ជាតិ
បទវិភាគ
សង្គមជាតិ
កម្មវិធីសិក្សាគ្មានតុល្យភាព ធ្វើឲ្យការផលិតធនធានមនុស្សគ្មានប្រសិទ្ធភាព
× ភ្នំពេញ៖ បញ្ហានៃការត្រៀមខ្លួនរបស់ប្រទេសនីមួយៗ ដើម្បីឆ្លើយតបទៅនឹងសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៥ គឺជាបញ្ហាគន្លឹះដែលប្រទេសជាសមាជិកអាស៊ានកំពុងយកចិត្តទុកដាក់ ជាពិសេស ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូចជា កម្ពុជា ឡាវ ភូមា និង វៀតណាម (CLMV)។ បញ្ហាដែលត្រូវយកចិត្តទុកដាក់នោះ មានច្រើន ដូចជា ការកសាងច្បាប់និងបទដ្ឋានគតិយុត្ត, ហេដ្ឋារចនាសម្ព័ន្ធ, ការត្រៀមបម្រុងដើមទុន ហិរញ្ញវត្ថុ បច្ចេកទេស បច្ចេកវិទ្យា និងធនធានដទៃទៀត ជាពិសេស គឺ ធនធាមនុស្ស។ ក្នុងអត្ថបទនេះយើងលើកយកតែការកសាងធនធាមនុស្សមកពិភាក្សាប៉ុណ្ណោះ។
លទ្ធភាពនៃការកសាងធនធាមនុស្ស មិនចោទជាបញ្ហាទេចំពោះប្រទេសអភិវឌ្ឍក្នុងសហគមន៍អាស៊ាន ដូចជា សិង្ហបូរី ថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី។ ប៉ុន្តែ ចំពោះកម្ពុជាវិញ វាគួរតែជាកង្វល់មួយដែលត្រូវយកចិត្តទុកដាក់បំផុត។ តើកម្ពុជា ត្រូវកសាងធនធានមនុស្សរបស់ខ្លួនរបៀបណា ដើម្បីឆ្លើយតបទៅនឹងសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានដែលនឹងមកដល់នាចុងឆ្នាំ២០១៥ខាងមុខនេះ?
កន្លងមក រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងពាក់ព័ន្ធដទៃទៀត ក៏បានបង្ហាញពីការព្រួយបារម្ភ និងការយកចិត្តទុកដែរ។ ប៉ុន្តែ ក្នុងចំណាត់ការ និងការអនុវត្តជាក់ស្ដែង កម្ពុជាហាក់ដូចជាមិនទាន់បានបង្ហាញឱ្យឃើញថា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការត្រៀមខ្លួននៅឡើយទេ។
លើសពីនេះទៀត ដោយសារកង្វះទស្សនវិស័យប្រកបដោយគតិបណ្ឌិត ផែនការយុទ្ធសាស្ត្រច្បាស់លាស់ ធនធានមនុស្សប្រកបដោយគុណភាព ថវិកា សម្ភារៈ បច្ចេកទេស បច្ចេកវិទ្យា និងជាពិសេស កង្វះមនសិការ ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងល្អ រួមទាំងមានរបាំងនៃអំពើពុករលួយ និង ការមិនចុះសម្រុងគ្នារវាងអ្នកនយោបាយផងនោះ បានធ្វើឱ្យកម្ពុជា ជួបឧបសគ្គជាច្រើនក្នុងការកសាងធនធានមនុស្សរបស់ខ្លួន។ តាមការប្រមើលមើល យើងអាចនិយាយបានថា ចុងឆ្នាំ២០១៥នេះ កម្ពុជានឹងមិនអាចធ្វើអ្វីបានជាដុំកំភួនទេក្នុងអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងជាមួយប្រទេសជាសមាជិកអាស៊ានដទៃទៀត។
