កីឡាជាតិ
ជាតិ
World Cup៖ កម្ពុជា​ចាញ់​អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ ខណៈ​ជប៉ុន-សឹង្ហ​បុរី គ្មាន​គ្រាប់​បញ្ចូល​ទី
16, Jun 2015 , 10:45 pm        
រូបភាព
រូបឆ្វេង៖ ក្រុម​ជម្រើស​ជាតិកម្ពុជាជាមួយ​អាហ្វហ្គានីស្ថាន រូបស្តាំ៖ ក្រុមជប៉ុនជាមួយ​សឹង្ហបុរី។ រូបថត ThmeyThmey និង AFP
រូបឆ្វេង៖ ក្រុម​ជម្រើស​ជាតិកម្ពុជាជាមួយ​អាហ្វហ្គានីស្ថាន រូបស្តាំ៖ ក្រុមជប៉ុនជាមួយ​សឹង្ហបុរី។ រូបថត ThmeyThmey និង AFP
ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ខ្សែបម្រើ​អា​ហ្វ​ហ្គា​នី​ស្ថាន Mustafa Zazai នៅ៤នាទី​មុន​បញ្ចប់​ការប្រកួត បានធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា រង​នូវ​ការខកចិត្ត​ជា​លើក​ទី​ពីរ​នៅលើ​ទឹកដី​ខ្លួន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ជម្រុះ​ជុំ​ទី២ ប្រចាំ​តំបន់​អាស៊ី ក្នុង​ដំណើរ​ឈានឆ្ពោះ​ទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។ មុនពេល​ដែល​អា​ហ្វ​ហ្គា​នី​ស្ថាន យកឈ្នះ​កម្ពុជា ១-០ ក្រុម​ជម្រើសជាតិ​ជប៉ុន បាន​បើក​ការប្រកួត​ពូ​ល E របស់ខ្លួន​ជាមួយនឹង​លទ្ធផល​ស្មើ ០-០ ជាមួយ​ភ្ញៀវ​សឹង្ហ​បុរី។



ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានផ្តល់​នូវ​ការរំភើប​យ៉ាងខ្លាំង​សម្រាប់​ការប្រកួត​នៅ​តង់​ទីមួយ ដោយ ស៊ុន សុវណ្ណ​រិទ្ធី មានឱកាស​យ៉ាង​ឆាប់រហ័ស​នៅ​នាទី​ដំបូង ក្រោយ​ការ​ទាត់​ហ្វ្រី​ឃី​តរបស់ នេន សុធា​រ័ត្ន ប៉ុន្តែ​សុវណ្ណ​រិទ្ធី ទាត់​ខុស​គោលដៅ។

អា​ហ្វ​ហ្គា​នី​ស្ថាន មានឱកាស​វាយលុក​នៅ​តំបន់​គ្រោះថ្នាក់​ផងដែរ​សម្រាប់​ក្រុម​កម្ពុជា ជាពិសេស​ប្រធាន​ក្រុម Djerlalundin Sharitya ខ្សែបម្រើ Esmat Shanwary និង​ខ្សែបម្រើ Mustafa Zazai។

នៅ​នាទី ទី១៣ ឈិន ឈឿន បាន​លើក​បាល់​ចេញពី​មុំ​ខាងស្តាំ ប៉ុន្តែ ឃួន ឡា​បូ​រ៉ាវី តែ​ត​ខុស​គោលដៅ។ បន្ទាប់មក កែវ សុខ​ផេង មានឱកាស​លេង One-Two ជាមួយ ឃួន ឡា​បូ​រ៉ាវ មុននឹង​បោះ​ឲ្យ​ប្រធាន​ក្រុម គួច សុគ​ម្ភៈ ប៉ុន្តែ សុគ​ម្ភៈ ទាត់​បាល់​ចេញ​ក្រៅ។

