អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អេ​ហ្ស៊ី​ប​បន្ត​ប្រហារជីវិត​អតីត​ប្រ​ធានា​ធីប​តី​មិន​ខ្វល់​ការ​ថ្កោលទោស
17, Jun 2015 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
តុលាការ​អេ​ហ្ស៊ី​ប​សម្រេច​ចុងក្រោយ​ម្សិលមិញ ដោយ​រក្សា​ការដាក់ទោស​ប្រហារ​ជិវិត​អតីត​ប្រធានាធិបតី មហា​មេ​ត ម៉​រ​ស៊ី (Mohamed Morsi) ដោយ​រង​ការចោទប្រកាន់ថា​ជា​អ្នក​នៅ​ពីក្រោយ ការវាយប្រហារ​ប៉ូលិស​ក្នុង​ចលនា​បដិវត្តន៍​ឆ្នាំ ២០១១។ តួ​ក​គី អាមេរិក និង​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​អេ​ហ្ស៊ី​ប​និង​ទាមទារ​ឲ្យ​អេ​ហ្ស៊ី​បញ្ឈប់​ចំណាត់ការ​ព្រៃផ្សៃ​នេះ ដោយ​ពួកគេ​អះអាងថា​ការកាត់ទោស​នេះ​ស្ថិតក្រោម​ឥទ្ធិពល​នយោបាយ​ប៉ុណ្ណោះ។

-

លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



អតីត​ប្រ​ធា​ធិបតី​ដែល​ឡើងកាន់​តំ​ណែ​ដោយ​ការបោះឆ្នោត​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​មហា​មេ​ត ម៉​រ​ស៊ី គេច​មិន​ផុតពី​ទោស​ប្រហារ​ជិវិត​ឡើយ។ តុលាការ​អេ​ហ្ស៊ី​ប​ម្សិលមិញ​នេះ​បានប្រកាស​គាំទ្រ​សាលក្រម​កាត់ទោស​ប្រហារជីវិត​អតីត​ប្រធានាធិបតី​នេះ ក្រោម​បទ​ចោទ​ជាប់​ពាក់ព័ន្ធ​ករណី​ហែក​គុក និង​ការវាយប្រហារ​ក្រុមប៉ូលិស​ក្នុង​ចលនា​បដិវត្តន៍​ប្រជាជន​ឆ្នាំ ២០១១។ បន្ថែម​ពីនេះ តុលាការ​ដដែល​ក៏បាន​កាត់ទោស​មេដឹកនាំ​ម្នាក់នេះ​ក្នុង​សំណុំរឿង​ផ្សេងទៀត ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ដោយសារ​លួច​យកការណ៍​ឲ្យ​ក្រុម​ហា​ម៉ាស ប៉ា​ឡេ​ស្ទី​ន អ៊ីរ៉ង់ និង​ក្រុម​ហេ​ស្បូ​ឡា​នៅ​លី​បង់​ផង។

សេចក្តីសម្រេច​របស់​តុលាការ​កំពុងតែ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ​ជាខ្លាំង ហើយ​ការសម្រេច​នេះ​ក៏​ស្ថិតក្រោម​ឥទ្ធិពល​នយោបាយ​ទៀត។  ប្រមុខ​ស្ថាប័ន​អង្គការសហប្រជាជាតិ​លោក បាន​គី​មូ​ន បាន​សម្តែង​ក្តីបារម្ភ និង​ថ្កោលទោស​តុលាការ​អេ​ហ្ស៊ី​ប​ដែល​ធ្វើទុក្ខបុកម្នេញ​តែ​ក្រុម​ភាតរ​ឥស្លាម និង​មិនមាន​ឯករាជភាព​ក្នុងការ​កាត់ក្តី​ឡើយ។ លោក បា​គី​មូ​ន សង្កត់ធ្ងន់ថា សហគមន៍​អន្តរជាតិ​ប្រឆាំង​រាល់​ការប្រើប្រាស់​ទោស​ប្រហារជីវិត ដែល​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ហើយ​លោក​ជឿថា​ការអនុវត្ត​សាលក្រម​តុលាការ​ដោយ​ប្រហារជីវិត​អតីត​មេដឹកនាំ​ស្របច្បាប់​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​ក្នុងប្រទេស​អេ​ហ្ស៊ី​ប។

ក្រៅពី​លោក មហា​ម៉េ​ត ម៉​រ​ស៊ី មេដឹកនាំ​ក្រុម​ភារត​ឥស្លាម៤នាក់​ផ្សេងទៀត​ក៏​ប្រឈម​នឹង​កាត់ទោស​ប្រហារជីវិត​ដូចគ្នា​ដែរ។ កន្លងមក​សមាជិក​ក្រុម​ភាតរ​ឥស្លាម​អេ​ហ្ស៊ី​ប​ត្រូវបាន​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ចាត់ទុកជា​ក្រុម​ភេរវកម្ម​ផង ហើយ​សមាជិក​ក្រុម​នេះ​ជាច្រើន​ត្រូវបាន​គេ​សម្លាប់​គ្មាន​ឆ្លងកាត់​ប្រព័ន្ធ​យុត្ត​ធម៌​ត្រឹមត្រូវ​ឡើយ។
ដោយ​ប្រធានាធិបតី តួ​ក​គី​លោក RecepTayyipErdoganក៏បាន​រិះគន់​អេ​ហ្ស៊ី​បខ្លាំងៗ និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្ខំ​រដ្ឋាភិបាល​ក្រុង កៃរ៉ូ បញ្ឈប់​ទង្វើ​ព្រៃផ្សៃ​របស់ខ្លួន​ជា​ប្រញាប់។ ប្រមុខរដ្ឋ​តួ​ក​គី​បាន​ហៅ​ការគាំទ្រ​ទោស​ប្រហារជីវិត​លោក ម៉​រ​ស៊ី ជា​អត្តឃាត​ប្រព័ន្ធ​យុត្តាធិការ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាជន។ លោក​បាន​បន្ថែមថា ការសម្រេច​របស់​តុលាការ​ស្ថិតក្រោម​ការណែនាំ​របស់​របប​ដឹកនាំ​មិន​ស្របច្បាប់​ដែល​ឡើងកាន់តំណែង​ដោយ​រដ្ឋប្រហារ​របស់​ឧ​ត្ត​ម​សេនី​យ៏  Abdel Fattah el-Sisi ប៉ុណ្ណោះ ហើយ​រាល់​ទង្វើ​បំពារបំពាន​សិទ្ធិមនុស្ស​នឹង​គំរាមកំហែង​ស្ថិរភាព​និង​សន្តិភាព​ទូទាំងប្រទេស​អេ​ហ្ស៊ី​ប​ចៀស​មិន​ផុត​ឡើយ។

ក្រៅពី​មានការ​ថ្កោលទោស​ពី​ខាងក្រៅ ប្រជាជន​អេ​ហ្ស៊ី​ប​ដែលជា​សមាជិក​ក្រុម​ភាតរ​ឥស្លាម​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អេ​ហ្ស៊ី​ទាំងអស់​ក្រោកឈរ​តវ៉ា​ប្រឆាំង​សាលក្រម​របស់​តុលាការ​នេះ។ គេ​ឃើញ​មាន​ក្រុមបាតុករ​នៅចាំ​តវ៉ា​ជាច្រើន​ថ្ងៃ​ដែរ​នៅក្នុង​ទីក្រុង​ធំ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​ហើយ​មាន​ខ្លះទៀត​រៀបចំ​បាតុកម្ម​នៅក្រៅ​ប្រទេស​មាននៅ​តួ​ក​គី និង​នៅ​លី​បង់​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com