អាន​សៀវភៅ​ដោយ​របៀប​ណា ទើប​ទទួលបាន​ចំណេះដឹង?
គំនិតមួយ
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
អាន​សៀវភៅ​ដោយ​របៀប​ណា ទើប​ទទួលបាន​ចំណេះដឹង?
04, Jul 2020 , 9:29 am        
រូបភាព
ដោយ: ធីតា
ការអាន គឺ​ទទួលបាន​ចំណេះដឹង​ច្រើន ជួយ​លើកស្ទួយ​ប្រាជ្ញា​ស្មារតី គិត​បាន​ស៊ីជម្រៅ និង​បង្កើន​ចំណេះដឹង​ផ្នែក​អក្សរសាស្ត្រ ស្គាល់​ពាក្យចាស់ ពាក្យថ្មី​កាន់តែច្រើន ហើយ​អាច​យកមកប្រើ​ក្នុងការ​និយាយ និង​ការសរសេរ​បាន​កាន់តែ​ល្អ។ ម្យ៉ាងវិញទៀត ការអាន​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រីករាយ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការកម្សាន្ត​ផងដែរ។ តែ​ផ្ទុយទៅវិញ មនុស្ស​ភាគច្រើន​មិន​ចូលចិត្ត​អាន​ទេ ហើយ​ប្រសិនជា​អាន​ក៏​មិនសូវ​យល់​ពី​របៀប​នៃ​ការអាន​សៀវភៅ​នោះដែរ។ តើ​គួរ​អាន​ដោយ​របៀប​ណា ទើប​មាន​ប្រសិទ្ធភាព?

 

ទី១) ជ្រើសរើស​សៀវភៅ៖ អ្នក​ត្រូវតែ​សួរ​ខ្លួនឯង​ថា សៀវភៅ​ប្រភេទ​ណា​ដែល​អ្នក​ចូលចិត្ត​អាន អ្នក​ចង់ដឹង ចង់ឃើញ និង​គិតថា​វា​មាន​ប្រយោជន៍​សម្រាប់​អ្នក។ ហើយក៏​ត្រូវ​មើល​កាលបរិច្ឆេទ និង​ឈ្មោះ​អ្នកនិពន្ធ​ផងដែរ ថា​តើ​អ្នកនិពន្ធ​នោះ​មានឈ្មោះ​ល្បី​ឬទេ? ស្នាដៃ​និពន្ធ​របស់គាត់ អ្នកទទួល​ស្គា​ស់​ឬ​អត់?

ទី២) អាន​មាតិកា និង​សេចក្តី​ផ្តើម៖ មុននឹង​ចាប់ផ្តើម​អាន​សៀ​ភៅ​អ្នក​ត្រូវតែ​អាន​មាតិកា និង​សេចក្តី​ផ្តើម​នៃ​សៀវភៅ​នោះ ថា​តើ​ក្នុង​មាតិកា និង​សេចក្តី​ផ្តើម​នោះ មាន​ចំណុច​ដែល​អ្នក​ចង់ដឹង​ឬ​ចាប់អារម្មណ៍​ដែរឬទេ? ប្រសិនជា​អ្នក​ចាប់អារម្មណ៍ សឹម​យក​វា​មក​អាន​បន្តទៀត។

ទី៣) ត្រូវមាន​វចនានុក្រម៖ នៅពេល​ចាប់ផ្តើម​អាន​សៀវភៅ គឺ​ត្រូវមាន​វចនានុក្រម​ជាប់​ខ្លួន ដើម្បី​ពិនិត្យមើល​ពាក្យ​ដែល​អ្នក​មិនចេះ​ឬ​មិន​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​នោះ។

ទី៤) ត្រូវមាន​ខ្មៅ​ដៃ ឬ​ប៊ិក៖ ពេល​កំពុង​អាន​ត្រូវមាន​ខ្មៅ​ដៃ ឬ​ប៊ិក ដើម្បី​ទុក​គូស​ចំណុចសំខាន់ៗ គូស​ពាក្យ​ដែល​អ្នក​មិនចេះ​ឬ​មិន​យល់ និង​គូស​ជា​សញ្ញា​សម្គាល់​អ្វីមួយ។

ទី៥) ចេះ​ឆ្ងល់ និង​ចោទ​ជា​សំណួរ៖ ពេល​កំពុង​អាន​ប្រសិនជា​អ្នក​មិន​យល់​ត្រូវ​ចេះ​ឆ្ងល់ និង​ចោទ​ជា​សំណួរ ហើយ​ព្យាយាម​ស្វែងយល់ និង​រក​ចម្លើយ​តាមរយៈ​ការអាន​របស់​អ្នក។ ម្យ៉ាងទៀត ប្រសិនជា​ឆ្ង​ស់​ហើយ នៅតែ​រក​ចម្លើយ​មិនឃើញ​ទៀត អ្នក​ត្រូវ​ធ្វើការ​ស្រាយ​ជ្រាវ​ក្នុង​សៀវភៅ​ផ្សេង ឬ​ទុក​សួរ​អ្នក​ដទៃទៀត។

ទី៦) សង្ខេប​ខ្លឹមសារ៖ បន្ទាប់ពី​អាន​រួចហើយ អ្នក​ត្រូវ​សង្ខេប​យក​ចំណុច​សំខាន់ ថា​តើ​គេ​ចង់បង្ហាញ​ពីអ្វី? គេ​ចង់​ផ្តល់​ចំណេះដឹង​អ្វីខ្លះ? ហេតុអ្វី​បានជា​គេ​ហាន​អះអាង​ឬ​បកស្រាយ​យ៉ាង​ដូច្នេះ? ជាពិសេស អ្នក​ត្រូវ​សង្ខេប​យក​ខ្លឹមសារសំខាន់ៗទាំងនោះ ដើម្បី​យកទៅ​ពន្យល់​ដល់​អ្នកដទៃ​ឲ្យ​ពួកគេ​អាច​យល់​ដូច​អ្វីដែល​អ្នក​បាន​អាន​សៀ​ភៅ​នោះ​ផ្ទា​ល់៕



© រក្សាសិទ្ធិដោយ thmeythmey.com