កីឡាជាតិ
ពាន​បាល់ទាត់ Toyota Mekong Club Championship 2015 ចាប់ផ្ដើម​ប្រកួត​ពី​ខែវិច្ឆិកា​ទៅហើយ
08, Jul 2015 , 10:04 am        
រូបភាព
ដោយ:
ពានរង្វាន់​បាល់ទាត់​ក្នុង​តំបន់​ប្រជាជាតិ​តាម​ដង​ទន្លេមេគង្គ Toyota Mekong Club Championship 2015 នឹង​ចាប់ផ្ដើម​ប្រកួត​ជា​ផ្លូវការ​នៅក្នុង​ខែ វិ​ច្ឆ​កា ឆ្នាំ ២០១៥ ខាងមុខ ស្របពេល​មាន​ក្លិប​ជើង​ខ្លាំង​ពី​ប្រទេស​ចំនួន ៥ ចូលរួម។



យោងតាម​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ម្សិលមិញ ភាគី​ពាក់ព័ន្ធ​បានសម្រេច​ទទួលយក​ប្រព័ន្ធ​ប្រកួត​ជា ៣ ដំណាក់កាល ដោយ​ក្នុងនោះ​ក្លិប​ជើង​ខ្លាំង​ពី​ប្រទេស​កម្ពុជា ឡាវ និង មី​យ៉ាន់​ម៉ា ត្រូវ​ប្រកួត​គ្នា​នៅ​វគ្គ​ជម្រុះ​ដំបូង ប្រើ​រូបមន្ត​ប្រកួត​វិលជុំ ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​មានឈ្មោះ​ឡើង​លេង​នៅ​ជុំ​ទី២។ ជុំ​ទី២ មាន​ក្លិប​ជើង​ខ្លាំង​របស់​វៀតណាម រង់ចាំ​ជាស្រេច ហើយ​ក្រុម​ឈ្នះ​នៅ​វគ្គ​នេះ​មាន​កៅអី​ទៅលេង​នៅ​ជុំ​ទី៣ ដែលជា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រុម​ជើង​ខ្លាំង​ក្នុង​លី​ករ​បស់​ថៃ ឈរ​ចាំ​នៅ​ជុំ​ទី៣ នេះ​ជាស្រេច ពោលគឺ​ចាំតែ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​តែប៉ុណ្ណោះ។

គិត​ត្រឹម​ពេលនេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នៅ​មិនទាន់​រកឃើញ ឈ្មោះ​ក្រុម​ដែល​អាច​ចូល​លេង​ក្នុង​ពានរង្វាន់​នេះ​នៅឡើយ​ទេ ព្រោះ​ក្រុម​ទាំងអស់​ត្រូវតែ​ជើងឯក​ប្រចាំ​លី​ក​ប្រទេស​ជា​សមាជិកនីមួយៗ ប៉ុន្ដែ​ពេលនេះ​លី​ក​តាម​ប្រទេស​ទាំងអស់ កំពុងតែ​ដំណើរការ មិន​រក​ជើងឯក​ឃើញ​នៅឡើយ​នោះទេ។

ចំពោះ​ប្រាក់រង្វាន់​វិញ​មានដូចជា​ក្រុម

* ជើងឯក​ទទួលបាន ៧៥០០០ ដុល្លារ​អាមេរិក
* ជើងឯក​រង ទទួលបាន ៥ ម៉ឺន​ដុល្លារ
* ក្រុម​លេខ៣ ទទួលបាន ៣ ម៉ឺន​ដុល្លារ
*ក្រុម​លេខ ៤ ទទួលបាន ១ ម៉ឺន​ដុល្លារ
*ក្រុម​លេខ ៥ ទទួលបាន ៥ ពាន់​ដុល្លា
កីឡាករ​លេង​ល្អ​ប្រចាំ​ពានរង្វាន់ ទទួលបាន ៣ ពាន់​ដុល្លារ។

ម្សិលមិញ​នេះដែរ​ក៏មាន​ការចាប់​ឆ្នោត​ប្រកួត​រើស​គូប្រកួត​ដែរ៖

- ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្លិប​របស់​ឡាវ ប្រកួត​ជាមួយ​ក្លិប​របស់​កម្ពុជា នៅ​ប្រទេស​ឡាវ

- ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្លិប​របស់​មី​យ៉ាន់​ម៉ា ប្រកួត​ជាមួយ​ក្លិប​របស់ ឡាវ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា

- ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្លិប​របស់​កម្ពុជា ប្រកួត​ជាមួយ​ក្លិប​របស់​មី​យ៉ាន់​ម៉ា នៅ​ទឹកដី​កម្ពុជា

ការប្រកួត​ជុំ​ទី២៖


- ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៥ ក្លិប​របស់​វៀតណាម ជួប​ជាមួយ​ក្រុម​ឈ្នះ​នៅ​ជុំ​ទី១ លើ​ទឹកដី​វៀតណាម

ការប្រកួត​ជុំ​ទី៣៖

- ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥ ក្លិប​របស់​ថៃ ប្រកួត​ជាមួយ​ក្រុម​ឈ្នះ​នៅ​ជុំ​ទី២ លើ​ទឹកដី​របស់​ថៃ

Toyota Mekong Club Championship 2015 ធ្លាប់​រៀបចំ​ជោគជ័យ​ម្ដង​ហើយ​កាលពី​ឆ្នាំ ២០១៤ កន្លងទៅ​ដោយមាន​ក្រុម​ចូលរួម​តែ ៣ ប៉ុណ្ណោះ​គឺ​ក្លិប​ភ្នំពេញ​ក្រោ​ន តំណាង​កម្ពុជា ក្លិប Becamex Binh Duong Fcតំ​ណា​ប្រទេស​វៀតណាម ក្លិប Ayeyawady United FC តំណាង​ប្រទេស​មី​យ៉ាន់​ម៉ា និង ក្រុម Hoang Anh Attapeu របស់​ប្រទេស​ឡាវ។ ជា​លទ្ធផល​ពានរង្វាន់​នេះ​បាន​ទៅ​ក្រុម​Becamex Binh Duong FC របស់​វៀតណាម ក្រោយ​ប្រកួត​ឈ្នះ​ក្រុម Ayeyawady United FC របស់​មី​យ៉ាន់​ម៉ា ដោយ​លទ្ធផល ៤ ទល់ ០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕


© រក្សាសិទ្ធិដោយ thmeythmey.com