាយាមរកល្បិចកលប្រើប្រាស់រថយន្តរដ្ឋដើម្បីប្រយោជន៍ផ្ទាល់ទៀតផង។
សារព័ត៌មានរស្មីរំដួលនៃក្នុងប្រទេសរំដួលបានផ្សាយឲ្យដឹងថា មន្ត្រីមួយចំនួនតូចដែលមានចរិតមិនស្មោះត្រង់ ហើយដែលចង់ប្រើប្រាស់រថយន្តរដ្ឋ បានដោះស្លាកលេខរដ្ឋចេញនៅថ្ងៃចុងសប្តាហ៍ ដោយបំពាក់ស្លាកលេខធម្មតាវិញ ដើម្បីពួកគេអាចប្រើប្រាស់រថយន្តរដ្ឋដែលប្រើប្រាស់ប្រេងសាំងរបស់រដ្ឋ។ ពេលខ្លះក្រោមលេសបេសកកម្ម រថយន្តរដ្ឋក៏ត្រូវបានប្រើប្រាស់ដដែល។
សារព័ត៌មានប្រចាំប្រទេសនេះដដែលសរសេរបន្តថា បើទោះបីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចណែនាំដល់អ្នកប្រើប្រាស់រថយន្តរដ្ឋឲ្យបើកបរដោយគោរពស្លាកសញ្ញាចរាចរណ៍ ដោយសេចក្តីថ្លៃថ្នូរក៏ដោយ តែបញ្ជានេះមិនបានជ្រាបចូលដល់ក្បាលអ្នកកាន់ចង្កូតរថយន្តដែលជាអ្នកបើកបររបស់មន្ត្រីឡើយ ពិសេសនៅពេលដែលពួកគេបើកបរ ដោយគ្មានចៅហ្វាយនៅអង្គុយពីក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com