ភ្នំពេញ៖ រយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបានសង្កេតឃើញថា រដ្ឋាភិបាលបានចាប់ផ្ដើមប្រើវិធានការក្ដៅគួរឱ្យកត់សម្គាល់ ដើម្បីពិនិត្យភាពស្របច្បាប់របស់ជនអន្តោប្រវេសន៍ ដែលបានចូលមកស្នាក់នៅកម្ពុជា។ ជាពិសេស ចំណាត់ការដំបូងៗនេះ ត្រូវបានគេមើលឃើញថា រដ្ឋាភិបាលកម្ពុជា បានធ្វើទៅលើជនអន្តោប្រវេសន៍វៀតណាម និងចិន។ ក្រៅពីជនអន្តោប្រវេសន៍វៀតណាមនិងចិន កម្ពុជា ក៏មានជនអន្តោប្រវេសន៍ផ្សេងៗទៀត ដូចជា ឥណ្ឌា អាហ្វ្រិក និង អឺរ៉ុប ជាដើម។ ហេតុនេះ រដ្ឋាភិបាលគួរចាត់វិធានការរឹតបន្តឹងភាពស្របច្បាប់របស់ជនអន្តោប្រវេសន៍ទាំងនេះផងដែរ។
ឆ្លងតាមតថភាពសង្គម យើងបានឃើញថា ជនអន្តោប្រវេសន៍មិនស្របច្បាប់មួយចំនួនក្នុងចំណោមជនអន្តោប្រវេសន៍ វៀតណាមនិងចិន ដែលបានមកស្នាក់នៅកម្ពុជា កន្លងមក ពួកគេធ្លាប់ប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ ចាប់ជំរិត ជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដែលបង្កការភ័យខ្លាច និងអសន្តិសុខនៅកម្ពុជា ជាពិសេស នៅទី ក្រុងភ្នំពេញ និងទីក្រុងទេសចរណ៍មួយចំនួនទៀត។ ចំណែកជនអន្តោប្រវេសន៍ផ្សេងៗទៀត ក៏ធ្លាប់ប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា ការឆបោកតាមវិធីផ្សេងៗ និងការរំលោភផ្លូវភេទកុមារ ជាដើម។ ផ្ទុយទៅវិញ ជនអន្តោប្រវេសន៍ វៀតណាម ចិន ជនជាតិដទៃទៀត ដែលកំពុងរស់នៅកម្ពុជាដោយស្របច្បាប់ ពួកគេក៏បានគោរពច្បាប់របស់កម្ពុជា និងបានរួមចំណែកអភិវឌ្ឍសង្គមខ្មែរក្នុងវិស័យផ្សេងៗផងដែរ។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏ការរឹតបន្តឹងភាពស្របច្បាប់លើជនអន្តោប្រវេសន៍នៅកម្ពុជា គឺជារឿងត្រូវតែធ្វើជាចាំបាច់ ដើម្បីគ្រប់គ្រងចំនួនជនអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់ បែងចែកប្រភេទជនអន្តោប្រវេសន៍(ទេសចរណ៍, ការងារ ...), ជនអន្តោប្រវេសន៍ស្របច្បាប់ និង ជនអន្តោប្រវេសន៍មិនស្របច្បាប់ ជាដើម។ ប្រសិនបើយើងធ្វើបែបនេះបាន នោះយើងនឹងអាចរៀបចំជនអន្តោប្រវេសន៍ឱ្យមានសណ្ដាប់ធ្នាប់ កំណត់មុខសញ្ញា ចាត់វិធានការចំពោះជនអន្តោ-ប្រវេសន៍មិនស្របច្បាប់ ដើម្បីឱ្យពួកគេបំពេញបែបបទទៅតាមច្បាប់ បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅប្រទេស ដើមវិញ ឬកសាងបែបបទបញ្ជូនពួកគេទៅតុលាការ ប្រសិនបើពួកគេប្រព្រឹត្តខុសច្បាប់អន្តោប្រវេសន៍របស់កម្ពុជា។
វិធានការបែបនេះ ប្រទេសជិតខាងរបស់កម្ពុជា និងប្រទេសដទៃទៀត បានអនុវត្តតាំងពីយូរហើយ ដោយឡែក នៅកម្ពុជា ការអនុវត្តច្បាប់អន្តោប្រវេសន៍ ហាក់ដូចជាមិនទាន់មានភាពតឹងរ៉ឹង និងប្រកបដោយនិរន្តរភាពនៅ ឡើយ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ក្នុងនាមអ្នកតាមដានបញ្ហាសង្គម យើងសូមស្វាគមន៍ និងកោតសរសើរចំពោះមន្ត្រីមានសមត្ថកិច្ចរបស់កម្ពុជា ដែលកំពុងបើកប្រតិបត្តិការថ្មីៗ លើកិច្ចការពិនិត្យភាពស្របច្បាប់របស់ជនអន្តោប្រវេសន៍ និងសូមឱ្យប្រតិបត្តិការនេះប្រព្រឹត្តទៅជានិរន្ត និងទូលំទូលាយ។
