ពីនេះ ពីនោះ
វិធីខ្លះៗជួយ​កាត់បន្ថយ​ការនឿយហត់​ភ្នែក​ដោយសារ​កញ្ចក់​កុំព្យូទ័រ
10, Jun 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ


ជាការ​ពិតណាស់ យើង​មិនអាច​សម្លឹងមើល​កញ្ចក់​កុំព្យូទ័រ​ពេញ​មួយថ្ងៃ​នោះទេ ប៉ុន្តែ​ជួនកាល ការធ្វើការ​នៅមុខ​ឧបករណ៍​នេះ គឺជា​រឿង​មិនអាច​គេចផុត​ឡើយ។ ការ​អង្គុយ​ធ្វើការ​យូរ​ម៉ោង​ពេក​នៅមុខ​កុំព្យូទ័រ​បង្ក​នូវ​បញ្ហា​មួយចំនួន​ដូចជា កែវភ្នែក​ស្ងួត រលាក​កែវភ្នែក​ឈឺក្បាល និង ស្រវាំងភ្នែក។ ខាងក្រោម​នេះ ជា​ដំបូន្មានខ្លះៗដែល​អាច​កាត់បន្ថយ​ការនឿយហត់​ភ្នែក​បាន៖


•    អ្នក​ត្រូវដាក់​កុំព្យូទ័រ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ចម្ងាយ​ពី ៥០ ទៅ ៦០ ស.ម។ ពិតណាស់ ត្រូវ​ធានាថា អ្នក​នៅ​អាច​អាន​អក្សរ​លើ​កញ្ចក់​កុំព្យូទ័រ​បាន។ តែ​ត្រូវ​ចាំ​ថា កាន់តែ​ឆ្ងាយ កាន់តែ​ល្អ។ ម្យ៉ាងទៀត ផ្នែក​ខាងលើ​នៃ​កញ្ចក់​ត្រូវ​ស្ថិតនៅ​កម្រិត​ស្មើនឹង​ភ្នែក​របស់​អ្នក។

•    ត្រូវ​ឧស្សាហ៍​មើល​របស់ផ្សេងៗដែល​នៅ​ជុំវិញខ្លួន ១៥ វិនាទី រៀងរាល់ ១៥ នាទី​ម្តង។

•    បើសិនជា​អ្នក​ត្រូវ​មើល​ឯកសារ​បណ្ដើរ ធ្វើការ​នៅលើ​អេក្រង់​បណ្ដើរ អ្នក​គួរតែ​ប្រើ​តង្កៀប​គាប​ឯកសារ​នោះ​នៅលើ​Moniteur ដើម្បី​ជៀសវាង​ភ្នែក​របស់​អ្នក​ត្រូវ​ខំ​ចាប់​គោលដៅ​ជានិច្ច។

•    បើសិនជា​អ្នក​យល់ថា ភ្នែក​របស់​អ្នក​ស្ងួត​អ្នក​គួរតែ​ទម្លាក់​អេក្រង់​ឲ្យ​ទាប​ជាង​ភ្នែក​របស់​អ្នក​បន្តិច។ ដូច្នេះ អ្នក​អាច​ព្រិច​ភ្នែក​ញឹកញាប់​ជាង​មុន ហើយ​ភ្នែក​របស់​អ្នក​ក៏មាន​សំណើម​ជាង​មុន​ដែរ។ប៉ុន្តែ បើ​អ្នក​មិនអាច​ទម្លាក់​កម្រិត​អេក្រង់​បានទេ អ្នក​គួរតែ​ព្រិច​ភ្នែក​ឲ្យ​បាន​ញឹកញាប់។

•    ជៀសវាង​ចំណាំងផ្លាត​នៃ​ពន្លឺ​ទៅលើ​កញ្ចក់​កុំព្យូទ័រ៕




© រក្សាសិទ្ធិដោយ thmeythmey.com