ជាតិ
មានចំណេះដឹង មិន​ប្រាកដថា​មាន​បញ្ញា​នោះទេ
18, Jun 2015 , 8:19 am        
រូបភាព
 បញ្ញា និង​ចំណេះដឹង​ជាស​ភាវ​ពីរ ដែលមាន​លក្ខណៈ​ផ្សេងគ្នា តែមាន​ដំណើរ​អាស្រ័យ​គ្នា​ទៅវិញទៅមក។ បញ្ញា មិនមែនជា​ចំណេះដឹង តែ​បញ្ញា​ជា​មាគ៌ា​អភិវឌ្ឍ​ចំណេះដឹង។ ចំណេះដឹង​មិនមែនជា​បញ្ញា តែ​ចំណេះដឹង ជា​មាគ៌ា​បង្កើន​បញ្ញា។



បញ្ញា (Intelligence) គឺជា​សមត្ថភាព​នៃ​ការចងចាំ និង​ជា​សមត្ថភាព​នៃ​កាយ​ល់។ ពេល​អ្នក​ព្យាយាម​សញ្ជឹងគិត​ពិចារណា ស្វែងរក​ចម្លើយ​ពី​បញ្ហា​អ្វីដែល​ថ្មី ដែល​អ្នក​មិន​ធ្លាប់​យល់ មិន​ធ្លាប់​ឆ្លងកាត់​ពីមុខ ពេលនោះ​អ្នក​កំពុងតែ​ប្រើ​នូវ​សមត្ថភាព​ខាង​បញ្ញា ដើម្បី​យល់​នូវ​សច្ចភាព​នោះ។បញ្ញា កើតឡើង​ពេល​អ្នក​ព្យាយាម​យល់​នូវ​អ្វីដែល​អ្នក​មិនទាន់​យល់ និង​អ្វីដែល​អ្នក​មិន​ធ្លាប់​ជួប។

ចំណេះដឹង (Knowledge)គឺជា​ទំហំ​ទិន្នន័យ​ដែលមាន​ក្នុង​ខួ​ល​ក្បាល​របស់​អ្នក ដែល​អ្នកទទួលបាន​ពី​ប្រភពផ្សេងៗដូចជា ការសិក្សា ការស្រាវជ្រាវ បទពិសោធន៍ និងអ្វីៗដែល​ជីវិត​អ្នក​បាន​ឆ្លងកាត់។ ចំណេះដឹង​កើតឡើង​ពីអ្វី​ដែល​អ្នក​ធ្លាប់បាន​សិក្សា​ស្វែងយល់ និង​ចងចាំ​រួចមកហើយ។

បញ្ញា​ប្រៀបដូចជា​ពន្លឺភ្លើង​ទៀន ចំណេះដឹង​ប្រៀបដូចជា​គំនូស​ស្នាម​អក្ខរា​លើ​ផ្ទាំង​ក្រដាស់។ ដើម្បី​សរសេរ​អក្សរ​លើ​ផ្ទាំង​ក្រដាស​បាន ត្រូវតែ​កម្ចាត់​ភាព​ងងឹត ដោយ​ពន្លឺ​ភ្លើងទៀន​ជាមុនសិន។ ទោះបីជា​ពន្លឺ​ភ្លើងទៀន រលត់​ទៅហើយ​ក្តី តែ​ស្នាម​អក្សរ​ដែល​បាន​ចា​រលើ​ផ្ទាំង​ក្រដាស​នោះ​មិន​រលុប​ទៅតាម​ការ​រលត់​នៃ​ពន្លឺ​ភ្លើងទៀន​នោះទេ។ បញ្ញា​កើត​ហើយ​រលត់ទៅវិញ បន្ទាប់ពី​យើង​ស្វែងរក​ចម្លើយ និង​ការពិត​ឃើញ។ បន្ទាប់ពី​បញ្ញា​រលត់ ចំណេះដឹង​ក៏​កើតឡើង។ ចំណេះដឹង​មិន​រលត់​ទេ ដរាបណា​សតិ​របស់​អ្នក​មិន​វិបល្លាស៕




© រក្សាសិទ្ធិដោយ thmeythmey.com