ជាតិ
លោក ហ៊ុន សែន ប្រកាស​បន្ត​វប្បធម៌​សន្ទនា​ ក្នុង​ថ្ងៃ​កំណើត​បក្ស​
28, Jun 2015 , 8:20 am        
រូបភាព
សមាជិក​គណបក្ស​ប្រជាជនកម្ពុជា​ក្នុង​ថ្ងៃ​រម្លឹក​ខួបឆ្នាំ​ទី​៦៤​នៃ​កំណើត​គណបក្ស​
សមាជិក​គណបក្ស​ប្រជាជនកម្ពុជា​ក្នុង​ថ្ងៃ​រម្លឹក​ខួបឆ្នាំ​ទី​៦៤​នៃ​កំណើត​គណបក្ស​
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​អ្នកអាន​សុន្ទរកថា៩ទំព័រ​នៅក្នុង​ថ្ងៃកំណើត​គណបក្ស​លើក​ទី៦៤នៅ​ថ្ងៃទី២៨មិថុនា​នេះ។ នៅក្នុង​សុន្ទរកថា​នោះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​លើកកម្ពស់​វប្បធម៌​សន្ទនា​ជាមួយ​ចលនានយោបាយផ្សេងៗ ។



ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​ជា​នាយករដ្ឋមន្ត្រី​ផង​នោះ បាន​រំ​ឮ​ក​អំពី​សមិទ្ធផល​ជាច្រើន ដែល​បង្ហាញថា​គណបក្ស​ដឹកនាំ​ប្រទេស​តាំងពី​ក្រោយ​ការដួលរលំ​របប​ខ្មែរក្រហម​មកនេះ សម្រេចបាន។ ក្នុងចំណោម​ស្នាដៃ​ចុងក្រោយ លោក ហ៊ុន សែន ក៏​មិនបាន​បំភ្លេច​លើកឡើង​អំពី​វប្បធម៌​សន្ទនា ដែល​លោក​បាន​បង្កើត​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ។ វប្បធម៌​សន្ទនា​នេះ​ត្រូវបាន​ប្រធាន​គណបក្សកាន់អំណាច បញ្ជាក់ថា វា​គឺជា​ផ្នែក​មួយ​នៃ​នយោបាយ​សាមគ្គី​ប្រជាជាតិ​ទាំងមូល។

«គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​ជំហរ​យ៉ាងរឹងមាំ​ក្នុងការ​ថែរក្សា​ការពារ​រាល់​សមិទ្ធផល​នៃ​សង្គមជាតិ ជាពិសេស​គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដេ​ល​ជា​សមិទ្ធផល​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន។ យើង​នឹង​បន្ត​លើកកម្ពស់ វប្បធម៌​សន្ទនា ជាមួយ​គណបក្សនយោបាយ​ទាំងអស់ ដោយ​បញ្ចប់​ការប្រឈមមុខគ្នា ក្នុង​គោលបំណង​ធានា​ឲ្យ​បាន​នូវ​ស្មារតី​សាមគ្គី​ប្រជាជាតិ​ទាំងមូល ធានា​នូវ​បរិយាកាស​នយោបាយ​ល្អ ប្រសើរ​ប្រកបដោយ​ស្ថិរភាព ក៏ដូចជា​ធានា​នូវ​ការជឿទុកចិត្ត​របស់​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស»។ នេះ​គឺជា​ការ​ថ្លែង​របស់លោក ហ៊ុន សែន។



© រក្សាសិទ្ធិដោយ thmeythmey.com