ពិភពតារា៖ នាយ​តឹង ជិះ​ម៉ូតូ៩០គីឡូម៉ែត្រ មក​សម្តែង​កំប្លែង​នៅ​ភ្នំពេញ
12, Jun 2015 , 10:33 am        
រូបភាព
ដោយ:

ភ្នំពេញ៖តារា​កំប្លែង​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​តាមរយៈ​កម្មវិធី​ទូរទស្សន៍​ជាតិ​កម្ពុជា​នាយ​តឹង បាន​ប្រើ​ជីវិត​ប្រឡូក​ក្នុង​អាជីព​កំប្លែង​អស់​រយៈពេល​ជាង៨ឆ្នាំ ដោយ​ជួប​ការលំបាក​យ៉ាងច្រើន​ដ្បិតអី​ត្រូវ​ជិះ​ម៉ូតូ​មក​សម្ដែង​កំប្លែង​នៅ​ភ្នំពេញ​ក្នុង​រយៈ​ចម្ងាយ​ជិត៩០គីឡូម៉ែត្រ​ខណៈពេល​មានកម្ម​វិធី​សម្ដែងម្ដងៗនៅតាម​កម្មវិធី​ទូរទស្សន៍ម្តង។



នាយ​តឹង​ដែលមាន​ឈ្មោះ​ពិត​ប្រាកដថា​សួង​ហ៊ុន បាន​ចូលប្រឡូក​សិល្បៈ​ជាង៨ឆ្នាំ​មកហើយ​ប៉ុន្តែ​នាយ​ទើបតែនឹង​ចូលមក​សម្ដែង​កំប្លែង​នៅ​ភ្នំពេញ​កាលពី៦ឆ្នាំ​មុននេះ​ប៉ុណ្ណោះ​ខណៈ​រយៈពេល​នៅសល់​នាយ​សម្ដែង​នៅក្នុង​ស្រុកកំណើត និង​ឆ្លៀតពេល​បានធ្វើ​ស្រែចំការ​ផងដែរ។

នាយ​តឹង​បាន​ត្អូញត្អែរថា​ក្នុង​រយៈពេល​កន្លងមក​នេះ​នាយ​ជួប​ការលំបាក​ច្រើន​ដ្បិតអី​ត្រូវ​ជិះ​ម៉ូតូ​មក​សម្ដែង​កំប្លែង​នៅ​ភ្នំពេញ​ក្នុង​រយៈ​ចម្ងាយ​ជិត៩០គីឡូម៉ែត្រ​ខណៈពេល​មានកម្ម​វិធី​សម្ដែងម្ដងៗនៅតាម​កម្មវិធី​ទូរទស្សន៍​នាយ​ត្រូវ​ជិះ​ម៉ូតូ​មក​មុន​មួយថ្ងៃ​ដោយ​សម្រាក​នៅផ្ទះ​ជួល។ នាយ​តឹង​ប្រាប់ថា​អាជីព​របស់​នាយ​ជោរ​នាជ​ដូច​ទឹកសមុទ្រ​គឺ​រដូវប្រាំង​ទើប​មាន​ការងារ​សម្ដែង​ច្រើន​នៅតាម​ពិធី​រៀប​មង្គលការ​នានា​រួមទាំង​ការចេញ​សម្ដែង​នៅតាម​បណ្ដា​ខេត្ត​ផង។ ប៉ុន្តែ​សម្រាប់​រដូវវស្សា​វិញ​គឺ​ស្ងប់ស្ងាត់​មិនសូវ​ទទួលបាន​ការសម្តែង​ផុសផុល​ដូចរ​ដូច​ប្រាំង​នោះទេ។ដូច្នេះហើយ ជា​ជំនួស​មកវិញ​គឺ​នាយ​ត្រូវ​ងាក​មករក​ការងារ​ធ្វើស្រែ​ចម្ការ ដែលជា​របរ​តាំងពីណា​ពី​ណី​មកវិញ។ ទោះយ៉ាងណា​នាយ​តឹង​ប្រាប់ថា​ពេញ​មួយ​រដូវប្រាំង​ដែលជា​រដូវ​សម្បូរ​ដោយ​ពិធី​រៀប​មង្គលការ​និង​ការងារ​សម្ដែង​ជាច្រើន​ទៀត​នោះ​គឺ​នាយ​អាច​រកចំណូលបាន​ប្រមាណ​ជា៤-៥ពាន់​ដុល្លារ​ដែរ ក្នុង​មួយ​រដូវ។

នាយ​តឹង​មានឈ្មោះ​ពិតប្រាកដ​ថា​សួង​ហ៊ុន មាន​ស្រុកកំណើត​នៅ ភូមិ​ព្រៃ​ក​ញ្ចា​ន់ ឃុំ ភា​រី​មានជ័យ ស្រុក​ប​សែត ខេត្ត កំពង់ស្ពឺ។ នាយ​បាន​រៀបការ​នៅ​ឆ្នាំ២០០៥ ភរិយា​ឈ្មោះ សុង សុ​ច័ន្ទ​មានកូន​ក្នុងបន្ទុក​ចំនួន​ពីរ​នាក់​ហើយ​ក្នុងនោះ​កូនប្រុស​អាយុ៧ឆ្នាំ​រីឯ​កូនស្រី​អាយុ៤ឆ្នាំ។ទោះយ៉ាងណា​នាយ​តឹង​ប្រាប់ថា​នាយ​មិនទាន់​មើលឃើញថា កូន​ទាំងពីរ​របស់​នាយ​មាន​ទេពកោសល្យ​ខាង​សិល្បៈ​កំប្លែង​ដូច​នាយ​នៅឡើយ។តែបើ​ទៅមុខទៀត​ពួកគេ​បាញ់​ឆ្ពោះ​មក​ផ្លូវ​ជាមួយ​នាយ​ដែរ​នាយ​នឹង​ប្រឹង​បណ្ដុះបណ្ដាល​បន្ថែម៕


© រក្សាសិទ្ធិដោយ thmeythmey.com