ហេតុផលចំពោះអំណះអំណាងនេះគឺថា ធនធានមនុស្សក្នុងការដឹកនាំនិងការគ្រប់គ្រង់វិស័យអប់រំ ថវិកា សម្ភារៈ បច្ចេកវិទ្យា របស់ក្រសួងអប់រំ យុវជន និង កីឡា នៅមានកម្រិត។ ប្រាក់ខែគ្រូបង្រៀមិនទាន់ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង, សមត្ថភាពរបស់គ្រូបង្រៀននៅមានកម្រិត ឯសីលធម៌វិជ្ជាជីវៈ និងមនសិការគ្រូបង្រៀនក៏មិនទាន់ល្អប្រសើរដែរ។ លើសពីនេះទៀត គោលនយោបាយអប់រំ ទស្សនវិជ្ជាអប់រំ វិទ្យាសាស្ត្រអប់រំ គោលដៅអប់រំ ការគ្រប់គ្រង់អប់រំ កម្មវិធីសិក្សា សៀវភៅគោល សម្ភារៈឧបទ្ទេស និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ក៏មិនទាន់ល្អសមស្របដែរ។
ប្រសិនបើយើងពិនិត្យឱ្យស៊ីជម្រៅបន្តិច យើងនឹងមើលឃើញថា មានបញ្ហាមួយចំនួនដែលកំពុងតែប្រទាញប្រទង់គ្នាក្នុងការកសាងកម្មវិធីសិក្សា និងការកំណត់មុខវិជ្ជាឱ្យសិស្ស និងនិស្សិតសិក្សា ចាប់ពីក្រិតទាបរហូតដល់ក្រិតមហាវិទ្យាល័យ។ ក្នុងកម្រិត មត្តេយ្យ បឋម និង មធ្យមសិក្សា ការកសាងកម្មវិធីសិក្សានិងការកំណត់មុខវិជ្ជាសិក្សា គឺជាសមត្ថកិច្ចរបស់ក្រសួងអប់រំ យុវជន និង កីឡា។ ឯកម្រិតមហាវិទ្យាល័យវិញ ទាំងរដ្ឋនិងឯកជន ការកសាងកម្មវិធីសិក្សានិងការកំណត់មុខវិជ្ជាសិក្សា គឺជាសមត្ថកិច្ចរបស់សាកលវិទ្យាល័យនីមួយៗ ចំណែកក្រសួងអប់រំ យុវជន និងកីឡា និង ស្ថាប័នពាក់ព័ន្ធនានា គ្រាន់តែជាអ្នកទទួលស្គាល់កម្មវិធីសិក្សាទាំងនោះតែប៉ុណ្ណោះ។
ក្នុងការកំណត់នេះ យើងបានមើលឃើញថា ដោយផ្អែកលើឆន្ទៈចង់រត់តាមតម្រូវការខាងសម្ភារៈខ្លាំងពេក និងការ តម្រូវតាមការចង់បានរបស់អ្នកសិក្សា នាំឱ្យកម្មវិធីសិក្សាបានផ្អៀងទៅរកមុខវិជ្ជាវិទ្យាសាស្ត្រមួយចំនួនដែលគេគិតថាស្របនឹងទីផ្សាការងារ ដូចជា គ្រប់គ្រង ពាណិជ្ជកម្ម សេដ្ឋកិច្ច ទីផ្សារ គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ ច្បាប់ ទេសចរណ៍ ភាសាអង់គ្លេស ព័ត៌មានវិទ្យា...ចំណែកឯមុខវិជ្ជាសម្រាប់អភិវឌ្ឍផ្នែកស្មារតី ការគិតជ្រៅជ្រះ ការពិចារណា និងការបណ្ដុះសេចក្ដីស្រឡាញ់វិញ ដូចជា ទស្សនវិជ្ជា (តក្កវិជ្ជា សីលវិជ្ជា ពុទ្ធិវិទ្យា...) ចិត្តវិជ្ជា សង្គមវិជ្ជា សាសនា...