ជាតិ
សង្គមជាតិ
សហគមន៍​ទូក​កំពង់​ភ្លុក​ត្រៀម​បោះឆ្នោត​ម្តងទៀត​ក្រោយ​ផ្ទុះ​អំពើហិង្សា
29, Jun 2015 , 12:32 pm        
រូបភាព
រូបភាព៖ លោក នួន រតន៍
រូបភាព៖ លោក នួន រតន៍
សៀមរាប៖ សហគមន៍​ទូក​អុំ និង​កាណូត​នៅ​តំបន់​ទេសចរណ៍​កំពង់​ភ្លុក ខេត្តសៀមរាប នឹង​រៀបចំ​ពិធី​បោះឆ្នោត​ជា​លើក​ទី២នៅថ្ងៃនេះ បន្ទាប់ពី​ការបោះឆ្នោត​លើក​ទី១ ដើម្បី​ជ្រើសរើស​ប្រធាន​សហគមន៍ និង​អនុប្រធាន​នោះ មានការ​រំខាន​ពី​សហគមន៍​ខាងក្រៅ។ ការរំខាន ដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត​ត្រូវ​ផ្អាក​នៅ​ថ្ងៃទី ២៧ មិថុនា បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ រងរបួស​ធ្ងន់​ស្រាយ​ផងដែរ។



សមាជិក​សហគមន៍​កំពង់​ភ្លុក លោក ស៊ុន ចាន់​សេរី បាន​ឲ្យ​ដឹងថា សហគមន៍​របស់លោក​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន ដើម្បី​គ្រប់គ្រង​ការលក់​សំបុត្រ​ទូក​នៅ​តំបន់​កំពង់​ភ្លុក​សាជាថ្មី​នៅ​ថ្ងៃ​ចន្ទ​នេះ បើទោះជា​មានការ​រំខាន​ពី​ប្រជាពលរដ្ឋ​មកពី​សហគមន៍​ខាងក្រៅ ដែល​តាម​ការអះអាង គឺ​ពួកគេ មានការ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ស៊ូ​ជី​ង យ៉ាងណាក្តី។ ក្រុមហ៊ុន ស៊ូ​ជី​ង បាន​គ្រប់គ្រង​ការលក់​សំបុត្រ​នៅ​តំបន់​កំពង់​ភ្លុក ហើយ​ក្រោយមក ក៏​ត្រូវបាន​រដ្ឋាភិបាល​បង្គាប់​ឲ្យ​ផ្អាក​ដំណើរការ​ទាំងស្រុង តាមរយៈ​សជណ ចុះ​ថ្ងៃទី១៩ មេសា ឆ្នាំ២០១៥ ។

បើតាម​ការបញ្ជា​ក់រប​ស់លោក ចាន់​សេរី លោក​មានការ​បារម្ភ​ខ្លាច​មាន​ជម្លោះ​កើតឡើង​សាជាថ្មី ខណៈដែល​វត្តមាន​របស់​សមាជិក​ក្រុមហ៊ុន ស៊ូ​ជី​ង បន្ត​នៅ​មូលដ្ឋាន​របស់លោក។ លោក ចាន់​សេរី បញ្ជាក់ថា៖« អ្នក​រំខាន​ដែល​រៀបចំឡើង​ដោយ​ក្រុម​ស៊ូ​ជី​ង មាន​ខ្លះ​មកពី​ចុង​ឃ្នៀ​ស មេ​ជ្រៃ ខ្លះ​នៅ​សហគមន៍​កំពង់​ភ្លុក​តែម្តង បាន​បោះ​តុង ដេក​យាម​នៅមុខ​សាលាស្រុក​តែម្តង ចាំ​រំខាន​មិន​ឲ្យ​យើង​បោះឆ្នោត​ទេ»។ លោក ចាន់​សេរី បញ្ជាក់ថា អ្នក​ដែល​ដឹកនាំ​ក្រុម​តវ៉ា​នោះ មានឈ្មោះ គីម សុ​ផានី ដែល​គេ​ស្គាល់​ថា ជា​អគ្គនាយក​ក្រុមហ៊ុន ស៊ូ​ជី​ង។

តំបន់​ទេសចរណ៍​កំពង់​ភ្លុក មាន​ទីតាំងនៅ​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។ ភ្ញៀវទេសចរ តែង​ជួល​ទូក​ជិះ​មើល​តំបន់​ទេសចរណ៍ធម្មជាតិ​នៅ​ទីនោះ និង​គយគន់​ភូមិ​បណ្តែត​ទឹក​នៅ​ទីនោះ​ជាដើម។ ដើម្បី​រៀបចំ​ការគ្រប់គ្រង​នៅ​ទីនោះ​ឲ្យ​បានល្អ បន្ទាប់ពី​រដ្ឋាភិបាល​ដ​ក​សិទ្ធិ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ស៊ូ​ជី​ង ថ្នាក់ដឹកនាំ​ខេត្ត បាន​ចុះ​រៀបចំ​ការបោះឆ្នោត ដើម្បី​ឲ្យ​សហគមន៍​ទូក គ្រប់គ្រង​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវ។

គួរ​បញ្ជាក់ថា នៅ​សហគមន៍​កំពង់​ភ្លុក​សរុប​ទាំងអស់ មាន​ទូក​អុំ​ដៃ​ចំនួន ៧៥៧ និង​ទូក​ធំ ចំនួន ២១៦ ដោយមាន​ការដាក់​វេន​គ្នា។ មានការ​តវ៉ា​ជាច្រើនលើក​ច្រើនសារ អំឡុងពេល​ក្រុមហ៊ុន ស៊ូ​ជី​ង​នៅ​គ្រប់គ្រង គឺ​ការយក​តម្លៃ​សំបុត្រ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​បាត់​ភ្ញៀវ​នៅ​តំបន់​នោះ​ជាដើម។ គេ​នៅ​មិនទាន់​ដឹងថា តើ​ការបោះឆ្នោត​លើក​ទី២របស់​សហគមន៍​កំពង់​ភ្លុក​អាច​ដំណើរការបាន​ឫ​យ៉ាងណា​នោះទេ​នៅថ្ងៃនេះ៕






© រក្សាសិទ្ធិដោយ thmeythmey.com