ជាតិ
សង្គមជាតិ
ព្រលែង​សត្វ​ទោច​ម្កុដ​មួយគូ​នៅ​តំបន់​អង្គរ​ដើម្បី​លើក​តម្លៃ​បេតិកភណ្ឌ​ធម្មជាតិ
30, Jun 2015 , 12:03 pm        
រូបភាព
សត្វទោចម្កុដ ដែលបានព្រលែងនៅព្រឹកថ្ងៃ ៣០ មិថុនា ឆ្នាំ២០១៥
សត្វទោចម្កុដ ដែលបានព្រលែងនៅព្រឹកថ្ងៃ ៣០ មិថុនា ឆ្នាំ២០១៥
សៀមរាប៖ ប្រភេទ​សត្វ​ទោច​ម្កុដ​មួយគូ ត្រូវបាន​អាជ្ញាធរ​ព្រលែង​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ។ ការ​ព្រលែង​សត្វព្រៃ​នៅពេលនេះ ធ្វើឡើង​មិន​ត្រឹមតែ​ដើម្បី​ឲ្យ​ទាក់ទាញ​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ផ្នែក​មួយ លើក​តម្លៃ​បេតិកភណ្ឌ​ធម្មជាតិ​ក្នុង​រមណីយដ្ឋាន​អង្គរ​ទៀតផង។



អាជ្ញាធរ​ជាតិ​អប្សរា សហការ​និង​អង្គរ​សម្ព័ន្ធមិត្ត​សត្វព្រៃ(Wildlife Alliance) និង​ក្រុមហ៊ុន​ខ្សែ​យោង​អេកូ​ទេសចរណ៍ (Flight of the Gibbon Angkor) បានរៀបចំ​ពិធី​ព្រលែង​សត្វ​ទោច​ម្កុដ​មួយគូ ក្នុង​រមណីយដ្ឋាន​អង្គរ។ ការ​ព្រលែង​សត្វព្រៃ​កម្រ​នេះ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​អង្គរ មាន​ប្រភេទ​សត្វ​ទាំងនោះ​រស់នៅ​ឡើងវិញ ក្រោយពេល​វត្តមាន​របស់​វា បាន​ផុត​ពូជ​អំឡុង​សង្គ្រាម​នាពេល​កន្លងមក។

ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក និ​ន ចាន់​សា​មៀន បាន​ឲ្យ​ដឹងថា តាម​ការធ្វើជំរឿន​ឆ្នាំ២០០៦បាន​រកឃើញថា ប្រភេទ​សត្វ​ទោច បាន​ផុត​ពូជ​ក្នុង​តំបន់​អង្គរ អំឡុង​ឆ្នាំ១៩៨៥ និង​ឆ្នាំ១៩៩០ ។ លោក ចាន់​សា​មៀន បន្ថែមថា ដើម្បី​ប្រមូល​សត្វ​ដ៏​កម្រ​ទាំងនោះ​ឲ្យ​មក​រស់នៅ​ក្នុងព្រៃ​តំបន់​អង្គរ​វិញ គម្រោង​ដែល​សហការ​នឹង​ដៃគូ​ខាងលើ បាន​នាំយក​ប្រភេទ​សត្វ​ទោច​ម្កុដ​ពី​ភ្នំ​តា​ម៉ៅ ហើយ​ពួកវា​ត្រូវបាន​ផ្សាំ​រយៈពេល១១ខែ មុននឹង​ព្រលែង​ក្នុងព្រៃ។ លោក ចាន់​សា​មៀន បញ្ជាក់ថា ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ភាគច្រើន​ជា​ប្រភេទ​ព្រៃស្រោង មាន​កម្ពស់​ចាប់ពី១៨ម ទៅ២០ម និង​មាន​ប្រភេទ​រុក្ខជាតិ​ជាង៥០ ដែល​អាច​ផ្តល់​ជា​អាហារ​សម្រាប់​សត្វ​ទោច​ទាំង​នោះបាន មានដូចជា ផ្លែ​គុយ សាវម៉ាវ ម​ង្សុ​ត​ព្រៃ។ល។

