កីឡាជាតិ
ពានរង្វាន់បាល់ទះធំប្រចាំឆ្នាំកំពុងដំណើរការយ៉ាងមមាញឹកនៅពហុកីឡដ្ឋានជាតិ
× ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ Leo-Cup National Volleyball ឆ្នាំ២០១៥ ជុំផ្តាច់ព្រ័ត្រ កំពុងតែដំណើរការប្រកួតបាន ២ ថ្ងៃមកហើយ ពោលពីថ្ងៃទី ៦ កក្កដា ដល់ ១៩ ខែ កក្កដា ឆ្នាំ ២០១៥ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ។
ការប្រកួតនៅវគ្គនេះបែងចែកជា ២ លើកដោយជំហានដំបូងជាការចាប់ផ្តើមប្រកួតជម្រុះនៃក្រុមខ្លាំងទាំង ១០ក្រុម ដែលឈ្នះឡើងមកពីតាមមណ្ឌលទាំង ៥ មានឈ្មោះថាពានរង្វាន់ Leo Cup។ សម្រាប់ការប្រកួតនេះ២ ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ១និងលេខ២ មានកៅអីទៅប្រកួតបន្តក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ដែលប្រសិទ្ធិនាមថា«Hun Sen-Cup » ដោយប្រកួតរួមគ្នាជាមួយក្រុមខ្លាំងចំណាត់ថ្នាក់លេខ១ដល់លេខ៦កាលពីឆ្នាំមុន កំពុងឈរចាំ។
ចំពោះ ១០ ក្រុមដែលលេងក្នុងព្រឹត្តិការណ៍ Leo-Cup នោះចែកជា ២ ពូលដែលមួយពូលៗមាន ៥ ក្រុម។ សម្រាប់ពូល A មានក្រុមការងារយុវជនខេត្តកំពត, សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង, សាលាស្រុកបាធាយ, បញ្ជាការដ្ឋានអង្គរក្ស Aនិង ក្រុមនាគសមុទ្របញ្ជាការដ្ឋានកងទ័ពជើងទឹក។ ចំពោះពូល B មានក្រុមស្នងការនគរបាលខេត្តកំពង់ចាម, សាកលវិទ្យាល័យអង្គរ, កងពលតូចអន្តរាគមន៍លេខ៧, បញ្ជាការដ្ឋានអង្គរក្ស B និង ក្រុមយុវជនបូរី១០០ខ្នង។
ការប្រកួតចាប់ពីថ្ងៃទី ៦ ដល់ ១២ ខែ កក្កដា ឆ្នាំ ២០១៥ ដោយប្រើរូបមន្តប្រកួត ពូលនីមួយៗ ប្រកួតជម្រុះចោល៣ក្រុម ដោយទុក ២ ក្រុមសម្រាប់ឡើងលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្រុមដែលឈ្នះ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះត្រូវប្រកួតដណ្ដើមតំណែងជាជើងឯក ឯក្រុមចាញ់ប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ។
ងាកទៅមើលពានរង្វាន់ Leo-Cup National Volleyball ឆ្នាំ២០១៥ ក្រុមដែលឈ្នះជើងឯកនោះក្រៅពីមេដាយមាស និងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន១២លានរៀល លេខ ២ មេដាយប្រាក់ និង រង្វាន់អម៦លានរៀល លេខ៣មេដាយសំរិទ្ធ និង រង្វាន់អម ៤លានរៀល ចំណាត់ថ្នាក់លេខ ៤រង្វាន់លើកទឹកចិត្ត ២លានរៀល។
ចំពោះព្រឹត្តិការណ៍ Hun Sen-Cup នឹងចាប់បន្តប្រកួតពីថ្ងៃទី១២ដល់ថ្ងៃទី១៩កក្កដា ឆ្នាំ ២០១៥ ។ ការប្រកួតនេះ មាន ៨ក្រុមចូលរួមហើយចែកជា ២ ពូល ក្នុងនោះ ពូល A មានក្រុមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, កងពលធំអន្តរាគមន៍លេខ ៣, ក្រុមចំណាត់ថ្នាក់លេខ ២ Leo-Cup និង ក្រុមលេខ ១ Leo-Cup ។ ចំណែកពូល B មានក្រុមក្រសួងមហាផ្ទៃ, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង, សាលាខេត្តកំពង់ចាម និង ក្រុមកងពលតូចលេខ ៣។ ពូលនីមួយៗ ជម្រុះចោល ២ ក្រុមទុក ២ ក្រុមឡើងលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមដែលឈ្នះពានរង្វាន់ Hun Sen Cup នេះ នឹងទទួលបានមេដាយមាស និង រង្វាន់អម៤០លានរៀល ហើយជើងឯករងបាន មេដាយប្រាក់ និង រង្វាន់អម១២លានរៀល លេខ ៣ បានមេដាយសំរិទ្ធ និង រង្វាន់អម៨លានរៀល និង ក្រុមលេខ ៤មានរង្វាន់លើកទឹកចិត្ត៤លានរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com