ជាតិ
សង្គមជាតិ
លោក សួន សេរី​រដ្ឋា នឹង​ស្វែងរក​ការដោះលែង​សមាជិក​លោក៣នាក់​ទៀត
13, Jul 2015 , 9:19 pm        
រូបភាព
លោក សួន សេរី​រដ្ឋា ប្រធាន​បណ្ដោះអាសន្ន​គណ​បក្ស​អំណាច​ខ្មែរ បានទទួល​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី១០ កក្កដា ឆ្នាំ២០១៥ ។ លោក សួន សេរី​រដ្ឋា មិនបាន​សប្បាយ​ចិត្តនឹង​ការលើកលែងទោស​នេះឡើយ ពីព្រោះ​តែ​សកម្មជន​របស់លោក​ចំនួន៣រូប​ទៀត មិនបាន​ប្រព្រឹត្ត​ទោសកំហុស​ដូច​ការចោទប្រកាន់​នោះទេ តែ​ត្រូវបាន​តុលាការ​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ​ម្នាក់៦ឆ្នាំ។ ប្រធាន​បណ្ដោះអាសន្ន​គណ​បក្ស​អំណាច​ខ្មែរ​រូបនេះ បន្ថែមថា រូបលោក​នឹង​បន្ត​ការទាមទារ ឲ្យ​មានការ​ដោះលែង​សកម្មជន​របស់លោក​ចំនួន៣នាក់​នេះ ដើម្បី​ឲ្យ​ពួកគេ​មក​ចូលរួម​ជាមួយ​បក្ស​របស់ខ្លួន​វិញ។ ជាមួយគ្នា​នោះ​លោក រដ្ឋា ក៏​បដិសេធថា គណបក្ស​លោក​មិន​មានការ​ជ្រោមជ្រែង​ពីក្រោយ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។



សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទា​ស​ទោស​កំបាំងមុខ​ឲ្យ​លោក សួន សេរី​រដ្ឋា ជាប់ពន្ធនាគារ ៧ឆ្នាំ និង​ពិន័យ​ប្រាក់ ២៥លាន​រៀល។ ក្រៅពី​លោក មាន​សមាជិក ៣នាក់​ទៀត​របស់ខ្លួន ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ ៦ឆ្នាំ។ ក្រោយមក​សាលាឧទ្ធរណ៍ បានចេញ​សា​ដីការ​រក្សា​សេចក្តីសម្រេច​របស់​សាលក្រម​តុលាការ​សាលាដំបូង ហើយ​សាលដីកា​នេះ បាន​ចូល​ជា​ស្ថាពរ​នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៥ ៕

ជា​បន្ដ​សូម​លោក អ្នកនាង​ស្ដាប់​បទសម្ភាសន៍ រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ចថ្មីៗ ជាមួយ​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ តាមរយៈ​ខ្សែ​ទូរ​សព្ទ​ដូចតទៅ៖




© រក្សាសិទ្ធិដោយ thmeythmey.com