ពីនេះ ពីនោះ
នៅ​អង់គ្លេស ការ​ចោះត្រចៀក​កូន​ដោយ​ចិត្ត​ឯង​នឹង​ក្លាយជា​រឿង​ខុសច្បាប់​ឬ ?
18, Jun 2015 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
តើ​ឪពុកម្តាយ​មាន​សិទ្ធិ​ចោះត្រចៀក​កូន​ដែរឬទេ ? កិច្ចពិភាក្សា​អំពី​ប្រធានបទ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ចក្រភព​អង់គ្លេស បន្ទាប់ពី​មាន​ញត្តិ​ស្នើ​ឲ្យ​បញ្ឈប់​ការ​ចោះត្រចៀក​កូន​តាមចិត្ត​ឪពុកម្តាយ ដោយ​ចាត់ទុកថា នេះ​ជា​ទង្វើ​មិន​ឲ្យ​តម្លៃ​ចំពោះ​កូន។ម្យ៉ាងទៀត វា​ជាស​ម្រេច​របស់​ឪពុកម្តាយ មិនមែនជា​ជម្រើស​របស់​កូន​ទេ។ ការយល់ព្រម​ពី​កូន​គឺជា​រឿង​ចាំបាច់ ដោយ​ត្រូវ​រង់ចាំ​ដល់​អាយុ​ណាមួយ​ដែល​ត្រូវ​កំណត់ដោយ​ច្បាប់។


តំណាងរាស្ត្រ​មួយរូប​មកពី​គណបក្ស​ពលករ​នៃ​ប្រទេស​នេះ​បាន​មានប្រសាសន៍ថា លោក​មានបំណង​ស្នើ​ឲ្យ​សភា​អនុម័ត​ការហាមឃាត់​ចោះត្រចៀក​កូន​ដោយ​ចិត្ត​ឯង​នេះ ឬ​បើ​មិន​ដូច្នោះ​ទេ សភា​ត្រូវ​កំណត់​អាយុ​ក្មេង​ជា​អតិប្បរមា​ណាមួយ​សម្រាប់​ចោះត្រចៀក។

លោក Tim Ballard អនុប្រធាន​ក្រុមគ្រូពេទ្យ​ឯកទេស​ទូទៅ​នៅ​អង់គ្លេស​បាន​ពន្យល់ថា ជួនកាល ការសម្រេចចិត្ត​ចោះត្រចៀក​កូន​ពាក់ព័ន្ធ​នឹង​វប្បធម៌។ ប៉ុន្តែ លោក​ផ្តល់​អនុសាសន៍​ថា មិនត្រូវ​ចោះ​កន្លែង​ណា​ផ្សេង​នៃ​រាងកាយ​ក្រៅពី​ទងត្រចៀក​ទេ។ ម្យ៉ាងទៀត ការ​ចោះត្រចៀក​នេះ​ត្រូវតែ​ធ្វើ​ក្នុង​លក្ខខណ្ឌ​ប្រកបដោយ​អនាម័យ​ខ្ពស់​ដោយមាន​អ្នក​ដែល​ឯកទេស​ត្រឹមត្រូវ ហើយ​ត្រូវ​តាមដាន​ស្លាកស្នាម​នោះ​ឲ្យ​បាន​ត្រឹមត្រូវ៕


© រក្សាសិទ្ធិដោយ thmeythmey.com