ជាតិ
សង្គមជាតិ
អ.វ.ត.ក កំពុងបើក​សវនាការ​លើ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង០០២វគ្គ០១
02, Jul 2015 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) កំពុងបើក​សវនាការ​លើកទីមួយ ទាក់ទង​នឹង​បណ្តឹងសាទុក្ខ​របស់លោក នួន ជា និង​លោក ខៀវ សំផន និង​សហ​ព្រះរាជអាជ្ញា​ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ក្នុង​សំណុំរឿង០០២/០១ ។ សវនាការ​នេះ គ្រោង​នឹង​រៀបចំ​ធ្វើ​ពីថ្ងៃ​ទី២ ទី៣ ទី៦ខែកក្កដា ហើយ​ថ្ងៃទី៧ ខែកក្កដា ២០១៥ គឺជា​ថ្ងៃ​បម្រុង ប្រសិនបើ​ត្រូវការ​ពេលវេលា​បន្ថែម។



លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ឲ្យ​ដឹងថា អង្គជំនុំជម្រះ នឹង​ស្តាប់​សក្ខីកម្ម​របស់​សាក្សី៣រូប ដែល​អង្គជំនុំជម្រះ​បានសម្រេច​កោះហៅ​តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៥ ។ ដោយឡែក​សម្រាប់​សវនាកា​រ​បន្ថែមទៀត ដែល​ត្រូវ​រួមបញ្ចូល​នូវ​សារ​ណា​ផ្ទាល់មាត់​លើ​បញ្ហា​ដែល​បានលើកឡើង នៅក្នុង​បណ្តឹងសាទុក្ខ​នោះ អង្គជំនុំជម្រះ នឹងធ្វើ​ការកំណត់​កាលបរិច្ឆេទ​ទៅតាម​ពេលវេលា​សមស្រប។

លោក នួន ជា និង ខៀវ សំផន បានធ្វើ​បណ្តឹងសាទុក្ខ​ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដែល​បានចេញ​នៅក្នុង​ខែសីហា ឆ្នាំ២០១៤ ។ លើសពីនេះ សហ​ព្រះរាជអាជ្ញា បានដាក់​បណ្តឹងសាទុក្ខ ដោយ​កម្រិត​ត្រឹមតែ​ស្វែងរក​ដំណោះស្រាយ​ដែល​ប្រកាស​ដោយ​អង្គជំនុំជម្រះ​តុលាការ​កំពូល​ទាក់ទង​នឹង​ភាព​អាចអនុវត្ត​បាន​នូវ​ទម្រង់​ពង្រីក​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ដែល​ហៅថា«សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី III» (JCE III) នៅ​ចំពោះមុខ អ.វ.ត.ក។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​សាលាក្តី​ខ្មែរក្រហម អង្គជំនុំជម្រះ​មិនទាន់​ដឹង​ទេ​ថា តើ​នឹង​មានការ​សវនាការ​លើ​បណ្តឹងសាទុក្ខ​ច្រើនជាង​សវនាការ​ដែល​បាន​គ្រោងទុក​សម្រាប់​ខែកក្កដា ឆ្នាំ ២០១៥នេះដែរ​ឬទេ? អង្គជំនុំជម្រះ​តុលាការ​កំពូល​មិនទាន់​ធ្វើការ​សម្រេច​លើ​សំណើ​ដែល​ស្នើសុំ​កោះហៅ​សាក្សី​បន្ថែម​មួយចំនួនទៀត​នៅឡើយ​ទេ។ ដូច្នេះ​វា​អាស្រ័យទៅលើ​សេចក្តីសម្រេច​លើ​សំណើ​ទាំងនេះ ហើយ​សវនាការ​ស្តាប់​ការផ្តល់​សក្ខីកម្ម​របស់​សាក្សី​ផ្សេងទៀត​អាច​នឹងត្រូវ​រៀបចំឡើង។ លើសពីនេះ​ទៀត អង្គជំនុំជម្រះ​តុលាការ​កំពូល​នឹង​ស្តាប់​សារ​ណា​ផ្ទាល់​បញ្ហា​ដែល​បានលើកឡើង​នៅក្នុង​បណ្តឹងសាទុក្ខ​នោះ​នៅក្នុង​សវនាការ​នាពេលខាងមុខ។ 

សូម​ជម្រាបជូន​ថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅតែ​គ្មាន​ទោស ដរាបណា អង្គជំនុំជម្រះ​តុលាការ​កំពូល​មិនទាន់​សម្រេច​លើ​បញ្ហា​នៃ​បណ្តឹងសាទុក្ខ​នេះ។ ប៉ុន្តែ​បើទោះជា បណ្តឹងសាទុក្ខ​នេះ​មាន​ភាពស្មុគស្មាញ អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​កំណត់ថា នឹង​ប្រកាស​សាល ដីកា​លើ​បណ្តឹងសាទុក្ខ​នេះ នៅក្នុង​អំឡុង​ត្រីមាស​ទី១ ឆ្នាំ២០១៦ ។ 

សូមបញ្ជាក់ថា សំណុំរឿង០០២/០១ គឺជា​ការជំនុំជម្រះ​លើកទីមួយ នៃ​ការជំនុំជម្រះ​យ៉ាងតិច​ពីរ ប្រឆាំងនឹង​លោក ខៀវ សំផន ជា​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​លោក នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា។ បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២/០១ គឺ​ផ្តោតលើ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដែល​រង​ការចោទប្រកាន់​ក្នុងអំឡុងពេល​ជម្លៀស​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខែមេសា ឆ្នាំ ១៩៧៥ និង ការផ្លាស់​ទី​ដោយ​បង្ខំ​បន្ត​បន្ទាប់ពី​តំបន់​ដទៃទៀត រួមទាំង ការកាប់សម្លាប់​ដែល​រង​ការចោទប្រកាន់​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់៕


© រក្សាសិទ្ធិដោយ thmeythmey.com