ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ច​ន ឃឺ​រី៖សិទ្ធិមនុស្ស​កម្ពុជា ប្រសើរ​ជាង​ថៃ មី​យ៉ាន់​ម៉ា និង​វៀតណាម
26, Jun 2015 , 7:19 pm        
រូបភាព
ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ចេញ​របាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ទូទាំង​ពិភពលោក​ប្រចាំឆ្នាំ ២០១៤កាលពី​ម្សិលមិញ​នេះ។ ជាធម្មតា​របាយការណ៍​តែងតែ​ត្រូវគេ​បញ្ចេញ​ក្នុង​ខែកុម្ភៈ តែ​ឆ្នាំនេះ​នេះ​ក្រុង​វ៉ាស៊ីនតោន​ពន្យារ​ការបញ្ចេញ​របាយការណ៍​ដោយសារ​បញ្ហា​មួយចំនួន។ ម្សិលមិញ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃឺ​រី បាន​ថ្លែង​សុន្ទរ​កថា​ផងដែរ​មុននឹង​បញ្ចេញ​របាយការណ៍​នេះ។ ជារួម របាយការណ៍​ប្រចាំ​ឆ្នាំនេះ​ទាញអារម្មណ៍​ពិភពលោក​ឲ្យ​ផ្តោតលើ​ស្ថានភាព​សិទ្ធិមនុស្ស ប្រទេសមួយ​ចំនួន​ជា ស៊ី​រី អ៊ីរ៉ង់ គុយបា កូរ៉េខាងជើង វៀតណាម មី​យ៉ាន់​ម៉ា និង​ថៃ ជាដើម​ដោយ​អាមេរិក​ដាក់ឈ្មោះថា​ជា​រដ្ឋ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ។ ចំណែក​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​ក៏​ត្រូវបាន​ពិពណ៌នា​រៀបរាប់​ដោយ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុង​វ៉ាស៊ីនតោន​នេះដែរ ប៉ុន្តែ​កម្ពុជា​មិនត្រូវ​បាន​គេ​រាប់​ចូលក្នុង​ចំណោម​រដ្ឋ​មាន​ស្ថានភាព​សិទ្ធិមនុស្ស​អាក្រក់​ខ្លាំង​ឡើយ។ គេ​មើលឃើញថា ការគោរព​សិទ្ធិមនុស្ស​មាន​ការវិវត្ត៍ទៅមុខ ប៉ុន្តែ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​មួយចំនួន​នៅតែ​មិនទាន់​ប្រសើរ​ឡើយ ដូចជា​សេរីភាព​សារព័ត៌មាន ប្រព័ន្ធយុត្តិធម៌ និង សិទ្ធិ​ជួបជុំ​ជា​សាធារណ​ផង។



របាយការណ៍​អាមេរិក​ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្ស​សកល​ប្រចាំឆ្នាំ បាន​បង្ហាញថា ស្ថានភាព​សិទ្ធិមនុស្ស​ពិភពលោក​ហាក់បីដូចជា​រង​ការគំរាមកំហែង​នាពេល​បច្ចុប្បន្ននេះ។ សិទ្ធិសេរីភាព​ទាំងនោះ​ស្ថិតក្នុង​ភាពគ្រោះថ្នាក់​ដោយសារតែ​បញ្ហា​សង្គម សកម្មភាព​រដ្ឋាភិបាល ព្រមទាំង​ការកើនឡើង​នៃ​ចលនា​ជ្រុលនិយម​ដូចជា​ក្រុម​ភេរវជន​ជាដើម។ ជា​ឧទាហរណ៍ ការកើនឡើង​នៃ​រដ្ឋ​ឥស្លាម និង​អាល់​កៃ​ដា​នៅ​មជ្ឈិមបូព៌ា និង​ក្រុម​បូ​កូ​ហា​រ៉ា​ម​ដែល​កំពុង​បង្ក​គ្រោះថ្នាក់​នៅ​នី​ហ្សី​រី​យ៉ា និង​បណ្តា​រដ្ឋ​អាហ្វ្រិក ព្រមទាំង​ក្រុម​តា​លី​បង់​នៅ​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាដើម។ រដ្ឋាភិបាល​មួយចំនួន​អ​លទ្ធភាព​ដោះស្រាយ​បញ្ហា​ពុករលួយ និង​ការជួញដូរ​មនុស្ស ខណៈពេល​រដ្ឋាភិបាល​នៃ​ប្រទេស​ខ្លះទៀត​ព្យាយាម​ដាក់​គំនៀប​លើ​សេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញមតិ និង សិទ្ធិ​ស៊ីវិល​នយោបាយ​របស់​ប្រជាជន។