មានប្រសាសន៍​ក្នុង​ពិធី​ព្រលែង​សត្វ​ទោច​នៅ​ក្លោងទ្វារ​ខ្មោច​នៃ​ប្រាសាទបាយ័ន នៅ​ព្រឹក​ថ្ងៃ៣០ មិថុនា​នេះ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិ​ទ្ធ ស្នើ​ឲ្យ​អ្នក​អភិរក្ស និង​ស្រាវជ្រាវ ត្រូវ​រិះរក​ប្រភេទ​សត្វ​កម្រ​ផ្សេងទៀត មក​ព្រលែង​ក្នុងព្រៃ​អង្គរ។ បើតាម​លោក ប៊ុន ណា​រិ​ទ្ធ ការ​ព្រលែង​នេះ វា​បាន​លើក​តម្លៃ​ទេសភាព​វប្បធម៌ និង​ធម្មជាតិ ក្នុង​តំបន់​អង្គរ ឲ្យ​កាន់តែ​វិសេសវិសាល​ថែមទៀត។ លោក ប៊ុន ណា​រិ​ទ្ធ រំពឹងថា វត្តមាន​ប្រភេទ​សត្វ​កម្រ​នេះ នឹង​អាច​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ឲ្យ​ចូល​មើល​ក្នុង​តំបន់​ព្រៃ​នៃ​រមណីយដ្ឋាន​អង្គរ​ផងដែរ។

តំណាង​អង្គរ​សម្ព័ន្ធមិត្ត​សត្វព្រៃ លោក និ​ច ម៉ាក្ស និយាយថា អង្គការ​របស់លោក​រី​ករាយ ក្នុងការ​សហការ​នាំយក​ប្រភេទ​សត្វ​កម្រ មក​ព្រលែង​ក្នុង​តំបន់​អង្គរ។ លោក ម៉ាក្ស បន្ថែមថា៖« ក្រៅពី​ព្រលែង​វា​ហើយ យើង​ក៏​គួរ​ចាត់ទុក​វា​ដូចជា​កូនចៅ​របស់​យើង​យ៉ាង​ដូច្នោះ​ដែរ ចាំបាច់​ត្រូវមាន​ការថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ និង​ពិនិត្យ​តាមដាន​រាល់​សកម្មភាព​របស់​វា ថា​តើ​វា​អាច​ផ្សាំ​នឹង​ជីវិត​ជាមួយ​ពលរដ្ឋ​ក្នុង​តំបន់​អង្គ​រដែរ​ឫ​ទេ»។ លោក ម៉ាក្ស បាន​ហៅ​គម្រោង​នេះ​ថា «មិនធម្មតា» គឺ​វា​អាច​ឲ្យ​ប្រទេស​ផ្សេងទៀត​យកតម្រាប​តាម​ក៏​ថា​បាន ព្រោះ​មិនទាន់មាន​ប្រទេស​ណាមួយ​ធ្វើបាន​នៅឡើយ។

គួរ​បញ្ជាក់ថា សត្វ​ទោច​ម្កុដ​ញី​ឈ្មោល​មួយគូ ដែល​បាន​ព្រលែង​នៅ​ព្រឹក​នេះ គឺ​នាំយក​មកពី​សួនសត្វ​ភ្នំ​តា​ម៉ៅ ហើយ​វា​មាន​អាយុ៦ឆ្នាំ។ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​អាជ្ញាធរ​អប្សរា សហការ​និង​ដៃគូ បាន​នាំយក​ប្រភេទ​សត្វ​ទោច​កម្រ មក​ព្រលែង​ក្នុង​តំបន់​អង្គរ។ កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ សត្វ​ទោច​មួយគូ បាន​ព្រលែង​ក្នុង​ឧទ្យាន​អង្គរ​ដូចគ្នា ហើយ​បច្ចុប្បន្ន វា​បង្កើតកូន​បាន​មួយ​ក្បាល។ សត្វ​ទោច​ម្កុដ​ជា​ប្រភេទ​សត្វ​កម្រ ហើយ​បើតាម​ការសិក្សា វា​មាន​មិន​ដល់​មួយ​ម៉ឺន​ក្បាល​ទេ​ក្នុងប្រទេស​កម្ពុជា ដែល​សត្វ​ប្រភេទ​នេះ​ភាគច្រើន​រស់នៅ​ភាគ​ខាងលិច​នៃ​ទន្លេមេគង្គ ម្តុំ​ជួរ​ភ្នំ​ក្រវ៉ា​ញ និង​ភាគ​ខាងជើង​បឹង​ទន្លេសាប ដូចជា​តំបន់​ព្រះវិហារ​ជាដើម៕










© រក្សាសិទ្ធិដោយ thmeythmey.com