ពីនេះ ពីនោះ
សម្រេចចិត្ត​បែបណា ទើប​មិន​ស្តាយក្រោយ
17, Jun 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​គ្រប់គ្នា​សប្បាយចិត្ត​នៅពេលដែល​ពួកគេ​សម្រេចចិត្ត​ត្រូវ។ ប៉ុន្តែ​នៅពេលដែល​ពួកគេ​ស​ម្រ​ច​ចិត្ត​ខុសម្តងៗ គឺ​តែងតែ​ស្តីបន្ទោស​ឲ្យ​ខ្លួនឯង ឬ​អ្នក​ដែល​ជួយ​សម្រេចចិត្ត​ជំនួស​ពួកគេ។ នេះ​មានន័យថា ពួកគេ​មិនដែល​ចេះ​ទទួលខុស​ទេ គឺ​ទទួល​យកតែ​អ្វីដែល​ត្រូវ​ប៉ុណ្ណោះ។ តើ​គួរ​ធ្វើ​បែបណា ទើប​សម្រេចចិត្ត​ត្រូវ និង​មាន​ប្រសិទ្ធភាព?


 
ទី១) ត្រូវមាន​គោលជំហរ​ខ្លួនឯង​ច្បាស់លាស់៖ ត្រូវតែ​ធ្វើការ​សម្រេចចិត្ត​ដោយ​ឈរលើ​គោលជំហរ​របស់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ ដោយ​មិនត្រូវ​ធ្វើការ​សម្រេចចិត្ត​តាម​អ្វីដែល​អ្នកដទៃ បង្ខំ ជំរុញ ឬ​គំរាមកំហែង​ណាមួយ​នោះទេ។ ប៉ុន្តែ​អ្នក​ត្រូវយក​គំនិត​ពួកគេ​មក​ពិចារណា រួច​សឹម​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង។

ទី២) ធ្វើការ​សម្រេចចិត្ត​ដោយ​មិន​ផ្អែកលើ​អារម្មណ៍៖ កុំ​សន្យា​នៅពេលដែល​អ្នក​សប្បាយចិត្ត កុំ​ធ្វើការ​សម្រេចចិត្ត​នៅពេលដែល​អ្នក​កំពុងតែ​ខឹង​ឬ​មួម៉ៅ​នឹង​គេ។ អ្នក​មិនត្រូវ​ធ្វើការ​សម្រេចចិត្ត​ដោយសារតែ ស្រឡាញ់ ចូលចិត្ត ស្អប់​ដោយ​កំហឹង​គុំកួន ឬ​សម្រេចចិត្ត​ដើម្បី​ផលប្រយោជន៍​នរណាម្នាក់ ឬ​ក្រុម​ណាមួយ​នោះទេ។

ទី៣) ត្រូវ​គិតពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ​មុននឹង​សម្រេចចិត្ត៖ អ្នក​គួរតែ​គិតពិចារណា វិភាគ វែកជែក​រកហេតុ​ផល គុណសម្បត្តិ និង​គុណវិបត្តិ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ច្បាស់លាស់​មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ។

ទី៤) រក​ប្រភព​ដែល​អ្នក​ទុកចិត្ត​ដើម្បី​ជួយ​ពិគ្រោះ​យោបល់៖ ក្រៅពី​គំនិត​ដែល​អ្នក​បានគិត​ស៊ីជម្រៅ​ហើយ​នោះ  អ្នក​គួរតែ​រក​មិត្តភក្តិ បងប្អូន គ្រូបង្រៀន ឬ​អ្នកជំនាញ​មក​ពិភាក្សា​ជួយផ្តល់​ជា​គំនិត និង​យោបល់ ដើម្បី​ឲ្យ​ការសម្រេចចិត្ត​នោះ​កាន់​តែមាន​ប្រិ​ស​ទ្ធ​ភាព​ខ្ពស់។ 

ទី៥)
អ្នកជា​អ្នកសម្រេចចិត្ត ហើយ​អ្នក​ក៏​ជា​អ្នកទទួលខុសត្រូវ​ដែរ៖ អ្នក​ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ការគិត និង​ការសម្រេចចិត្ត​របស់​អ្នក បើទោះជា អ្នកទទួលបាន​លទ្ធផល​ល្អ ឬ​មិនល្អ​យ៉ាងណាក៏ដោយ ហើយ​មិនត្រូវ​ស្តីបន្ទោស​ខ្លួនឯង ឬ​នរណាម្នាក់​នោះទេ ព្រោះនេះ​វា​ជា​ជម្រើស​ដែល​អ្នក​បានជ្រើសរើស៕



© រក្សាសិទ្ធិដោយ thmeythmey.com