គួរគត់សម្គាល់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ មន្ត្រីមានសមត្ថកិច្ច បានចុះទៅពិនិត្យជនអន្តោប្រវេសន៍ នៅការដ្ឋានសំណង់ចំនួន៣កន្លែងនៅកោះពេជ្រ បានរកឃើញជនអន្តោប្រវេសន៍វៀតណាមនិងចិន ចំនួន ២១៥នាក់ ក្នុងនោះមានតែ៣០នាក់ប៉ុណ្ណោះ ដែលមានភាពស្របច្បាប់។ នៅថ្ងៃទី២៥ ខែមិថុនា ជនអន្តោប្រវេសន៍វៀតណាម ១០៩នាក់ទៀត ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួន ក្នុងខណ្ឌច្បារអំពៅ បន្ទាប់ពីត្រួតពិនិត្យឃើញថា ពួកគេបានឆ្លងដែនមកធ្វើការដោយខុសច្បាប់នៅកម្ពុជា។ ក្រៅពីនេះ នៅកន្លែងផ្សេងៗទៀតក៏មានការរឹតបន្តឹងភាពស្របច្បាប់លើជនអន្តោប្រវេសន៍វៀតណាមដែរ ដូចជា នៅតាមដងទន្លេមេគង្គត្រង់តំបន់អរិយក្សត្រ និងនៅតាមដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងជាដើម។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៥នេះ នគរបាលបានឃាត់ខ្លួន និងបណ្តេញចេញជនជាតិវៀតណាមខុសច្បាប់ជាង ១១០០នាក់ហើយ។ យោងតាមសារព័ត៌មានថ្មីៗ ដែលដកស្រង់របាយការណ៍បូកសរុបរបស់អគ្គនាយកដ្ឋានអន្តោ-ប្រវេសន៍ បង្ហាញថា គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ជនអន្ដោប្រវេសន៍ សរុប មាន ២៣៨៣ នាក់(មាន ៤៣ សញ្ជាតិ) ត្រូវបានបញ្ជូន និងបណ្តេញចេញពីកម្ពុជា ក្នុងនោះ ២០២៧ នាក់ស្មើនឹង ៨៥ ភាគរយ ជាជនជាតិវៀតណាម។
យោងទៅតាមតួលេខដែលបានបង្ហាញនេះ បញ្ជាក់ថា នៅកម្ពុជា ជនអន្ដោប្រវេសន៍វៀតណាមខុសច្បាប់ មានចំនួនច្រើនជាងបំផុតក្នុងចំណោមជនអន្ដោប្រវេសន៍ដទៃទៀត។ លើសពីនេះទៀត វាក៏អាចមានន័យថា ការឆ្លងដែនរបស់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់មកកម្ពុជា មានភាពងាយស្រួល ឯការស្នាក់នៅដោយខុសច្បាប់របស់ពួកគេនៅកម្ពុជាកន្លងមក ក៏មិនសូវមានឧបសគ្គដែរ។ សូមបញ្ជាក់ថា កន្លងមក ក៏ធ្លាប់ការខ្វែងគំនិតគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំងដែរអំពីចំនួនសរុបនៃជនអន្ដោប្រវេសន៍វៀតណាមនៅកម្ពុជា ទាំងស្របច្បាប់ ទាំងមិនស្របច្បាប់។ បក្សកាន់អំណាចអះអាងថា ជនអន្ដោប្រវេសន៍វៀតណាម មានត្រឹមតែប្រមាណរាប់សែននាក់ប៉ុណ្ណោះ ឯបក្សប្រឆាំងវិញថា ជនអន្ដោប្រវេសន៍វៀតណាម មានរហូតដល់រាប់លាននាក់។
បញ្ហាជនអន្ដោប្រវេសន៍វៀតណាមនេះ ត្រូវបានគេយកមកធ្វើជាកម្មវត្ថុនៃការឃោសនារកសំឡេងឆ្នោតរាល់ការបោះឆ្នោតម្ដងៗ ។ វានៅតែជាបញ្ហាស្មុគស្មាញ និងបញ្ហារសើបនៅក្នុងសង្គមខ្មែរ មិនចាញ់បញ្ហាព្រំដែនប៉ុន្មានទេ។ យើងសង្ឃឹមថា ប្រសិនបើបេសកកម្ម ឬប្រតិបត្តិការរឹតបន្តឹងភាពស្របច្បាប់លើជនអន្ដោប្រវេសន៍វៀតណាម ចិន និងជនជាតិដទៃទៀត ត្រូវបានគេធ្វើឡើងដោយនិរន្តរភាព តម្លាភាព ភាពច្បាស់លាស់ ដោយចេតនាល្អ និងមិនធ្វើឡើងបែបប្រជាភិថុតិ ឬធ្វើឡើងគ្រាន់តែឱ្យល្អមើលទេ នោះបញ្ហាជនអន្ដោប្រវេសន៍វៀតណាម នឹងលែងក្លាយទៅជាប្រធានបទក្ដៅក្នុងការឃោសនារកសំឡេងឆ្នោតទៀតហើយ ឯជនអន្ដោប្រវេសន៍ដទៃទៀតក៏ត្រូវបានគេគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពដែរ៕