កីឡាជាតិ
ជាតិ
នា​ជំនួប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Ohara មិនទាន់​បញ្ចូល​កីឡាករ​ឆ្នើម​នៅ​ឈុត​ស៊ី​ហ្គេម​ឡើយ
12, Jun 2015 , 2:06 pm        
រូបភាព
លោក Ohara និងប្រធានក្រុម គួច សុគម្ភៈ នា​សន្និសីទសារព័ត៌មាន
លោក Ohara និងប្រធានក្រុម គួច សុគម្ភៈ នា​សន្និសីទសារព័ត៌មាន
ដោយ: រួបរួម
លោក Kazunori Ohara គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើស​កម្ពុជា បាន​អះអាងថា ការបញ្ចូល​កីឡាករ​ឈុត​ស៊ី​ហ្គេម​ដ៏​មាន​សក្តានុពល​មួយចំនួន មិនទាន់​អាចទៅរួច​នោះឡើយ សម្រាប់​ជំនួប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ថ្ងៃទី១៦ ខែមិថុនា ខាងមុខ។ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កម្ពុជា​ចាញ់​ក្រុម​ភ្ញៀវ​សឹង្ហ​បុរី ៤-០ នា​ការប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ដោយមាន​អ្នកគាំទ្រ​ប្រមាណ៦ម៉ឺន​នាក់។




«ការបញ្ចូល​កីឡាករ​មួយចំនួន​ពី​ឈុត​ស៊ី​ហ្គេម​ដាក់​ទៅ​ក្រុម​ជម្រើសជាតិ​សម្រាប់​ជំនួប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ថ្ងៃ​អង្គារ ខាងមុខ​ពិតជា​មិនអាច​ទៅរួច​ឡើយ»។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Kazunori Ohara គ្រូបង្វឹក​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា នា​ស​ន្នី​សីទ​សារព័ត៌មាន​បន្ទាប់​កម្ពុ​ជា​បាន​រង​បរាជ័យ ៤-០ ដោយសារ​ក្រុម​ភ្ញៀវ​សឹង្ហ​បុរី នា​ការប្រកួត​បើកឆាក​ពូ​ល E នៃ​ព្រឹត្តិការណ៍​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី​នៃ​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើមពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៨ ។

លោក Ohara បាន​លើកឡើងថា វា​ជា​ពេលវេលា​ដ៏​ប្រថុចញ៉ុច​មួយ​ក្នុងការ​ដាក់បញ្ចូល​កីឡាករ​មួយចំនួន​ក្នុង​ឈុត​ស៊ី​ហ្គេម​សម្រាប់​ការប្រកួត​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន។ ក្រុម​កីឡាករ​ឈុត​ស៊ី​ហ្គេម បាន​បំពេញភារកិច្ច​យ៉ាង​មមាញឹក​នៅក្នុង​ប្រទេស​សឹង្ហ​បុរី និង​ការធ្វើដំណើរ​មក​កម្ពុជា​វិញ ដូច្នេះ​នា​រយៈពេល​តែ៣ ទៅ៤ថ្ងៃ​ចុង​ក្រោយនេះ ពួកគេ​ត្រូវការ​សម្រាក និង​ម្យ៉ាងទៀត ពួកគេ​មិនអាច​សម្រប​តាម​ទម្រង់​លេង​ដែល​ក្រុម​បានរៀបចំ​នោះឡើយ។ នេះ​បើតាម​ការអះអាង​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន។

នា​ការប្រកួត​បើកឆាក​ពូ​ល E នៃ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី​នៃ​ព្រឹត្តិការណ៍ World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​សឹង្ហ​បុរី​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ កម្ពុជា​ទទួលបាន​អ្នកគាំទ្រ​ប្រមាណ៦ម៉ឺន​នាក់ ដែលជា​កំណត់ត្រា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកគាំទ្រ​កម្ពុជា​បានទទួល​រង​នូវ​ការខកចិត្ត បន្ទាប់ពី​សឹង្ហ​បុរី បាន​ទម្លាយ​សំណាញ់​កម្ពុជា​បី​គ្រាប់​នៅ​តង់​ទីមួយ និង​មួយ​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ ដើម្បី​ទទួលបាន៣ពិន្ទុ​ដ៏​សំខាន់។

លោក Ohara បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុម​របស់លោក​បាន​យល់ច្បាស់​ពី​ទម្រង់​លេង​របស់​សឹង្ហ​បុរី ប៉ុន្តែអ្វីៗមិនបាន​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​នោះឡើយ ជាពិសេស​បន្ទាប់ពី​ខ្សែប្រយុទ្ធ Khairul Amri រក​គ្រាប់​បាល់​ទីមួយ​ឲ្យ​សឹង្ហ​បុរី​នៅត្រឹម​នាទី ទី៩ ។

ជាមួយគ្នានេះ​ផងដែរ ក្រៅពី​ការសុំ​ទោស​អ្នកគាំទ្រ​ដែលមាន​ចំនួន​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា គួច សុគ​ម្ភៈ បាន​អះអាងថា កីឡាករ​ទាំងអស់​បាន​ប្រើ​សមត្ថភាព​របស់ខ្លួន​អស់ហើយ ប៉ុន្តែ​នៅតែ​ទទួលរង​បរាជ័យ។ គួច សុគ​ម្ភៈ បាន​សន្យាថា ក្រុម​ទាំងមូល​នឹង​ខំប្រឹងប្រែង​បន្ត​សម្រាប់​ការប្រកួត​ជា​បន្តបន្ទាប់​ទៀត។

សម្រាប់​លោក Bernd Stande គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​សឹង្ហ​បុរី កម្ពុជា​ទទួលបាន​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​លើ​ចំនួន​អ្នកគាំទ្រ​ដ៏​លើសលុប ប៉ុន្តែ​ចំពោះ​ការប្រកួត​នៅលើ​ទីលាន លោក​បាន​មើលឃើញថា ក្រុម​របស់លោក​បាន​គ្រប់គ្រង​ការប្រកួត​ទាំងមូល ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន៤គ្រាប់ រួមទាំង​ការបង្កើត​ឱកាស​មួយចំនួន។

គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់​រូបនេះ បាន​លើកឡើងថា ការទទួលបាន​បី​ពិន្ទុ​នៅ​កម្ពុជា ពិតជា​សំខាន់បំផុត ខណៈ​ការប្រកួត​ជា​បន្តបន្ទាប់​ក្រុម​របស់លោក​ត្រូវធ្វើ​ដំណើរ​ទៅ​ប៉ះ​ក្រុម​ខ្លាំង​ជប៉ុន និង​ស៊ី​រី។

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ដែល​សឹង្ហ​បុរី យកឈ្នះ​ម្ចាស់ផ្ទះ​កម្ពុជា ៤-០ នោះ ស៊ី​រី បាន​បំបាក់​អា​ហ្វ​ហ្គា​នី​ស្ថាន ៦-០ នៅ​កីឡដ្ឋាន Samen Stadium ប្រទេស​អ៊ីរ៉ង់​ដែលជា​ទឹកដី​កណ្តាល។ នៅ​ថ្ងៃទី១៦ ខែមិថុនា កម្ពុជា​បើក​ពហុ​កីឡដ្ឋាន​ជាតិ​ជា​លើក​ទី​ពីរ​ដើម្បី​ទទួលភ្ញៀវ​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ជប៉ុន​បើក​ការប្រកួត​ពូ​ល E លើកដំបូង ដោយ​ស្វាគមន៍​ក្រុម​សឹង្ហ​បុរី៕





© រក្សាសិទ្ធិដោយ thmeythmey.com