យ៉ាងណាក៏ដោយ របាយការណ៍​សិទ្ធិមនុស្ស​ឆ្នាំ ២០១៤ ចងក្រង​ដោយ​អាមេរិក ទើបតែ​ត្រូវ​បញ្ចេញ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​នេះ​ទេ បន្ទាប់ពី​ពន្យារពេល​បោះពុម្ពផ្សាយ​អស់​ជាច្រើន​ខែ​មកហើយ​នោះ។ គេ​សង្ស័យថា ការពន្យារ​ពេលនេះ ដោយសារតែ​សហរដ្ឋអាមេរិក​មិន​ចង់​ឲ្យ​ប៉ះពាល​ដល់​ផែនការ​ស្តារ​ចំណងមិត្តភាព​ជាមួយ​គុយបា និង​គម្រោង​ចរចា​កម្មវិធី​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់។ ជុំវិញ​របាយការណ៍​សិទ្ធិមនុស្ស​នេះ ប្រទេសមួយ​ចំនួន​ត្រូវ​សហរដ្ឋអាមេរិក​រិះគន់ខ្លាំងៗដោយសារ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ពេក។

១. កម្ពុជា​មិន​ស្ថិតក្នុង​ចំណោម​រដ្ឋ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ
ឆ្នាំ ២០១៤ គេ​មើលឃើញថា​ស្ថានភាព​សិទ្ធិមនុស្ស​ជារួម​នៅ​កម្ពុ​ជាមាន​ភាពប្រសើរ ដូច​មិន​ស្ថិតក្រោម​បញ្ជីខ្មៅ​រដ្ឋ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ឡើយ។ ក្នុង​របាយការណ៍​ដែល​ទើប​ចេញផ្សាយ​ម្សិលមិញ ទោះជា​មិនបាន​កោតសរសើរ​ថា​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​ក៏ដោយ ក៏​គេ​ឃើញថា វា​បង្ហាញ​ពី​ភាពប្រសើរឡើង​បញ្ហា​សិទ្ធិមនុស្ស។ ប៉ុន្តែ​របាយការណ៍​ដដែល បាន​សង្កត់ធ្ងន់ថា បញ្ហា​ប្រព័ន្ធយុត្តិធម៌ សេរីភាព​សារព័ត៌មាន និង សិទ្ធិ​ជួបជុំគ្នា​នៅ​ទីសាធារណ​នៅតែ​ជាង​កង្វល់​មួយ​ដ៏​ធំ​ដែល​ត្រូវ​កែលម្អរ។ ជុំវិញ បញ្ហា​ប្រព័ន្ធយុត្តិធម៌ គឹ​គេ​ផ្តោតលើ​ភាព​ឯករាជ្យ​នៃ​ស្ថាប័ន​យុត្តាធិការ។ ក្នុងសង្គម​កម្ពុជា រដ្ឋាភិបាល​នៅ​បន្ត​ប្រើប្រាស​ប្រាស់​អំណាច​និង​ឥទ្ធិពល​ជ្រៀតជ្រែក​លើ​អំណាចតុលាការ ហើយ​ការកាត់ទោស​មិន​គោរព​តាម​នីតិវិធី​ដែលមាន​ចែង​ក្នុង​ច្បាប់​ត្រឹមត្រូវ។ ករណី​ស៊ីសំណូកសូកប៉ាន់ អ្នកមាន​ឈ្នះ អ្នកក្រ​ចាញ់ និង​មាន​អ្នកទោសនយោបាយ​ជាដើម​ផង សុទ្ធតែជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ។

