ពីនេះ ពីនោះ
យុវជន​ខ្មែរ​ប្រើពាក្យ “ឡូយ” ដោយ​មិនដឹង​ពី​អត្ថន័យ​ពិត?
15, Jun 2015 , 1:14 pm        
រូបភាព
ដោយ: ថ្មីៗ

 
អក្សរសាស្ត្រ​គឺជា​អត្តសញ្ញាណ​ជាតិ​មួយ ក្នុងចំណោម​អត្តសញ្ញាណ​ដទៃទៀត។ មាន​ប្រទេស​មួយចំនួន គេ​បាន​យក​អក្សរសាស្ត្រ របស់គេ​ទៅ​ផ្សព្វផ្សាយ​ដើម្បី​ពង្រីក​ឥទ្ធិពល និង​ភាពរឹងមាំ​ផ្នែក​អក្សរសាស្ត្រ។ ភាសា​អង់គ្លេស ចិន បារាំង រុស្សី និង​អារ៉ាប់​ជាដើម​គឺ​សុទ្ធសឹង​ជា​ភាសា​ដែល​គេ​ស្គាល់​នៅ​ទូទាំង​ពិភពលោក ព្រោះ​គេ​បាន​យក​ភាសា​ទាំងនេះ​ទៅប្រើ​ជា​ផ្លូវការ​ក្នុង​អង្គការសហប្រជាជាតិ។



ដោយឡែក​កម្ពុជា​វិញ មនុស្ស​ស្ទើរ​គ្រប់​ស្រទាប់វណ្ណៈ​នៅក្នុង​សង្គម​ខ្មែរ បាន​ប្រើពាក្យ​ខ្មែរ​ដោយ​មិនដឹង​ពី​អត្ថន័យ​ពិតប្រាកដ។ ការប្រើ​ពាក្យ​ខុស​វាសបញ្ជាក់​ពី​ការមិន​យកចិត្ត​ទុក​ចំពោះ អក្សរសាស្ត្រ​ជាតិ​របស់ខ្លួន។

ការមិន​ជួយ​ផ្សព្វ​ជា​រឿង​មួយ តែ​ការដែល​មិន​យកចិត្តទុកដាក់​គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ។  បារម្ភ​ត្រង់​ថា ជនជាតិខ្មែរ លែង​ស្គាល់​អ្វី​ជា​របស់​ខ្មែរ។ បើ​នៅតែ​បែបនេះ នោះ​ខ្មែរ​នឹង​បាត់​នូវ​អត្តសញ្ញាណ​បន្តិចម្តងៗរហូតដល់​បាត់បង់​ទាំងស្រុង​នៅ​ថ្ងៃ​ខាងមុខ។ ក្នុងនោះ​មាន​ពាក្យ​ដែល​ពេញនិយម​ជាងគេ​នៅក្នុង​សង្គម​គឺ​ពាក្យ “ឡូយ” ដែល​បាន​ផុស​ឡើង​ពី​សំណាក់​អ្នកកំប្លែង ពិធីករ ពិធីការនី និង​ពី​សំណាក់​មហាជន។ ពាក្យ “ឡូយ” ដែល​អ្នក​និយាយ​ចង់​សំដៅលើ​ភាព​អស្ចារ្យ ឬ​ភាព​ហ៊ឺហា​របស់​មនុស្ស។ 
ពាក្យ​នេះ​ត្រូវ​ប្រើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន រហូតដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ខ្លះ​បង្កើត​កម្មវិធី​ឡូយ៩ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ទូទាំងប្រទេស។

ដូច្នេះ​ចាប់ពីពេលនេះ​តទៅ ដល់ពេល​ហើយ​ដែល​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​អាក្រក់​ទាំងនេះ ដោយ​ខិតខំ​ប្រើពាក្យ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​យើង​ជាជនជាតិខ្មែរ ដើម្បី​ថែរក្សា​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ។  សូមបញ្ជាក់ថា តាម​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត ពាក្យ ឡូយ ( គុ. ឬ កិ. វិ. ) ពាក្យ​សាមញ្ញ​ទំនើប​ថ្មី​ប្រើ​កាត់​ខ្លី​មកពី​ពាក្យ ឡូយថូយ សំដៅ​សេចក្ដី​ថា “ផ្តាស, ផ្ដេសផ្ដាស” : មនុស្ស​ឡូយ, គំនិត​ឡូយ; កុំ​ឡូយ​ពេក ! (ម. ព. ឡូយថូយ ផង) ៕

ពី​ខ្ញុំ រ៉ឹ​ម ភា​រី និស្សិត​ទស្សនវិជ្ជា​ឆ្នាំ​ទី៤ (RUPP)



© រក្សាសិទ្ធិដោយ thmeythmey.com