កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ កម្ពុជា និង​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ះគ្នា​លើកដំបូង​នា​ល្ងាច​នេះ
16, Jun 2015 , 12:14 pm        
រូបភាព
អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិកម្ពុជានា​ជំនួបកន្លងមកជាមួយ​សឹង្ហបុរី
អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិកម្ពុជានា​ជំនួបកន្លងមកជាមួយ​សឹង្ហបុរី
កម្ពុជា និង​អា​ហ្វ​ហ្គា​នី​ស្ថាន សុទ្ធតែ​ទទួលរង​នូវ​ការខកចិត្ត​នា​ការប្រកួត​បើកឆាក​ពូ​ល E ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។ កាលពី​ថ្ងៃទី១១ ខែមិថុនា កម្ពុជា​បាន​ចាញ់​សឹង្ហ​បុរី ៤-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុនពេល​ដែល​ស៊ី​រី​បាន​លត់​អា​ហ្វ​ហ្គា​នី​ស្ថាន ៦-០ នៅ​ប្រទេស​អ៊ីរ៉ង់​ដែលជា​ទឹកដី​កណ្តាល។ នា​វេលា​ម៉ោង៦ និង៣០នាទី ល្ងាច​នេះ ក្រុម​ខកចិត្ត​ទាំងពីរ កម្ពុជា-អា​ហ្វ​ហ្គា​នី​ស្ថាន​ប៉ះគ្នា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដោយ​ក្រុម​ទាំងពីរ​សន្លឹង​រក៣ពិន្ទុរៀងៗខ្លួន។



ក្នុងជំនួប​លើកដំបូង​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលជា​ក្រុម​ស្ថិតនៅ​ចន្លោះ​តំបន់​អាស៊ី​កណ្តាល និង​អាស៊ី​ខាងត្បូង គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Kazunori Ohara បាន​កោះហៅ​កីឡាករ​ពី​ឈុត​ស៊ី​ហ្គេម​ចំនួន១១នាក់ មកជួយ​ក្រុម ហើយ​បាន​ជម្រុះ​ចេញ​កីឡាករ​ក្នុង​ចំនួន​ដូចគ្នា។

លោក Ohara ទទួលស្គាល់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតក្នុង​ដំណាក់កាល​មួយ​ដ៏​ពិបាក​បន្ទាប់ពី​ចាញ់​សឹង្ហ​បុរី ប៉ុន្តែ​លោក​សង្ឃឹមថា វត្តមាន​កីឡាករឆ្នើមៗមួយចំនួន​ពី​ឈុត​ស៊ី​ហ្គេម នឹង​ផ្តល់​ភាព​វិជ្ជមាន​ដល់​កម្ពុជា ជាពិសេស​ក្រុម​អ្នកគាំទ្រ​ក្នុង​ចំនួន​ដ៏​ច្រើនសន្ធឹក​សន្ធាប់។

« កីឡាករ​ដែល​ត្រូវបាន​ជម្រុះ​ចេញ ក៏​ជា​កីឡាករ​ដ៏​ល្អ​ផងដែរ ដូចជា ប៊ិន ធា​រី ជាដើម ប៉ុន្តែ​យើង​មាន​ជម្រើស​ដែល​ល្អប្រសើរ​ជាង​នេះ។ យើង​ធ្វើការ​តាមដាន​យ៉ាងខ្លាំង​ចំពោះ​កីឡាករ​ដែល​លេង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ខ្ញុំ​សង្ឃឹមថា កម្ពុជា​នឹងធ្វើ​បានល្អ»។ នេះ​ជាការ​អះអាង​របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា។

