អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិកព្រលះថៃមួយប្រាវរឿងផ្គាប់ចិត្តចិនបញ្ជូនក្រុមអ៊ុយហ្គូទៅស្រុកវិញ
× ការសម្រេចចិត្តរបស់ក្រុងបាងកកដោយបញ្ជូនក្រុមជនជាតិអ៊ុយហ្គូ (Uighurs) ជិត១០០នាក់ទៅស្រុកចិនវិញ បានបង្កការខឹងសម្បារដល់ក្រុងវ៉ាស៊ីនតោន និងស្ថាប័នសិទ្ធិមនុស្សអន្តរជាតិជាខ្លាំង។ អាមេរិកថ្កោលទោសថៃ សម្ព័ន្ធមិត្តចាស់ដោយមិនស្ទាក់ស្ទើរឡើយ ដោយហៅការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងបាងកកថាជាទង្វើងងើលដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ គេបារម្ភថា ជនជាតិឥស្លាមភាគតិចនេះនឹងត្រូវរងទុក្ខបុកម្នេញសារជាថ្មីក្រោយត្រលប់ទៅស្រុកវិញ។
ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងព្រលះរបបសឹកក្រុងបាងកកមួយរយៗ ជុំវិញការផ្គាប់ចិត្តក្រុងប៉េកាំងដោយបញ្ជូនក្រុមជនជាតិភាគតិចអ៊ុយហ្គូជិត១០០នាក់ដែលសុំសិទ្ធិជ្រកកោននៅថៃទៅចិនវិញ។ អាចថាជារឿងថ្មីទៀតដែលអាមេរិកថ្កោលទោសថៃឥតសំចៃដៃ ចាប់តាំងពីរដ្ឋប្រហារឥតបង្ហូរឈាមកើតឡើងនៅថៃកើតឡើង។ ការបញ្ជូនជនជាតិភាគតិចចិនទៅស្រុកវិញនេះ ជាបញ្ហានយោបាយច្រើន នេះក៏ព្រោះតែរបបយោធាថៃកំពុងព្យាយាមសាងទំនាក់ទំនងឲ្យល្អប្រសើរជាមួយក្រុងប៉េកាំងលើគ្រប់វិស័យ។ សូមបញ្ជាក់បន្តិចដែរថា ដោយសារបញ្ជូនប្រជាជនអ៊ុយហ្គូទៅចិនវិញ បានបញ្ឆេះកំហឹងប្រជាជនតួកគី ឲ្យប្រើប្រាស់ហិង្សាវាយកម្ទេចស្ថានកុងស៊ុលថៃប្រចាំក្រុងអ៊ីស្តង់ប៊ុលផងដែល។
ក្នុងសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាមេរិកម្សិលមិញ បានហៅការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ព្រោះថៃមានកាតព្វកិច្ចផ្តល់ជម្រកនិងទីស្នាក់អាស្រ័យដល់បណ្តាក្រុមប្រជាជនដែលរងទុក្ខវេទនា ឬងាយរងគ្រោះដែលសុំសិទ្ធិជ្រកកោននៅថៃ។ វាប្រាកដណាស់ថា ក្រុមជនជាតិភាគិតិចឥស្លាមជិត១០០នាក់ដែលត្រូវអាជ្ញាធរថៃបញ្ជូនទៅចិនវិញនោះ នឹងអាចប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរក្រុងប៉េកាំង ។
ក្នុងសេចក្តីថ្លែងការណ៍ដដែល អាមេរិកបានស្នើឲ្យថៃ បញ្ឈប់សកម្មភាពចាប់បង្ខំប្រជាជនអ៊ុយហ្គូទៅចិនវិញ ដោយគោរពតាមលិខិតបទដ្ឋានអន្តរជាតិទាក់ទងសិទ្ធិមនុស្សនិង ច្បាប់មនុស្សធម៌អន្តរជាតិផង។ ក្រៅពីថ្កោលទោសថៃ ក្រុងវ៉ាស៊ីនតោន ក៏បានស្នើឲ្យអាជ្ញាធរចិនបញ្ឈប់គោលនយោបាយរើសអើង និងធ្វើទុក្ខបុកម្នេញក្រុមជនជាតិភាគតិច ដោយអនុវត្តតាមអ្វីដែលមានចែងក្នុងច្បាប់អន្តរជាតិជាពិសេសសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស ។ ក្នុងអំឡុងបុណ្យសាសនា រ៉ាម៉ាឌន រដ្ឋាភិបាលចិន បានហាមឃាត់ប្រជាជនឥស្លាមអ៊ុយហ្គួ ចំពោះការប្រតិបត្តិការតាមអាហាររបស់ខ្លួនផង ដែលនេះជាការរំលោភសេរីភាពសាសនា។
ប្រជាជនអ៊ុយហ្គូ រស់នៅភាគច្រើននៅតំបន់ស្វយ័តស៊ីនជាំង ហើយពួកគេរងការធ្វើទុក្ខបុកម្នេញ និងរើសអើងពីសំណាក់ចិន។ ចិនចោទប្រកាន់ថាក្រុមនេះព្យាយាមផ្តាច់ខ្លួនចេញពីការគ្រប់គ្រងរបស់ខ្លួន ហើយចិនក៏ចោទប្រកាន់ក្រុមនេះថាមានជាប់ពាក់ព័ន្ធចលនាភេរវកម្មផង៕
© រក្សាសិទ្ធិដោយ thmeythmey.com