ពីនេះ ពីនោះ
អារម្មណ៍​ប្រចណ្ឌ និង អារម្មណ៍​ច្រណែន​ផ្សេងគ្នា​ដូចម្តេច?
16, Jun 2015 , 8:19 am        
រូបភាព
 
ការ​ប្រចណ្ឌ និង​ការ​ច្រណែន ជា​អារម្មណ៍ និង​ចិត្តសាស្ត្រ​ពីរ​ផ្សេងគ្នា តែ​មនុស្ស​មួយចំនួន​នៅតែ​យល់ច្រឡំ ។ ថ្ងៃនេះថ្មីៗសូម​បកស្រាយ​នៅ​ពាក្យ​ទាំងពីរ​នេះ​ដែល​សម្តែង​ពី​អារម្មណ៍​ពីរ​ផ្សេងគ្នា ជូន​ប្រិយមិត្ត។ ការបកស្រាយ​នេះ​មិន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​អក្សរសាស្ត្រ​ទេ តែ​ជាការ​ពន្យល់​បែប​ទស្សន​វិទ្យា និង​ចិត្ត​វិទ្យា។



ការ​ប្រចណ្ឌ (Jealousy)កើតចេញពី​ក្តី​ស្រឡាញ់ បើ​មិន​ស្រឡាញ់​គឺ​មិន​ប្រចណ្ឌ។ ចំណែកឯ​ការ​ច្រណែន (Envy)កើតចេញពី​ក្តី​ស្អប់ បើ​មិន​ស្អប់​គឺ​មិន​ច្រណែន។
ជា​ចិត្តសាស្ត្រ ពេល​អ្នក​ស្រឡាញ់​អ្នកណាម្នាក់ ពេលនោះ​អ្នក​ប្រាកដ​ជាមាន​សេចក្តី​ហួងហែង មិន​ចង់​ឲ្យ​អ្នកផ្សេង (a third person)ចូលមក​ពាក់ព័ន្ធ​នោះទេ។ ប្រសិនបើ​មាន​នោះ​អ្នក​ប្រាកដជា​កើតក្តី​ប្រចណ្ឌ​នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ជាមួយនឹង​ជន​ទី​បី​នោះ ដោយ​អ្នក​កើតក្តី​ព្រួយ​ថា ក្រែងលោ​អ្នកផ្សេង​គេ​ល្អ​ជាង​អ្នក ហើយ​ទាក់​ទាញយក​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ទៅ​បាត់។

ដូច្នេះ​ស្ថានភាព​នេះ អ្នក​អាចមាន​អារម្មណ៍​ប្រចណ្ឌ នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់ និង​មាន​សេចក្តី​ច្រណែន​នឹង​បុគ្គល​ទី​បី ដែល​ចូលមក​ជ្រៀតជ្រែក​ចូលក្នុង​សម្ព័ន្ធភាព​របស់​អ្នក។ ការ​ច្រណែន គឺជា​ស្ថានភាព​ចិត្ត​មួយ ដែល​អ្នក​ក្តៅ​ក្រហល់ក្រហាយ នឹង​អ្នកណាម្នាក់​ដែល​អ្នក​មិន​ពេញចិត្ត ដោយ​ឃើញ​គេ​បាន​នូវ​អ្វីដែល​អ្នក​ស្រឡាញ់ ឬ​អ្នក​បាត់បង់​មនុស្ស ដែល​អ្នក​ស្រឡាញ់​ទៅក្នុង​ដៃ​អ្នកផ្សេង​ម្នាក់ទៀត។

ជារួម សេចក្តី​ប្រចណ្ឌ​កើតឡើង​ដោយមាន​ស្ថានភាព​មនុស្ស​បីនាក់ ចំណែកឯ សេចក្តី​ច្រណែន អាច​កើតឡើង​ដោយ​ស្ថានភាព​មនុស្ស​ពីរ​នាក់ ឬក៏​បីនាក់។

កុំ​ប្រចណ្ឌ! ប្រចណ្ឌ មានន័យថា អ្នក​ទទួលស្គាល់ថា អ្នក​ទី​បី​គេ​ល្អ​ជាង​អ្នក។

កុំ​ច្រណែន! ច្រណែន មានន័យថា អ្នក​ទទួលស្គាល់ថា អ្នក​អន់​ជាងគេ៕



© រក្សាសិទ្ធិដោយ thmeythmey.com