ជាតិ
សង្គមជាតិ
សេចក្ដីព្រាងច្បាប់ស្ដីពីកៅស៊ូ នឹងបញ្ជូនទៅឲ្យរាជរដ្ឋាភិបាលអនុម័តនៅចុងឆ្នាំនេះ
× សេចក្ដីព្រាងច្បាប់ស្ដីពីកៅស៊ូនឹងចេញនៅចុងឆ្នាំនេះ បន្ទាប់ពីក្រសួងធ្វើការពិនិត្យកែសម្រួល និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ដល់សេដ្ឋកិច្ចគ្រួសារ មុនបញ្ជូនទៅឲ្យរាជរដ្ឋាភិបាលអនុម័ត។
លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន មានប្រសាសន៍ កាលពីថ្ងៃទី២៤ខែមិថុនាថា៖«ដំណើរការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីកៅស៊ូនេះ ត្រូវការត្រួតពិនិត្យបន្ថែមលើខ្លឹមសារឱ្យបានគ្រប់គ្រាន់ មុននឹងបញ្ជូនទៅគណៈរដ្ឋមន្ដ្រី ហើយច្បាប់នេះគ្រោងនឹងចេញនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៦ខាងមុខ»។
លោកឡោ រស្មី បន្តថា៖«ក្រសួងនឹងត្រូវរៀបចំកិច្ចប្រជុំជាមួយអង្គភាពជំនាញ និងធ្វើជាសិក្ខាសាលាពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីឲ្យខ្លឹមសារនៃច្បាប់នេះមានលក្ខណៈកាន់តែល្អប្រសើរថែមទៀត»។
សូមបញ្ជាក់ថាទីផ្សារកៅស៊ូនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ពីតម្លៃមធ្យម៤,៥០០ដុល្លារក្នុងមួយតោននៅឆ្នាំ២០១១ មកត្រឹមចន្លោះ១,៨០០ដុល្លារ ទៅ២ពាន់ដុល្លារក្នុងមួយតោនក្នុងឆ្នាំ២០១៣ និងបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ការធ្លាក់ចុះនេះ គឺដោយសារតែការធ្លាក់ចុះតម្រូវការទីផ្សារទូទាំងពិភពលោក ពិសេសទីផ្សារនៅក្នុងប្រទេសចិន។
យោងតាមរយបាយការណ៍ក្រសួងកសិកម្ម បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង៣០ម៉ឺនហិក តា ក្នុងនោះដីរបស់រដ្ឋជាង៥ម៉ឺនហិកតា ដីសម្បទានសេដ្ឋកិច្ចជាង១០ម៉ឺនហិកតា និងដីជា លក្ខណៈគ្រួសារមានជិត១៥ម៉ឺនហិកតា៕
ប្រភព៖ AKP
© រក្សាសិទ្ធិដោយ thmeythmey.com