ជាតិ
សង្គមជាតិ
ជនជាតិវៀតណាមជាង១ពាន់នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញទៅប្រទេសវិញ
× នៅព្រឹកថ្ងៃទី២៨ខែមិថុនានេះ អាជ្ញាធរកម្ពុជា បានបណ្តេញចេញជនជាតិវៀតណាមចំនួន ៧៧ នាក់ ក្នុងនោះ មានស្ត្រី ១១នាក់ ទៅប្រទេសកំណើតវិញ បន្ទាប់ពីអាជ្ញាធរកម្ពុជារកឃើញថាពួកគេមិនមានលិខិតស្នាមត្រឹមត្រូវ។
បើតាម លោក អ៊ុក ហៃ សិលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមទាំង៧៧នាក់នោះ ដែលបានបណ្តេញចេញនោះ គឺជាជនជាតិវៀតណាមដែលអាជ្ញាធរបានឃាត់ខ្លួនកន្លងមក នៅទីក្រុងកោះពេជ្រ សង្កាត់ផ្សារដើមថ្កូវ ផ្សារកណ្តាល ខណ្ឌច្បារអំពៅ ខេត្តសៀមរាប ព្រះសីហនុ និងខេត្តបាត់ដំបងជាដើម ហើយពួកគេ ត្រូវបានបណ្តេញចេញតាមច្រកទ្វារអន្តរជាតិព្រំដែនបាវិត និង ក្អមសំណរ ខេត្តស្វាយវៀង។
បើតាមលោក អ៊ុក ហៃ សិលា ដដែល ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥នេះ មានជនជាតិវៀតណាមចំនួន១,២១២នាក់ហើយ ដែល ត្រូវបានអាជ្ញាធរកម្ពុជា បណ្តេញចេញទៅកាន់ប្រទេសរបស់វៀតណាមវិញ ។ លោកថា ប្រតិបត្តិការស្វែងរក និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ក៏នឹងធ្វើឡើងជាបន្តបន្ទាប់ទៀតដែរ។
គួរម្លឹកថា កាលពីពេលថ្មីៗនេះ សមត្ថកិច្ចអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ជាំង២០០នាក់ បន្ទាប់ពីត្រួតពិនិត្យឃើញថា ពួកគេពុំមានលិខិតឆ្លងដែន និងធ្វើការដោយខុសច្បាប់នៅកម្ពុជា។ ក្នុងនោះជនជាតិចំនួន១៣១នាក់ និងចិនចំនួន៨៤ ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៣ នៅការដ្ឋានសំណង់៣ កន្លែងក្នុងទីក្រុងរណបកោះពេជ្រ ១០៩ នាក់ទៀត ឃាត់ខ្លួននៅថ្ងៃទី២៥មិថុនា នៅទីតាំងទិញលក់អេតចាយមួយកន្លែង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ៕
© រក្សាសិទ្ធិដោយ thmeythmey.com