ជាតិ
សង្គមជាតិ
លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​កម្ពុជា​ប្រើ​សម្រាប់​បោះបង្គោល​ព្រំដែន​កម្ពុជា-វៀត ណា​ម
01, Jul 2015 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន នឹងធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​ផែនទី​ផ្លូវការ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ប្រើប្រាស់​ក្នុង​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី។



សន្និសីទ​សារព័ត៌មាន​នេះ នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង៩ព្រឹក ថ្ងៃទី២ខែកក្កដា​ស្អែក​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ផ្សេងទៀត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ​នៅ​ថ្ងៃទី១កក្កដា​នេះ គណៈ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោលព្រំ​ដែនកម្ពុជា-វៀតណាម នឹង​បើក​កិច្ចប្រជុំ​ពិសេស ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​មួយចំនួន​ដែល​នៅ​សេសសល់ និង​បាតុភាព​ទាំងឡាយ​ដែល​កើតមានឡើងថ្មីៗនេះ នៅតាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ នៅ​សប្តាហ៍​ក្រោយ។ កិច្ចប្រជុំ​ពិសេស​រវាង​ភាគី​ទាំងពីរ នឹង​ប្រព្រឹត្តិ​ពីថ្ងៃ​ទី៦ដល់​ថ្ងៃទី៩ខែកក្កដា​ខាងមុខ នៅក្នុង​ខេត្តសៀមរាប។

សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី២៨ខែមិថុនា​កន្លងទៅ មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​មួយ​បាន​កើតឡើង​នៅតាម​ព្រំដែន​កម្ពុជា-វៀតណាម នៅពេលដែល​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​យុវជន​ប្រមាណ ១០០នាក់ ចុះ​ពិនិត្យ​ព្រំដែន​ខេត្តស្វាយរៀង ត្រង់ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង៕


© រក្សាសិទ្ធិដោយ thmeythmey.com