ជាតិ
GADC នឹង​តស៊ូ​ផ្លូវច្បាប់​ជួយ​រក​យុត្តិធម៌​ឲ្យ​កញ្ញា សា​សា ប្រឆាំង​លោក សុខ ប៊ុន
09, Jul 2015 , 6:59 pm        
រូបភាព
អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) គ្រោង​ដាក់​លិខិត​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅពេល​ខាងមុខ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​មួយ​នេះ ស្វះ​ស្វែងរក​យុត្តិធម៌​ជូន​កញ្ញា ឯក សុជាតា ហៅ​សា​សា ដែល​រង​អំពើហិង្សា​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​លោក សុខ ប៊ុន ប្រធាន​ក្រុមហ៊ុន TEHO Development  និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា ជាមួយ​ក្រុម​អង្គរក្ស​ខ្លួន នៅ​កោះ​ពេជ្រ​កាលពីថ្មីៗកន្លងទៅនេះ។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី រស់ សុភាព នាយិការ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា។



ថ្លែងប្រាប់​សារ​ព័ត​មានថ្មីៗ លោកស្រី រស់ សុភាព នាយិការ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​ឲ្យ​ដឹងថា លោកស្រី​នឹង​ពិភាក្សា​ជាមួយ​ក្រុម​បុគ្គលិក​ការងារ​របស់ខ្លួន ដើម្បី​សម្រេច​ដាក់​លិខិត​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​អំពើហិង្សា ដែល​កើត​ឡើងលើ​កញ្ញា ឯក សុជាតា កាលពី​យប់​ថ្ងៃ១ ឈានចូល​ព្រឹក​ថ្ងៃទី២ ខែកក្កដា   កន្លងទៅថ្មីៗនេះ។ ប្រធាន​អង្គការ​រូបនេះ​បញ្ជាក់ថា៖ «ខាង​អង្គការ​យើង​នឹងដាក់​លិខិត​មួយ ទៅកាន់​តុលាការ ដើម្បី​ឲ្យ​តុលារ​រក​យុត្តិធម៌​ឲ្យ​បាន​ជូន​ជនរងគ្រោះ។ កន្លងមក​យើង​សង្កេតឃើញថា មន្ដ្រី​អនុវត្ត​ច្បាប់​ហាក់ដូចជា​មិនបាន​តឹងរឹង​ទេ អ្នកប្រព្រឹត្ត​នៅតែ​ប្រព្រឹត្ត ជនរងគ្រោះ​នៅតែ​ជា​ជនរងគ្រោះ»។

លោកស្រី បានបង្ហាញ​ពី​ក្តី​ព្រួយបារម្ភ និង​ការហួសចិត្ត​យ៉ាងខ្លាំង ដែល​ឃើញ​បុរស ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកការពារ​និង​លើកស្ទួយ​ស្ត្រី បែរជា​ប្រើ​កម្លាំងបាយ​ដ៏​ធ្ងន់ធ្ងរ និង​ឥត​ពិចារណា​មកលើ​ស្ដ្រី​យ៉ាង​ដូច្នេះ​សោះ។  លោកស្រីសង្កត់ធ្ងន់ៗថា៖ «ទង្វើ​របស់​បុរស​នោះ​អាច​ធ្វើដូច្នេះបាន ដោយសារតែ​ភាព​ធូររលង់​នៃ​ការអនុវត្ត​ច្បាប់ និង​បង្ហាញ​ពី​ការធ្លាក់ចុះ​សីលធម៌​សង្គម ព្រមទាំង​ការបាត់បង់​តម្លៃ​ជា​បុរស​ខ្លួនឯង​ផ្ទាល់។ បញ្ហា​ទាំងអស់​នេះហើយ ដែល​យើងទាំងអស់គ្នា​គួរតែ​ព្រួយបារម្ភ»។
ជាមួយគ្នា​ផងដែរ តំណាងរាស្ត្រ​បក្សប្រឆាំង លោកស្រី​មួ សុខ​ហួ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «ការប្រើ​អំពើ​ហឹ​ង្សា​ប្រឆាំង​ស្ត្រី គឺ​មិនអាច​ទទួលយក​បានជា​ដាច់ខាត ហើយ​ត្រូវតែ​ដោះស្រាយ​តាមច្បាប់ ។ មិនគួរ​អនុញ្ញាតអោយ​គ្រាន់តែ​ទទួល​សំណង ហើយ​អនុញ្ញាតិ​អោយ​អ្នកប្រព្រឹត្តិ​បទឧក្រិដ្ឋ​មាន​សេរីភាព​ឡើយ។ អំពើ​ហឹ​ង្សា​ទៅលើ​ស្ត្រី ជា​បទឧក្រិដ្ឋ​ប្រឆាំង​សិទ្ធិមនុស្ស​របស់​ស្ត្រី។ យើង​ត្រូវតែ​រួមគ្នា​បញ្ឈប់​អំពើ​ហឹ​ង្សា​មកលើ​ស្ត្រី»។