មិនសូវមានទេក្នុងកម្មវិធីសិក្សា។ លក្ខខណ្ឌបែបនេះ បានជំរុញឱ្យការអប់រំនៅកម្ពុជាខ្វះតុល្យភាពភាព ដែលធ្វើឱ្យនិស្សិតដែលបានបញ្ចប់ការសិក្សាទទួលបានជំនាញផ្នែកវិទ្យាសាស្ត្រ ប៉ុន្តែ ខ្វះសីលធម៌ ខ្វះការគិតជ្រៅជ្រះ និងខ្វះសេចក្ដីស្រឡាញ់ ជាហេតុនាំឱ្យពួកគេអាចយកជំនាញរបស់ខ្លួនទៅប្រើប្រាស់ក្នុងផ្លូវខុស មិនមានទស្សនវិស័យវែងឆ្ងាយ និងអាចចាញ់បោកគេក្នុងអន្តរកម្មសង្គម ទាំងក្នុងក្របខណ្ឌផ្ទៃក្នុងប្រទេស អាស៊ាន និងពិភពលោក។
ហេតុនេះ ក្រសួងអប់រំ យុវជន និង កីឡា ជាពិសេស ផ្នែកឧត្តមសិក្សា ក្រុមប្រឹក្សាជាតិអប់រំ និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ត្រូវជំរុញយ៉ាងណា ឱ្យការអប់រំនៅកម្ពុជា មានតុល្យភាព ដែលសិស្ស និស្សិតទទួលបានទាំងការអប់រំចិត្ត ការអប់រំកាយ ការអប់រំបញ្ញា(ជំនាញ បច្ចេកទេស) និង ការអប់រំសីលធម៌ក្នុងកម្រិតសមាមាត្រគ្នា ពោលគឺជាការអប់រំមួយ ដែលសិស្ស និស្សិត ទទួលបានភាពរឹងមាំខាងរាងកាយ សេចក្ដីស្រឡាញ់ពិត មនសិការសីលធម៌ ការគិតជ្រៅជ្រះ និងជំនាញរឹងមាំ ដែលអាចប្រកួតប្រជែងជាមួយធនធានមនុស្សក្នុងអាស៊ាននិងពិភពលោក នាពេលអនាគត។ ដើម្បីធ្វើបែបនេះបាន ក្រសួងអប់រំ យុវជន និង កីឡា និង គ្រឹះស្ថានអប់រំទាំងអស់ ត្រូវពិនិត្យនិងកែសម្រួលឡើងវិញនូវគោលនយោបាយអប់រំ ទស្សនវិជ្ជាអប់រំ វិទ្យាសាស្ត្រអប់រំ គោលដៅអប់រំ ការគ្រប់គ្រង់អប់រំ កម្មវិធីសិក្សា សៀវភៅគោល សម្ភារៈឧបទ្ទេស និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ឱ្យបានសមស្រប។
លើសពីនេះ ចំពោះឯកទេសដែលមានសារៈសំខាន់ ដូចជា ទស្សនវិជ្ជា ចិត្តវិជ្ជា សង្គមវិជ្ជា សាសនា...ប៉ុន្តែ មិនសូវមាននិស្សិតចង់រៀនដោយសារតែមិនសម្បូរទីផ្សារការងារ រដ្ឋត្រូវលើកទឹកចិត្ត តាមរយៈការផ្ដល់អាហាររូបករណ៍ឱ្យនិស្សិតលើឯកទេសទាំងនេះ ដើម្បីធ្វើឱ្យធនធានមនុស្សរបស់កម្ពុជាមានគ្រប់ប្រភេទសម្រាប់បំពេញតម្រូវការរបស់សង្គមទាំងមូល មិនមែនគ្រាន់តែសម្រាប់បំពេញតម្រូវការទីផ្សារប៉ុណ្ណោះទេ។ ចំណែកឯ ជីវភាព សមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់គ្រូបង្រៀនក៏ត្រូវតែធ្វើឱ្យប្រសើរឡើងដែរ។ បើមិនដូច្នោះទេ កំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ពិតជាមិនអាចធ្វើទៅបានឡើយ ឯការប្រកួតប្រជែងក្នុងសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានក៏មិនអាចសម្រេចបានជោគជ័យដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com