ជាតិ
សង្គមជាតិ
កម្ពុជា​ស្នើ​ថៃ ឲ្យ​ឈប់​ទទួលយក​ពលករ​ខ្មែរ​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ទូក​នេសាទ
14, Jul 2015 , 8:59 am        
រូបភាព
ដោយ:
នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​កម្ពុជា​និង​ថៃ កាលពី​ថ្ងៃទី១០-១១ កក្កដា​កន្លងទៅ​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ អនុញ្ញាត​ឲ្យ​ប្រជាជន​រស់នៅ​តំបន់​ព្រំដែន​អាច​ទៅធ្វើ​ការ​នៅ​ថៃ ហើយ​វិល​ល្ងាច​ឬ​ស្នាក់នៅ​ថៃ​បាន​ត្រឹម​រយៈពេល១៥ទៅ៣០ថ្ងៃ។ ចំពោះ​បញ្ហា​ពលករ​ខ្មែរ​ដែល​ថៅកែ​ទូក​នេសាទ​ថៃ​ធ្វើបាប​វិញ កម្ពុជា​ស្នើ​ទៅ​ថៃ​ថា ធ្វើយ៉ាងណា​កុំ​ឲ្យ​ថៅកែ​ទូក​នេសាទ​ថៃ​ទទួលយក​ពលករ​ខ្មែរ​មិន​ស្របច្បាប់​ទៅធ្វើ​ការ​ទៀត។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រ​ត្ត​ប​ត្តិ​ការ​អន្តរជាតិ​នៅ​ថ្ងៃទី១៣ កក្កដា​នេះ។



លទ្ធផល​នៃ​ជំនួប​ចរចារ​ទ្វេភាគី​រវាង​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ថា​ណា​សក្តិ ប៉ា​ទិ​ម៉ា ប្រា​កន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​រស់នៅ​តំបន់​ព្រំដែន​អាច​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​វិល​ល្ងាច​ឬ​អាច​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​បាន​រយៈពេល​ពី១៥ទៅ៣០ថ្ងៃ។នៅក្នុង​ការចរចារ​នោះ​ក៏បាន​សម្រេច​ថា អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ប្រហែល ៥០, ០០០នាក់ ដែល​មិនទាន់បាន​ពន្យា​ពេល​ប័ណ្ណ​ស្នាក់នៅ​បណ្តោះអាសន្ន​មុន​ថ្ងៃ​ផុតកំណត់ ថ្ងៃទី៣០ ខែ​មិន​ថុ​នា ឆ្នាំ២០១៥ អាច​បន្ត​ស្នាក់នៅ​រហូតដល់​ខែ​មិនា ឆ្នាំ២០១៦ ដើម្បី​បំពេញបែបបទ​ក្លាយជា​ពលករ​ស្របច្បាប់។

ទន្ទឹមនឹងនេះ លោក ហោ ណាំហុង ក៏បាន​លើក​ពី​បញ្ហា​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៅកែ​ទូក​នេសាទ​ថៃ​ធ្វើបាប​មក​ពិភាក្សា​ផងដែរ ហើយ​ទាំង​នាយករដ្ឋមន្ត្រី​ថៃ ទាំង​រដ្ឋមន្ត្រីការបរទេស​ថៃ បាន​សំណូមពរ​ឲ្យ​កម្ពុជា​ធ្វើយ៉ាងណា​ឲ្យ​ពលករ​តាម​ទូក​នេសាទ​ជា​ពលករ​ស្របច្បាប់ ដើម្បី​ជៀសវាង​ការរំលោភបំពាន​របស់​ថៅកែ​ទូក​នេសាទ​មកលើ​ពលករ​ខ្មែរ។ឆ្លើយ​បត​នឹង​បញ្ហា​នេះ លោក​ឧ​បក​នាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​សន្យាថា​នឹងធ្វើ​ការងារ​នេះ​ជាមួយ​ក្រសួង​ការងារ​កម្ពុជា ហើយ​លោក ហោ ណាំហុង ក៏​ស្នើ​ទៅ​ថៃ​វិញ​ថា ធ្វើយ៉ាងណា​កុំ​ឲ្យ​ថៅកែ​ទូក​នេសាទ​ថៃ​ទទួលយក​ពលករ​ខ្មែរ​ដែល​មិន​ស្របច្បាប់​ទៅធ្វើ​ការ​ទៀត។ 

ជាមួយគ្នា​ដែរ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី១០-១១ កក្ត​ដា​នេះ​រដ្ឋមន្ត្រី​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​ស្តីពី​ការប្រគល់​និង​ទទួល​វត្ថុ​បុរាណ​ខ្មែរ​ចំនួន១៦ដុំ ដែល​រដ្ឋាភិបាល​ថៃ​បាន​ឯកភាព​ជូន​មក​កម្ពុជា​វិញ។ទន្ទឹមនឹងនេះ កម្ពុជា​ក៏បាន​ស្នើរ​ឲ្យ​រដ្ឋាភិបាល​ថៃ អនុញ្ញាត​ឲ្យ​អ្នកជំនាញ​កម្ពុជា ទៅពិនិត្យ​មើល​វត្ថុ​បុរាណ​ចំនួន២០ដុំ​ផ្សេងទៀត ក្នុង​គោលបំណង​ស្នើ​ឲ្យ​ភាគី​ថៃ​ប្រគល់​វត្ថុ​បុរាណ​ដែលជា​របស់​ខ្មែរ​មក​កម្ពុជា​វិញ​ផងដែរ។

ដោយឡែក​ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​ពី​ការបើក​ច្រក​ស្ទឹង​បត់-បាន​ណង​អៀន​ថ្មី​មួយ​រវាង​កម្ពុជា​និង​ថៃ ដើម្បី​សម្រួល​ដល់​ការដឹក​ទំនិញ​រវាង​ប្រទេស​ទាំងពីរ ហើយ​ទុក​ច្រក​ប៉ោយប៉ែត​សម្រាប់តែ​ទេសចរ​ណ៏​ប៉ុណ្ណោះ។ ករណី​មួយ​ផ្សេងទៀត​ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​បើក​ច្រក​អន្តរជាតិ​អានសេះ ខេត្តព្រះវិហារ និង​អាន​ម៉ា ខេត្ត​អ៊ុ​ប៊ុន​រាជធានី​របស់​ថៃ ដើម្បី​សម្រួល​ដល់​ការប្រកប​របរ និង​ជំនួញ​ជួញដូរ​របស់​ប្រជាជន​នៅក្នុង​តំបន់​នោះ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com