ជាតិ
សង្គមជាតិ
សង្គមអន្តរជាតិ​
ប្រវត្តិ «ទិវា​ឪពុក»
19, Jun 2022 , 8:29 am        
រូបភាព
អ្នកស្រី  Sonora Dodd  បាន​បង្កើតទិវា​ឪពុក ដើម្បី​រំលឹក​ដល់​ឪពុក​របស់ខ្លួន​ដែលជា​បុរស​ពោះម៉ាយ និង​ជា​អតីតយុទ្ធជន​ក្នុង​សង្គ្រាមស៊ីវិល គឺលោក William Smart
អ្នកស្រី Sonora Dodd បាន​បង្កើតទិវា​ឪពុក ដើម្បី​រំលឹក​ដល់​ឪពុក​របស់ខ្លួន​ដែលជា​បុរស​ពោះម៉ាយ និង​ជា​អតីតយុទ្ធជន​ក្នុង​សង្គ្រាមស៊ីវិល គឺលោក William Smart
ដោយ: រួបរួម
ទិវា​ឪពុក (Father's Day) ត្រូវបាន​បង្កើតឡើង​ដើម្បី​ឧទ្ទិស​ដល់​ឪពុក​គ្រប់រូប ដូចជា​ដឹងគុណ​ចំពោះ​ម្តាយ​នៅក្នុង​ទិវា​ម្តាយ (Mother's Day) ផងដែរ។ ទិវា​នេះ មិនមែនជា​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ​នោះឡើយ ប៉ុន្តែ​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​បណ្តា​ប្រទេស​ជាច្រើន។ មិនមាន​កាលបរិច្ឆេទ​ក្នុងការ​រៀបចំ​ច្បាស់លាស់​នោះឡើយ ប៉ុន្តែ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន គេ​និយម​ប្រារព្ធ​នៅ​ចំ​ថ្ងៃអាទិត្យ សប្តាហ៍​ទី៣នៃ​ខែមិថុនា។



សារព័ត៌មានថ្មីៗ សូម​លើកយក​ប្រវត្តិខ្លះៗ ទាក់ទង​នឹង​ប្រវត្តិ​នៃ​ទិវា​ឪពុក ឬ​ទិវា​បិតា ជូន​មិត្ត​អ្នកអាន។ អ្នកស្រី  Sonora Dodd ដែលមាន​ដើមកំណើត​នៅ​ក្រុង​វ៉ាស៊ីនតោន ត្រូវបាន​ចាត់ទុកថា ជា​ស្ថាបនិក​នៃ​ទិវា​នេះ នា​ឆ្នាំ១៩០៩ ដោយ​យក​គំរូ​តាម​អ្នកស្រី Anna Jarvis ស្ថាបនិក​នៃ​ទិវា​ម្តាយ។ អ្នកស្រី Dodd បាន​បង្កើត «ទិវា​ឪពុក» ដើម្បី​រំលឹក​ដល់​ឪពុក​របស់ខ្លួន​ដែលជា​បុរស​ពោះម៉ាយ និង​ជា​អតីតយុទ្ធជន​ក្នុង​សង្គ្រាមស៊ីវិល។ អ្នកស្រី​យក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩១០ ដែល​ចំ​ថ្ងៃកំណើត​របស់លោក William Smart ដែលជា​ឪពុក។
 
ដូចជា​ទិវា​ម្តាយ​ផងដែរ ទិវា​ឪពុក​បាន​ក្លាយជា​ថ្ងៃ​សម្រាក​ដ៏​សំខាន់​មួយ​នៅ​សហរដ្ឋអាមេរិក ដោយ​កាលពី​ឆ្នាំ១៩៦៦ លោក​ប្រធានាធិបតី Lyndon Johnson បានប្រកាស​រើស​ថ្ងៃអាទិត្យ សប្តាហ៍​ទី៣នៃ​ខែមិថុនា ជា​ទិវា «Father's Day» ហើយ​លោក​ប្រធានាធិបតី Richard Nixon ដាក់​ទិវា​នេះ​ចូលទៅក្នុង​ច្បាប់​ជា​ធរមាន។

ទិវា​ឪពុក​នេះ ក៏​ជា​ឱកាស​ដ៏​សំខាន់​ក្នុង​ការធ្វើ​អាជីវកម្ម​ផងដែរ ដោយ​ពលរដ្ឋ​អាមេរិក និង​ពលរដ្ឋផ្សេងៗនៅលើ​ពិភពលោក តែងតែ​ចំណាយ​ប្រាក់​ជាច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ទិញ​អំណោយ​គួរ​ជាទី​គាប់ចិត្ត​ដល់​ឪពុក​ជាទី​ស្រឡាញ់​របស់ខ្លួន។

ផ្កាកូឡាប​ត្រូវបាន​ចាត់ទុកជា​ផ្កា​ផ្លូវការ​សម្រាប់​ទិវា​នេះ ដោយ​កូ​ឡាប​ពណ៌​ក្រហម​សម្រាប់​ឪពុក​ដែល​នៅ​រស់រានមានជីវិត រីឯ​កូ​ឡាប​ពណ៌​ស​សម្រាប់​ឧទ្ទិស​ដល់​ឪពុក​ដែល​បាន​លាចាក​លោក​ទៅហើយ។

ក្រៅពី​ការផ្តល់​កាដូ ជា​សម្ភារៈ ការរៀបចំ​ពិធីជប់លៀងផ្សេងៗ កូនប្រុស​ស្រី​នៅ​លោកខាងលិច តែងតែ​និយម​សរសេរ​ពាក្យពេចន៍ល្អៗដែល​ទាក់ទង​នឹង​គុណ រួមទាំង​អនុស្សាវរីយ៍ផ្សេងៗជាមួយ​ឪពុក។

បើតាម​ឯកសារ​មួយចំនួន ទិវា​នេះ​មានកំណើត​យូរណាស់​មកហើយ និង ត្រូវបាន​ប្រារព្ធ​ភាគច្រើន​នៅ​បណ្តា​ប្រទេស​ដែល​កាន់សាសនា​គ្រឹ​ស្ត​កាតូលិក ពោលគឺ​ចំ​ថ្ងៃទី១៩ ខែ​មិនា នៃ​ការ​ប្រារព្ធ​ទិវា « St Joseph's Day» ។ ប្រទេសមួយ​ចំនួន​បាន​ប្រារព្ធ​តាម​ប្រវត្តិ​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​ជាមួយគ្នានេះ​ផងដែរ ប្រទេស​មួយចំនួនទៀត ប្រារព្ធ​ទៅតាម​ប្រវត្តិ និង​ពេលវេលា​ដែល​បានកំណត់រៀងៗខ្លួន ៕

© រក្សាសិទ្ធិដោយ thmeythmey.com