 ចំណែក​បញ្ហា​មួយទៀត គឺ​សេរីភាព​សារព័ត៌មាន​នៅមានកម្រិត និង​ស្ថិតក្រោម​គ្រោះថ្នាក់។សេរីភាព​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ​នៅមានកម្រិត ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​នៅ​បន្ត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​បក្ស​កាន់អំណាច។ បន្ថែម​ពីនេះ ការបញ្ចេញមតិ​នៅតែ​ស្ថិតក្នុង​ភាពភ័យខ្លាច ព្រោះ​អាជ្ញាធរ​ប្រើប្រាស់​ច្បាប់​ដើម្បី​ដាក់ទោស​ទណ្ឌ​ក្នុង​ករណីខ្លះ។ មាន​របាយការណ៍​នេះ​ក៏​បង្ហើប​ផង​ថា អ្នកសារព័ត៌មាន​ខ្លះ​ត្រូវដាក់​ការត្រួតពិនិត្យ​ខ្លួនឯង​មិន​ហ៊ាន​បញ្ចេញ​មតិយោបល​តាម​ជាក់ស្តែង​ឡើយ ហើយក៏​មានការ​គំរាម​បំភ័យ​អ្នកសារព័ត៌មាន​ដែល​រិះគន់​រដ្ឋាភិបាល​ជុំវិញ​សំណុំរឿង រសើប​ដូចជា​ពុករលួយ​ជាដើម​ផង។ រឿង​សំខាន់​មួយទៀត​នោះ​គឺ សិទ្ធិ​ជួបជុំ​និង​ប្រមូល​ផ្តុំគ្នា​នាទី​សាធារណ។ ចាប់តាំងពី​បោះឆ្នោត​ឆ្នាំ ២០១៣ ការប្រមូលផ្តុំ​គ្នា​តាម​ទីសាធារណ​ហាក់ដូចជា​រង​ការ​រឹតត្បិត​បន្តិច ដោយពេល​ខ្លះ​ត្រូវ​ស្នើសុំ​ទៅ​អាជ្ញាធរ​ជាមុន ហើយ​បើ​ការរៀបចំ​ពាក់ព័ន្ធ​នយោបាយ អាច​ត្រូវគេ​ហាមឃាត់​ផង​ក៏មាន។

យ៉ាងណាមិញ​ក្នុង​របាយការណ៍​ក្រុង​វ៉ាស៊ីនតោន​ដដែល​នេះ ក៏​លើកឡើង​ពី​ការវិវត្តន៍​នៃ​សិទ្ធិមនុស្ស​មួយចំនួន​នៅ​កម្ពុជា​ដែរ។ ទីមួយ សង្គម​កម្ពុជា មិន​មានការ​រឹតត្បិត​ការប្រតិបត្តិ​ការ​របស់​ស្ថាប័ន​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឡើយ។ ពួកគេ​អាច​បោះពុម្ពផ្សាយ​របាយការណ៍ និង​ធ្វើ​សកម្មភាព​ដោយ​សេរី។ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​ខ្វះខាត​ឆន្ទៈ​បង្កើន​ការសហការ និង​មាន​ករណី​មន្ត្រី​រដ្ឋាភិបាល​គំរាមកំហែង​និង​រើសអើង​ស្ថាប័ន​ទាំងនេះ​ផង។ បើ​មើល​លើ​វិស័យ​អប់រំ កម្ពុជា​មិនបាន រឹតត្បិត​សេរីភាព​នៃ​ការស្រាវជ្រាវ ប៉ុន្តែ​នៅមាន​ការភ័យខ្លាច​រប​ស់​អ្នកស្រាវជ្រាវ​ខ្លួនឯង។ ចំណែក​សេរីភាព​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​មិនទាន់មាន​ការដាក់​សម្ពាធ​ឬ​ហាមឃាត់​ឡើយ។ ក្រុង​វ៉ាស៊ីនតោន ក៏​មើលឃើញ​ពី​ការលើកកម្ពស់​សិទ្ធិ​ជនពិការ និង​ម​ការលុបបំបាត់​ការរើសអើង​ពូជសាសន៍ ក្រុម​ជនជាតិភាគតិច ពណ៌​សម្បុរស្បែក​នៅក្នុង​សង្គម​ដែរ។

ចុងក្រោយ កម្ពុជា​ព្យាយាម​លើកកម្ពស់​ការផ្សព្វផ្សាយ​ចំណេះដឹង ស្តីពី​អាយុ និង​សិទ្ធិ​រៀបការ ហើយ​មិនមាន​វិធានការ​ឬ​ច្បាប់​មាន​គោលដៅ​រើសអើង ហាមឃាត់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អ្នក​កែ​ភេទ​ឡើយ។

