ពីនេះ ពីនោះ
មូលហេតុ១០យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្លាយទៅជា​អ្នកមាន
07, Jul 2015 , 8:39 pm        
រូបភាព
ដោយ: ធីតា
មនុស្សម្នាក់ៗសុទ្ធតែ​ប្រាថ្នា​រស់នៅក្នុង​ភាព​ហ៊ឺហា​សម្បូរ​សប្បាយ មិន​ចង់​ស្គាល់​ឡើយ​នូវ​ទុក្ខវេទនា​ដោយសារ​ជីវភាព​ខ្វះខាត។ អ្នកខ្លះ​ព្យាយាម​ធ្វើការ​រកស៊ី​រហូត​ក្លាយជា​មហាសេដ្ឋី។



អ្នក​ខ្លះទៀត​ខិតខំ​រក​មធ្យោបាយ​ដើម្បី​ក្លាយជា​សេដ្ឋី​ដូច​គេ​ដែរ។ ប៉ុន្តែ ទោះជា​ប្រឹង​យ៉ាងណា​ក៏បាន​ត្រឹមតែ​ប​ង្គ្រ​ន់​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ។ អ្នក​អាច​ពិចារណា​ពី​ចំណុច​មួយចំនួន​ដូចខាងក្រោម​នេះ​ទាក់ទិន​នឹង​មូល​ហេតុដែល​អ្នក​មិនទាន់​អាច​ក្លាយជា​អ្នកមាន ៖

1.    ចាយលុយ​ខ្ជះខ្ជាយ​ប្រៀបដូចជា​សេដ្ឋី
ជាការ​ពិតណាស់ ការចំណាយ​លុយ​ទិញ​របស់ថ្លៃៗ ដូចជា​រថយន្ត​ទំនើប និង​សម្លៀកបំពាក់​ម៉ាកល្បីៗ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ។ ប៉ុន្តែ បើសិនជា​អ្នក​នៅតែ​ចង់​ចំណាយ​ប្រាក់​ទិញ​វត្ថុ​ដែល​អ្នក​មិនត្រូវ​ការ​ជា​ចាំបាច់​ទេនោះ អ្នក​មិនអាច​ចាប់ផ្តើម​សន្សំ​លុយ​បានឡើយ។

2.    គ្មាន​ផែនការ​ច្បាស់លាស់
គ្មាន​គោលដៅ​កំណត់​សម្រាប់​រយៈ​ខ្លី ឬ​វែង ក្តី​ស្រមៃ​ក្លាយជា​សេដ្ឋី​ប្រៀបបាន​ដូចជា​សុបិន​ដែល​មិនអាច​ក្លាយទៅជា​ការពិត។ ការមិន​កំណត់​គោលដៅ​នេះ​បានក្លាយ​ទៅជា​លេស​មួយ​ដែល​អ្នក​យកមក​អះអាង​ដើម្បី​បោះចោល​គំនិត​សន្សំ​ប្រាក់ ឬ​គំនិត​បញ្ឈប់​ការចាយវាយ​ហួស​ព្រំដែន។

3.    ពុំមាន​ប្រាក់​បម្រុង ៦ ខែ​សម្រាប់​កិច្ចការ​បន្ទាន់
គេ​តែងតែ​និយាយថា ត្រូវមាន​ប្រាក់​បម្រុង​ទុក​យ៉ាងហោចណាស់ ៦ ខែ​នៃ​ប្រាក់ចំណូល​សម្រាប់​ប្រើប្រាស់​ក្នុង​ធុរៈ​បន្ទាន់។ ប៉ុន្តែ ការចំណាយ​ដោយ​ឥត​ព្រាងទុក​តែងតែ​កើតមាន​ជា​ហូរហែ។ តើ​ធ្វើ​ដូចម្តេច​នឹងមាន​ប្រាក់​បម្រុង ? បើ​អ្នកសម្រេចចិត្ត​ខ្ចីប្រាក់​ធនាគារ​នោះ អ្នកនឹង​ត្រូវ​លិចលង់​ក្នុង​បំណុល​ហើយ។

4.    ចាប់ផ្តើម​យឺត​ពេល
ពេលវេលា​កន្លងផុតទៅ ដោយ​ឥត​សន្សំ​ប្រាក់ ធ្វើ​ឲ្យ​ឱកាស​ក្លាយជា​អ្នកមាន​របស់​អ្នក​កាន់តែ​រួញ​ខោ​ច។ តាមពិតទៅ ទោះជា​អ្នក​ត្រូវ​ចំណាយ​ច្រើន ក៏​អ្នក​នៅតែ​អាច​សន្សំ​ប្រាក់​បន្តិចបន្តួច​ដែរ។ អ្វីដែល​សំខាន់​គឺ​អ្នក​បានចាប់ផ្តើម​សន្សំ។ ទោះបីជា​ចាប់ផ្តើម​យឺត​ពេល​បន្តិច​ទៅហើយ​ក៏ដោយ បើសិនជា​អ្នកមាន​ឆន្ទៈ​គ្រប់គ្រាន់ អ្នក​នៅតែ​អាច​ក្លាយជា​អ្នកមាន​បាន។

5.    អ្នក​សុខចិត្ត​ត្អូញត្អែរ​ជាជាង​រើបម្រះ
« ជីវភាព​ប្រចាំថ្ងៃ​ត្រូវ​ចំណាយ​ខ្ពស់​ណាស់ » « ការវិនិយោគ​គឺជា​រឿង​ប្រថុយ​ពេក​ហើយ » ទាំងអស់នេះ​គឺជា​លេស​នៃ​គំនិត​មិន​ចង់​សន្សំ​ប្រាក់ វិនិយោគ ឬ​ធ្វើ​ផែនការផ្សេង។ អ្នក​គួរតែ​បោះបង់ចោល​នូវ​ទម្លាប់​មិនល្អ​ទាំងនេះ ហើយ​ខិតខំ​ធ្វើ​អ្វីដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ផ្លាស់ប្តូរ​ខ្លួនឯង។

