សង្គមជាតិ
អន្តរជាតិ
ក្រិកធ្វើប្រជាមតិ ក្រោយគ្មានសង្ឃឹមក្នុងការចរចាជាមួយម្ចាស់បំណុល
× នាយករដ្ឋមន្ត្រីក្រិចសម្រេចថានឹងរៀបចំប្រជាមតិនៅថ្ងៃ៥ កក្កដាខាងមុខ ដើម្បីឲ្យប្រជាជនក្រិកសម្រេចជោគវាសនាប្រទេសជាតិខ្លួនថាគួរតែទទួលយកសំណើរបស់ម្ចាស់បំណុលបរទេស។ ក្រិកសុខចិត្តធ្វើប្រជាមតិដោយសារក្តីសង្ឃឹមចេះតែតិចទៅៗ ហើយម្ចាស់បំណុលទាមទារឲ្យក្រិកអនុវត្តកំណែទម្រង់និងគោលនយោបាយត្បិតត្បៀត បើចង់បានលុយដោះបំណុល។ ប៉ុន្តែប្រជាជនក្រិកមិនពេញចិត្តលក្ខខណ្ឌទាំងនេះទេ។
ក្រោយចរចាគ្មានបានផ្លែផ្កា ម្ចាស់បំណុលនៅតែរក្សាជំហរបង្ខំឲ្យក្រិកអនុវត្តតាមសំណើររបស់ខ្លួនសិន មុននឹងផ្តល់លុយជួយក្រិក នាយករដ្ឋមន្ត្រីក្រិក Alexis Tsipras បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា ក្រិកនឹងមានប្រជាមតិមួយនៅថ្ងៃ ៥កក្កដាខាងមុខ ដើម្បីឲ្យប្រជាជនសម្រេចលើជោគវាសនាប្រទេសជាតិថាតើគួរទទួលសំណើរម្ចាស់បំណុលឬអត់ទេ។ ប្រជាជនក្រិកត្រូវសម្រេចចិត្តរួមគ្នា លើបញ្ហាអាយុជីវិតប្រទេសជាតិ ព្រោះទាំងរដ្ឋាភិបាលក្រិកនិងប្រជាជនក្រិកសុទ្ធតែយល់ថា សំណើររបស់ក្រុមម្ចាស់បំណុលគ្មានភាពស្មោះត្រង់និងមិនត្រឹមត្រូវឡើយ។
លោកនាយករដ្ឋមន្ត្រី Tsipras បានថ្លែងថា សំណើរនិងលក្ខខណ្ឌនានារបស់ក្រុមម្ចាស់បំណុលពិតជារំលោភលើច្បាប់សហភាពអឺរ៉ុប ជាពិសេសសិទ្ធិធ្វើការងារ ស្មើភាពគ្នានិងដោយភាពថ្លៃថ្នូរ។ ដូច្នេះហើយលោកមិនអាចសម្រេចម្នាក់ឯងឡើង វាចាំបាច់ត្រូវមានការចូលរួមពីប្រជាជនក្រិកទូទាំងប្រទេស។
នាយករដ្ឋមន្ត្រីខាងលើបានប្រកាសដូច្នេះ ក្រោយពេលដែលោកចំណាយពេលច្រើនម៉ោងជជែកជាមួយមេដឹកនាំអឺរ៉ុប និងម្ចាស់បំណុលផ្សេងទៀតនៅក្រុងប្រ៊ុយសែល ហើយក្រុមម្ចាស់បំណុលសុខចិត្តបន្ថែមពេល៥ខែលើគម្រោងផ្តល់លុយជំនួយដល់ក្រិក។ សំណើររបស់ម្ចាស់បំណុលអាចផ្តល់លុយជំនួយ ១៥.៥ពាន់លានអឺរ៉ូ ប៉ុន្តែរឿងសំខាន់វាមានលក្ខខណ្ខសម្រាប់ក្រិក ដែលត្រូវធ្វើតាមជាពិសេសអនុវត្តគោលនយោបាយកំណែទម្រង់។ នៅថ្ងៃសៅរ៍នេះរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបនឹងជជែកពិភាក្សាគ្នាទៀតពីបញ្ហានេះផងដែរ។
បើទោះជាក្រិករិះគន់សហភាពអឺរ៉ុប និងម្ចាស់បំណុលរឿងសំណើរនេះក៏ដោយ លោកស្រីអធិការបតីអាឡឺម៉ង់ អែនជេឡា មឺហ្កែល បានអះអាងថា វាជាសណ្តានចិត្តដ៏ពិសេស ដែលក្រិកគួរតែទទួលយក។ លក្ខណ្ឌដែលក្រិកត្រូវទទួលយក បើសិនក្រិកចង់បានលុយដោះបំណុលនោះគឺ រដ្ឋាភិបាលត្រូវកាត់បន្ថយការចំណាយ រួមទាំងចំណាយលើសេវាសាធារណបម្រើប្រជាជន ហើយក្រិកក៏ចាំបាច់តំឡើងពន្ធលើវិស័យជំនួញ និងរាល់ផលិតផលលក់ចេញនិងសេវាផងដែរ។ ជុំវិញបញ្ហាប្រជាមតិនេះ គេភ័យខ្លាចថា ប្រជាជនក្រិកនឹងបោះឆ្នោតបដិសេធសំណើរម្ចាស់បំណុល ដែលមានន័យថាក្រិកនឹងមិនមានលុយសម្រាប់សងម្ចាស់បំណុលឡើយ។ រដ្ឋាភិបាលក្រិកអាចប្រកាសមិនសងបំណុល ហើយចាកចេញពីតំបន់ចាយលុយអឺរ៉ូ ដែលវានឹងបង្កផលប៉ះពាលខ្លាំងដល់តំបន់អឺរ៉ុប និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលផង៕
© រក្សាសិទ្ធិដោយ thmeythmey.com