ឈានដល់​តង់​ទី​ពីរ អា​ហ្វ​ហ្គា​នី​ស្ថាន ហាក់​បើក​ការ​វាយ​លុយ​ខ្លាំង​ជាង​មុន ដោយ​ផ្តល់​ការងារ​យ៉ាងច្រើន​ដល់​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន។ ចាន់ វឌ្ឍនាកា បាន​ចូល​ជំនួស ហួយ ផល្លី​ន នៅ​នាទី ទី៧០ ហើយ​តែមួយ​នាទី​ប៉ុណ្ណោះ វឌ្ឍនាកា មានឱកាស​ទាត់​ទៅ​ទី​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​សំណាង​មិនល្អ បាល់​បាន​រមៀល​ទៅ​ប៉ះ​នឹងរ​បាទី។

ទីបំផុត អា​ហ្វ​ហ្គា​នី​ស្ថាន លុបលាង​ការខកចិត្ត​ក្រោយ​ចាញ់​ស៊ី​រី ៦-០ តាមរយៈ​ការយក​ឈ្នះ​កម្ពុជា ១-០ នៅ​ចុង​ម៉ោង។

ក្នុងការ​ប្រកួត​នេះ កីឡាករ​ឈុត U-23 ចំនួន៨នាក់​ត្រូវបាន​គ្រូបង្វឹក​ជប៉ុន លោក Kazunori Ohara ដាក់បញ្ចូល​ក្នុង​ជម្រើស១១នាក់​ដំបូង​សម្រាប់​ជំនួប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន។

កីឡាករ​ជម្រើសជាតិ​កម្ពុជា​រួមមាន៖ អ៊ុំ សេរី​រ័ត្ន (អ្នកចាំទី), សុខ សុវណ្ណ,នេន សុធា​រ័ត្ន (សាយ ពិសិដ្ឋ ៩០’), សឿ​យ វិសាល, ស៊ុន សុវណ្ណ​រិទ្ធី, ហួយ ផល្លី​ន (ចាន់ វឌ្ឍនាកា ៧០’), សុះ ស៊ូ​ហា​ណា, ឈិន ឈឿន, កែវ សុខ​ផេង (សួន វាសនា ៥៨’) ,ឃួន ឡា​បូ​រ៉ាវី, គួច សុគ​ម្ភៈ (ប្រធាន​ក្រុម)។ កីឡាករ​បម្រុង៖ ស៊ូ យ៉ា​ទី (អ្នកចាំទី), ទៀង ទី​នី, សុខ រិទ្ធី, វ៉ា សុខ​ថន, ឃឹម បូរី, គឹម មករា, សំអឿន ពិដោរ, ឈុន សុធា​រ័ត្ន, ប្រាក់ ចាន់​រតនា។

ដោយឡែក ក្រុម​ជម្រើសជាតិ​ជប៉ុន​ដែល​សំបូរ​ទៅដោយ​កីឡាករឆ្នើមៗ បានបញ្ចប់​ការប្រកួត​ត្រឹម​ស្មើ ០-០ ជាមួយ​សឹង្ហ​បុរី នៅ​កីឡដ្ឋាន Saitama Stadium 2002 ក្រុង Saitama ។

សម្រាប់​ពូ​ល E សឹង្ហ​បុរី ដែល​បាន​យកឈ្នះ​កម្ពុជា ៤-០ និង​ស្មើ ០-០ ជាមួយ​ជប៉ុន ឈរ​លេខមួយ​បណ្តោះអាសន្ន ខណៈ​ស៊ី​រី ឈរ​លេខ២ ដោយមាន៣ពិន្ទុ​ស្មើ​អា​ហ្វ​ហ្គា​នី​ស្ថាន។ ជប៉ុន​ដែល​ទើប​ប្រកួត​បាន​មួយ​លើក​មាន១ពិន្ទុ ខណៈ​កម្ពុជា​មិនទាន់មាន​ពិន្ទុ​រាប់​ឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com