គួរ​បញ្ជាក់ថា បន្ទាប់ពី​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ លោក​ព្រះរាជ​អ​ជ្ញា​រង ហ៊ឹង ប៊ុនថន​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ លោក សុខ ប៊ុន ឲ្យ​ចូលខ្លួន​បំភ្លឺ​កាលពី​ថ្ងៃទី៨ ម្សិលមិញ​នេះ។ តែ​រហូតមក​ដល់ពេលនេះ​បុរស​ជា​ឧក​ញ្ញ៉ា​រូបនេះ មិនទាន់​បង្ហាញខ្លួន​នៅឡើយ​ទេ។


យោងតាម​ឃ្លី​ប​វីដេអូ​ដែល​ថត​ដោយ​កា​ម៉េ​រ៉ា​សុវត្ថិភាព គេ​សង្កេតឃើញ​សកម្មភាព​វាយដំ​យ៉ាងធ្ងន់ធ្ងរ​ពី​បុរស​ម្នាក់​ដែល​គេ​អះអាងថា ជា​លោក សុខ ប៊ុន និង​អង្គរក្ស ទៅលើ​នាង សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍​នៅក្នុង​ហាង​ស្ថិតក្នុង​បរិវេណ​កោះ​ពេ​ជ្យ កាលពី​យប់​ថ្ងៃទី២ ខែកក្កដា។ តាម​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ CNC  កញ្ញា សា​សា បាន​អះអាងថា នាង និង សុខ ប៊ុន មិនដែល​ស្គាល់គ្នា​នោះឡើយ។ នាង​បាន​បញ្ជាក់ថា ទំនាស់​កើតឡើង​បន្ទាប់ពី​នាង​ព្យាយាម​រារាំង លោក សុខ ប៊ុន និង​ក្រុម​អង្គរក្ស មិន​ឲ្យ​នាំ​ម្ចាស់​ហាង​ជនជាតិ​ជប៉ុន​ដែលជា​មិត្តភក្តិ​របស់​នាង​ចេញទៅ​ក្រៅ ខណៈដែល​មិត្តភក្តិ​នោះ​កំពុង​ស្រវឹង​ជោគជាំ។ នាង​បាន​ទទួលរង​ការជេរប្រមាថ​ពី​សំណាក់​អង្គរក្ស និង​រង​ការវាយដំ​ផ្ទាល់​ពី​សំណាក់​លោក សុខ ប៊ុន។

ប៉ុន្តែ​ជាមួយគ្នានេះ​ផងដែរ មេធាវី​លោក សុខ ប៊ុន ដែល​មិនបាន​បញ្ចេញ​ឈ្មោះ បាន​និយាយប្រាប់​គេហទំព័រ Fresh News ថា មាន​ភ្លើង​ទើប​មាន​ផ្សែង ហើយ​កំហឹង​របស់លោក សុខ ប៊ុន បាន​កើតឡើង​បន្ទាប់ពី សា​សា បាន​ជេ​ប្រមាថ និង​គប់​ទូរ​សព្ទ​ទៅលើ​លោក។

សូម​រំឭកថា ការវាយដំ​ជាន់​ធាក់​ដោយ​ឥត​សំចៃ​កម្លាំង​ពី​សំណាក់​លោក សុខ ប៊ុន រួមជាមួយ​អង្គរក្ស​ខ្លួន​នេះ ជា​ទិដ្ឋភាព​ទី​ពីរ​ហើយ ដែល​បុរស​ប្រព្រឹត្ត​អំពើហិង្សា​លើ​ស្ត្រី។  កាលពីពេល​កន្លងទៅថ្មីៗនេះ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ទះកំផ្លៀង​ក្មេងស្រី​អាយុ១៦ឆ្នាំ ជា​សិស្ស​នៃ វិទ្យាល័យ ជា ស៊ីម បឹង​កេងកង៕





© រក្សាសិទ្ធិដោយ thmeythmey.com