២.អាមេរិក​រិះគន់​សិទ្ធិមនុស្ស​មី​យ៉ាន់ ថៃ វៀតណាមខ្លាំងៗ
ខណៈ​កម្ពុជា​មិន​ត្រូវបាន​អាមេរិក​វាយប្រហារ​រឿង​ស្ថានភាព​សិទ្ធិមនុស្ស​ឆ្នាំ ២០១៤ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មាន​ថៃ វៀតណាម និង​មី​យ៉ាន់​បែរជា​ត្រូវ​អាមេរិក​រិះគន់​យ៉ាងខ្លាំង។ អាមេរិក​រិះគន់​ប្រទេស​ទាំងបី​ដោយ​ផ្តោតលើ​បញ្ហាផ្សេងៗគ្នា  ហើយ​នេះ​ប្រហែលជា​លើកទីមួយ ដែល​អាមេរិក​លែង​ថៃ​ធ្ងន់​ធ្ងន់​បែបនេះ។ ជុំវិញ​ការរិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ថៃ វា​គ្មានអ្វី​ក្រៅពី​បញ្ហា​កើតឡើង​ក្រោយ​រដ្ឋប្រហារ​ថ្ងៃ ២២ឧសភា​ឡើយ។ តាំងពី​កើតមាន​រដ្ឋប្រហារ​យោធា​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​យោធា ប្រា​យុទ្ធ ចាន់​អូ​ចា សង្គម​ថៃ​ត្រូវ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​យោធា សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​ត្រូវ​រឹតត្បិត រដ្ឋធម្មនុញ្ញ​ត្រូវ​និរាករណ៍​ចោល ហើយ​អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស និង​អ្នកនយោបាយ​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​របប​សឹក ហើយ​មាន​ខ្លះ​ត្រូវគេ​ចាប់ ឃុំឃាំង និង​ត្រូវ​ជាប់ពន្ធនាគារ​ផងដែរ។ កន្លងមក​អាមេរិក​ធ្លាប់​ស្នើ​ឲ្យ​របប​យោធា​ថៃ​ផ្ទេរអំណាច ទទួលយក​ប្រជា​ធិ​តេ​យ្យ​ជាថ្មី​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​មិនដែល​ខ្វល់​សោះ។

ចំណែក បញ្ហា​មី​យ៉ាន់​ម៉ា​ឯណោះ​វិញ គឺពាក់ព័ន្ធ​ការរំលោភ​សិទ្ធិ​ជនជាតិភាគតិច​ឥស្លាម​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន របស់​អាជ្ញាធរ និង​ក្រុម​ភាគច្រើន​ដែល​កាន់សាសនា​ព្រះពុទ្ធ។ រឿងរ៉ាវ​ធ្វើទុក្ខបុកម្នេញ ចាប់ផ្តើម​ឡើង​ខ្លាំង​អំឡុង​ឆ្នាំ២០១២ នៅពេលដែល​ជម្លោះសាសនា​កើតឡើង។ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាប​ន្ត​ប្រឈមមុខ​ការរើសអើង ធ្វើទុក្ខបុកម្នេញ សព្វបែបយ៉ាង និង​គ្រប់​រូបភាព រហូតដល់​ព្យាយាម​រត់ចេញ​ពី​ស្រុក​ផងដែរ។  ក្រៅពី​រំលោភសិទ្ធិ​ជនជាតិភាគតិច ការ​រឹតត្បិត​សិទ្ធ​ជួបជុំគ្នា សេរីភាព​សាសនា ដើរហើរ សេរីភាព​សារព័ត៌មាន និង​បញ្ចេញមតិ​នៅតែ​ជាង​កង្វល់​ដ៏​ធំ ទោះជា​មី​យ៉ាន់​ម៉ា​ប្រកាស​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ក៏ពិតមែន។ 

ប្រទេស​មួយទៀត​គឺ​វៀតណាម។ កន្លងមក​អាមេរិក​ធ្លាប់​សាទរ​វៀតណាម​ដែល​ព្រម​កែ​រដ្ឋធម្មនុញ្ញ បន្ថែម​បញ្ហា​សិទ្ធិមនុស្ស​ផង ប៉ុន្តែ​ក្រោយ​កែប្រែ​ហើយ​វៀតណាម​មិនបាន​អនុវត្ត​ពេញលេញ​ឡើយ។ សិទ្ធិមនុស្ស​នៅតែ​ជា​រឿងចម្រូងចម្រាស និង​ស្ថិតក្នុង​កម្រិត​ទាប​បំផុត។ សិទ្ធិ​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាជន​នៅតែ​ស្ថិតក្រោម​ការ​រឹតត្បិត​ដ៏​រ៉ឹង​បំផុត​របស់​បក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម។  សិទ្ធិ​ឯកជន និង​សិទ្ធិ​អ៊ិន​ធឺ​ណែ​ត នៅតែ​ស្ថិតក្នុង​កណ្តាប់ដៃ​ដែក​អាជ្ញាធរ​ក្រុង​ហាណូយ​ដដែល៕


© រក្សាសិទ្ធិដោយ thmeythmey.com