ជាមួយគ្នានេះ​ផងដែរ ប្រធាន​ក្រុម គួច សុគ​ម្ភៈ បាន​ស្វាគមន៍​វត្តមាន​របស់​កីឡាករ​ឆ្នើម១១នាក់​ពី​ឈុត​ស៊ី​ហ្គេម ដែល​រួមមាន ប្រាក់ មុន្នី​ឧ​ត្ត​ម, ចាន់ វឌ្ឍនាកា, ឈិន ឈឿន, កែវ សុខ​ផេង, ហួយ ផល្លី​ន, នេន សុធា​រ័ត្ន, សំអឿន ពិដោរ, សឿ​យ វិសាល, សុខ សុវណ្ណ, សុះ ស៊ូ​ហា​ណា និង​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន។ សុគ​ម្ភៈ បាន​លើកឡើងថា៖ «ក្រុមកីឡា​ករពី​ឈុត​ស៊ី​ហ្គេម មិនមែនជា​កម្លាំង​ថ្មី​ឡើយ ពួកយើង​ធ្លាប់​ហាត់ និង​លេង​ជាមួយគ្នា ដូច្នេះ​សម្រាប់​ជំនួប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន យើង​នឹង​មិនមាន​បញ្ហា​លើ​ទម្រង់​លេង​នោះឡើយ»។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​ម្សិលមិញ​ផងដែរ លោក Slaven Skeledzic គ្រូបង្វឹក​អាល្លឺម៉ង់​ដើមកំណើត​បូ​ស្នី  រំពឹងថា ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​របស់លោក​អាច​លុបលាង​ការខកចិត្ត​ដើម្បី​ដណ្តើម​ឲ្យ​បាន៣ពិន្ទុ​ពី​ម្ចាស់ផ្ទះ​កម្ពុជា។

លោក​បាន​បញ្ជាក់ថា៖ «យើង​បាន​ចាញ់​ស៊ី​រី ៦-០ ខណៈដែល​អ្នកចាំទី​រប​ស់​យើង​មាន​បញ្ហា​របួស ហើយ​វា​ជា​ដ៏​អស្ចារ្យ​ផងដែរ​សម្រាប់​ស៊ី​រី ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​រាល់​ឱកាស​ដែល​ខ្លួន​មាននៅ​ក្នុង​ការប្រកួត។ កម្ពុជា​សំបូរ​ទៅដោយ​កីឡាករ​ដែលមាន​សមត្ថ​ភាព ប៉ុន្តែ​កីឡាករ​របស់ខ្ញុំ​នឹងមាន​ការប្រឹងប្រែង១០០ភាគរយ​ដើម្បី​យកឈ្នះ​ម្ចាស់ផ្ទះ​ឲ្យ​បាន»។

ប្រធាន​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន Djelaludin Sharityar ដែល​ធ្លាប់​លេង​ក្នុង​ក្របខណ្ឌ​ថ្នាក់​តំបន់​នៅ​អាល្លឺម៉ង់ ក្របខណ្ឌ​នៅ​ប្រទេស​បា​រ៉ែ​ន និង​ស៊ី​ប បាន​តាំងចិត្ត​ផងដែរ​ថា ក្រុម​របស់ខ្លួន​នឹង​ចាក​ចេញពី​កម្ពុជា​ជាមួយនឹង​ជ័យជម្នះ។

បើ​យោងតាម​តារាង​ចំណាត់ថ្នាក់​ចុងក្រោយ​របស់​ហ្វី​ហ្វា (FIFA World Ranking) អា​ហ្វ​ហ្គា​នី​ស្ថាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី១៥១ ខណៈ​កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី១៧៨ ។ នៅមុន​ចាញ់ ស៊ី​រី ៦-០ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​យកឈ្នះ​ឡាវ ២-០ និង​ស្មើ​បង់​ក្លា​ដែ​ស ១-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ ខណៈ​កម្ពុជា នៅមុន​ពេល​ចាញ់​សឹង្ហ​បុរី ៤-០ នៅ​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ​ជាង៦ម៉ឺន​នាក់ ក្រុម​លោក Ohara បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ឡាវ និង​យកឈ្នះ​មី​យ៉ាន់​ម៉ារ ១-០ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ដូចគ្នា។

ជាមួយគ្នានេះផង​ដែរ ក្រុម​ជម្រើស​ជាតិ​ជប៉ុន​បើក​ការប្រកួតពូល E របស់ខ្លួន​ដោយ​ត្រូវទទួល​ក្រុម​សឹង្ហបុរី នាវេលាម៉ោង​៥ និង​៣០នាទី នៅ​កីឡដ្ឋាន Saitama Stadium 2002៕





© រក្សាសិទ្ធិដោយ thmeythmey.com