កីឡាជាតិ
ក្រៅពី​ណែនាំ​កីឡាករ​ពី​ឈុត​ស៊ី​ហ្គេម លោក Lee គ្មាន​តួនាទី​អ្វី​ឡើយ​ក្នុង​ក្រុម​ជម្រើសជាតិ
15, Jun 2015 , 8:19 pm        
រូបភាព
ដោយ: រួបរួម
លោក Kazunori Oharaគ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា ថា គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoonបានផ្តល់​យោបល់​ដល់​លោក​ទាក់ទង​នឹង​ការជ្រើសរើស​កីឡាករ១១នាក់​ពី​ឈុត​ស៊ី​ហ្គេម​សម្រាប់​ជំនួប​វគ្គ​ជម្រុះ World Cup ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ។



តើ​លោក Lee Tae Hoonមាន​ភារកិច្ច​អ្វីខ្លះ​នៅក្នុង​ក្រុម​ជម្រើសជាតិ? លោក Oharaបាន​ឆ្លើយតប​ថា ក្រៅពី​ការ​ផ្តល់យោបល់​លើ​ការជ្រើសរើស​កីឡាករ​ពី​ឈុត​ស៊ី​ហ្គេម លោក Lee មិនមាន​តួនាទី​អ្វី​ផ្សេង​ឡើយ​នៅក្នុង​ក្រុម​ជម្រើសជាតិ។

ជាមួយគ្នានេះ​ផងដែរ គ្រូបង្វឹក​ជនជាតិ​ជប៉ុន Oharaបាន​ថ្លែង​ការពារ​សេចក្តីសម្រេចរ​បស់​ខ្លួន​ជុំវិញ​ការ​ជម្រុះ និង​ការបញ្ចូល​កីឡាករ។ លោក​បាន​លើកឡើងថា៖ «កីឡាករ​ដែល​ត្រូវបាន​ជម្រុះ​ចេញ ក៏មាន​កីឡាករ​ល្អ​ផងដែរ ដូចជា​ខ្សែបម្រើ ប៊ិន ធា​រី ជាដើម ប៉ុន្តែ​យើង​មាន​ជម្រើស​ផ្សេង​ដែល​ល្អ​ជាង​នេះ។ បច្ចុប្បន្ន យើង​កំពុងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​កីឡាករ​មកពី​ឈុត​ស៊ី​ហ្គេម»។

ប្រធាន​ក្រុម​ជម្រើសជាតិ គួច សុគ​ម្ភៈ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ក្រុម​កីឡាករ​មកពី​ឈុត​ស៊ី​ហ្គេម​មិនមាន​អ្វី​ប្លែក​នោះឡើយ ដោយ​ពួកគេ​សុទ្ធតែ​ធ្លាប់​ហាត់​ជាមួយគ្នា ដោយ​គ្រាន់តែ​មួយចំនួន​ដកខ្លួន​ទៅ​បំពេញភារកិច្ច​សម្រាប់ U-23 មួយរយៈ​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅមុន​ជំនួប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ប៊ិន ធា​រី ស្ថិតក្នុង​ចំណោម​កីឡាករ១០នាក់​ដែល​ត្រូវ​ដកចេញ​ពី​ក្រុម​ជម្រើសជាតិ ក្រោយ​កម្ពុជា​រង​បរាជ័យ ៤-០ ក្នុង​ទឹក​ទីនា​ជំនួប​ជាមួយ​សឹង្ហ​បុរី។ កីឡាករ​ផ្សេងទៀត​រួមមាន ឡាយ រស្មី, ជា សំណាង, ទៀប វឌ្ឍនៈ, ពៅ ភា​រិ​ទ្ធ, មូល ដា​រា​វ័​ន្ត, ហែម ស៊ី​ម៉ៃ, ចាន់ តារា, មួន ណា​រ៉ា, អ៊ុក សិទ្ធី ខណៈ ស៊ូ យ៉ា​ទី (អ្នកចាំទី) សាយ ពិសិដ្ឋ, ទៀង ទី​នី, សុខ រិទ្ធី, វ៉ា សុខ​ថន, ឃួន ឡា​បូ​រ៉ាវី, គួច សុគ​ម្ភៈ (ប្រធាន​ក្រុម), ស៊ុន សុវណ្ណ​រិទ្ធី, ឈុន សុធា​រ័ត្ន, សួន វាសនា, ប្រាក់ ចាន់​រតនា ឃឹម បូរី គឹម មករា ហុង ផេង និង​សំ​រឹត សីហា រក្សា​ឈ្មោះ​ខ្លួន​ដដែល។

កីឡាករ១១នាក់​នៃ​ឈុត​ស៊ី​ហ្គេម មានឈ្មោះ​ជំនួស​កីឡាករ​ដែល​ត្រូវ​ដកចេញ។ កីឡាករ​ទាំង១១នាក់​នោះ រួមមាន ចាន់ វឌ្ឍនាកា, ឈិន ឈឿន, ហួយ ផល្លី​ន, កែវ សុខ​ផេង, នេន សុធា​រ័ត្ន, ប្រាក់ មុន្នី​ឧ​ត្ត​ម, សំអឿន ពិដោរ, សឿ​យ វិសាល, សុខ សុវណ្ណ, សុះ ស៊ូ​ហា​ណា, អ៊ុំ សេរី​រ័ត្ន។


© រក្សាសិទ្ធិដោយ thmeythmey.com