6.    រស់​សម្រាប់តែ​ថ្ងៃនេះ ដោយ​មិន​ខ្វល់​ពីថ្ងៃ​ស្អែក
វា​ជាការ​ពិបាក​ណាស់​ក្នុង​ការគិត​ទៅដល់​អនាគត​ដ៏​វែងឆ្ងាយ ខណៈដែល​ការចំណាយ​ចំពោះមុខ​មាន​ជា​បន្តបន្ទាប់។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​ត្រូវ​ចាំ​ទុក និង​សួរ​ខ្លួនឯង​ថា៖ « តើ​ត្រូវ​ចាយលុយ​ពេលនេះ រួច​សឹម​បារម្ភ​ជា​ក្រោយ ឬ​ត្រូវ​សន្សំ​ប្រាក់​ទុកពេល​នេះ ដើម្បី​មាន​លុយ​ចាយ​ទៅ​ថ្ងៃក្រោយ ? »

7.    អ្នក​ចង់​ក្លាយជា​អ្នកមាន​ដោយ​ពឹង​ផ្អែកលើ​ព្រេងសំណាង
អ្នក​អាច​នឹងមាន​សំណាង​ក្លាយជា​អ្នកមាន ដោយ​ការ​ឈ្នះឆ្នោត។ ប៉ុន្តែ វិធី​នេះ​មិនល្អ​ទេ ព្រោះ​វា​នឹង​ទាញ​យកលុយ​ដើម​របស់​អ្នក​ទៅជា​មួយ​រហូត​ទាល់តែ​អស់រលីង​ពី​ខ្លួន។ អ្នក​គួរតែ​ស្វែងរក​ចំណូល​ពី​ប្រភពផ្សេងៗគ្នា ដែល​កម្រិត​នៃ​ការ​ប្រថុយ​ក៏ខុសៗគ្នា​ដែរ។

8.    ទម្លាប់​សន្សំ​ដោយ​ស្វ័យប្រវត្តិ
អាថ៌កំបាំង​ដែល​អាច​សន្សំ​ប្រាក់​បាន​ច្រើន​នោះ​គឺ ទម្លាប់​ជា​ស្វ័យប្រវត្តិ​នៃ​ការ​សន្សំ។ ទម្លាប​នេះ​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ប្រឹងប្រែង​ខ្លាំង​ក្នុងការ​ត្បិតត្បៀត។ ទោះជា​ប្រាក់​សន្សំ​មាន​ចំនួន​តិចតួច​ក៏ដោយ ប៉ុន្តែ​ទម្លាប់​នៃ​ការ​សន្សំ​ដ៏​ទៀងទាត់ និង​ការព្យាយាម​បង្កើន​បរិមាណ​ជា​លំដាប់​អាចធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ដ៏​ធំ​មួយ​បាន​នាពេល​អនាគត។

9.    យល់ថា​គ្មាន​ភាពចាំបាច់
អ្នក​អាច​នឹង​គិតថា មិនចាំបាច់​ប្រឹងប្រែង​សន្សំ​ប្រាក់​ទេ ព្រោះ​អ្នក​អាច​នឹងមាន​មនុស្ស​ជួយ​ទំនុកបម្រុង ឬ​អ្នក​អាច​នឹងមាន​ការងារ​ល្អ​ដែលមាន​ប្រាក់ខែ​ច្រើនជាង​មុន​ជាដើម។ តើ​អ្នកណា​ទៅ​ដឹងថា នឹងមាន​អ្វី​កើតឡើង​ពិតប្រាកដ​នោះ ? អ្នក​គួរតែ​យកចិត្តទុកដាក់​ធ្វើ​នូវ​អ្វីដែល​អ្នក​អាច​គ្រប់គ្រង​វា​បាន​នៅពេលនេះ​វិញ​ប្រសើរ​ជាង។ សន្សំ​ប្រាក់​ចាប់ពីពេលនេះ​ទៅ​ដើម្បី​ជួយ​ខ្លួនឯង។

10.    ឆាប់​ទទួល​ឥទ្ធិពល​ពី​កត្តាផ្សេងៗ
អ្នក​អាច​នឹង​ចាយលុយ​ច្រើន​ដោយសារ​ការនាំ​មិត្តស្រី​ទៅ​ទិញ​អីវ៉ាន់ ឬ​វា​អាចជា​ច​រិ​ក​ផ្ទាល់ខ្លួន​អ្នក​ដែល​ចូលចិត្ត​ដើរ​ចាយលុយ រហូត​លែង​អាច​គ្រប់គ្រង​ខ្លួនឯងបាន។ អ្នក​មិនត្រូវ​បណ្តោយ​ឲ្យ​ឥទ្ធិពល​អវិជ្ជមាន​ទាំងនេះ​មក​គ្រប់គ្រង​អ្នក​ទេ។ ត្រូវយក​គោលដៅ​នៃ​ការ​សន្សំ​ប្រាក់​ដាក់​ពីមុខ។ ហេតុនេះ រាល់ពេល​អ្នក​ទាញ​កាបូប​លុយ អ្នក​អាច​នឹង​ទុក​ប្រាក់ខ្លះ៕

ប្រែ​សម្រួល​ពី​គេហទំព័រ www.time.com


© រក្សាសិទ្ធិដោយ thmeythmey.com