ជាតិ
សង្គមជាតិ
លោកស្រី មូ សុខ​ហួរ ស្នើ​ប្រទេស​សឹង្ហ​បុរី អន្តរាគមន៍​ចាប់បញ្ជូន​លោក សុខ ប៊ុន មក​កម្ពុជា
14, Jul 2015 , 11:38 am        
រូបភាព
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូ សុខ​ហួរ ស្នើ​ឲ្យ​ប្រទេស​សឹង្ហ​បុរី ជួយ​អន្តរាគមន៍​ចាប់បញ្ជូន​ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុន មក​កម្ពុជា​វិញ ដើម្បី​ទទួលខុសត្រូវចំពោះមុខ​ច្បាប់​​លើ​ទង្វើ​ហិង្សា​លើកញ្ញា ឯក សុជាតា ហៅថា សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ ។



លិខិត​ចុះ​ថ្ងៃទី១៣ កក្កដា របស់លោក​ស្រី មូ សុខ​ហួ ស្នើ​ទៅ​ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា អំពើហិង្សា​ប្រឆាំង​លើ​ស្ត្រី គឺ​ចាត់ទុកថា​ជា​បញ្ហា​សុខភាព​សាធារណៈ និង​ការប៉ះទង្គិច​ធ្ងន់ធ្ងរ​នៃ​សិទ្ធិ​របស់​ស្ត្រី ដែល​ត្រូវបាន​ការពារ​ដោយ​អង្គការ​សុខភាព​ពិភពលោក។ លោកស្រី មូ សុខ​ហួរ បន្ថែមថា ដើម្បី​ការពារ​ស្ត្រី និង​កាត់បន្ថយ​អំពើហិង្សា​លើ​ស្ត្រី​នោះ លុះត្រា​មាន​វិធានការ​ផ្លូវច្បាប់ ដើម្បី​កាត់ទោស​ក្នុង​បទល្មើស​ទាំងនោះ។ ជាក់ស្ដែង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ដូច​ករណី​នាង ឯក សុជាតា​នេះ ដែល​ត្រូវបាន​ប្រើ​ហិង្សា​ដោយ​លោក​ឧកញ៉ា សុខ ប៊ុន រួម​នឹង​កង​អង្គរក្ស​ម្នាក់ទៀត ដែលជា​បទល្មើស ដោយ​អាច​កាត់ទោស​បានជា​មួយ​កាំភ្លើង​ផងដែរ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​សរសេ​សំណើរ​នេះ​ដើម្បី​ឲ្យ​ជំនួយការ​របស់​អ្នក ជួយ​រាយការណ៍​ពី​ករណីនេះ​ទាក់ទង​ទៅ​អាជ្ញាធរ​សឹង្ហ​បុរី ក្នុង​គោលបំណង​ស្នើ​សហការ​អនុវត្ត​ច្បាប់​ជាមួយ​កម្ពុជា ក្នុងការ​ចាប់បញ្ជូន​លោក​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ភៀសខ្លួន​ទៅ​ជ្រកកោន​សឹង្ហ​បុរី​មក​កម្ពុជា​វិញ។ គ្រប់​អង្គភាព​ប៉ូលីស​ទាំងអស់​គួរ​ជួយ​យកចិត្តទុកដាក់​ចាត់​វិធាន​បញ្ហា​នេះ​ឲ្យ​បាន​ប្រុងប្រយ័ត្ន »។

លោកស្រី មូ សុខ​ហួរ បន្ដថា ការ​អំពាវ​នេះ​គឺជា​ជំហ​រឹងមាំ​នៃ​ភាពជា​ដៃគូរ រវាង​អាជ្ញាធរ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា និង​ប្រទេស​សឹង្ហ​បុរី ដើម្បី​បង្ហាញ​ជា​សា​រថា ប្រទេស​ទាំងពីរ​មិន​នៅ​ស្ងៀម​មើល​ការប្រើ​អំពើហិង្សា​ប្រឆាំង​លើ​ស្ត្រី​ឡើយ។

យោងតាម​ឃ្លី​ប​វីដេអូ​ដែល​ថត​ដោយ​កា​ម៉េ​រ៉ា​សុវត្ថិភាព គេ​សង្កេតឃើញ​សកម្មភាព​វាយដំ​យ៉ាងធ្ងន់ធ្ងរ​ពី​បុរស​ម្នាក់​ដែល​គេ​អះអាងថា ជា​លោក សុខ ប៊ុន និង​អង្គរក្ស ទៅលើ​នាង សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍​នៅក្នុង​ហាង​ស្ថិតក្នុង​បរិវេណ​កោះ​ពេ​ជ្យ កាលពី​យប់​ថ្ងៃទី២ ខែកក្កដា។ តាម​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ CNC  កញ្ញា សា​សា បាន​អះអាងថា នាង និង សុខ ប៊ុន មិនដែល​ស្គាល់គ្នា​នោះឡើយ។ នាង​បាន​បញ្ជាក់ថា ទំនាស់​កើតឡើង​បន្ទាប់ពី​នាង​ព្យាយាម​រារាំង លោក សុខ ប៊ុន និង​ក្រុម​អង្គរក្ស មិន​ឲ្យ​នាំ​ម្ចាស់​ហាង​ជនជាតិ​ជប៉ុន​ដែលជា​មិត្តភក្តិ​របស់​នាង​ចេញទៅ​ក្រៅ ខណៈដែល​មិត្តភក្តិ​នោះ​កំពុង​ស្រវឹង​ជោគជាំ។ នាង​បាន​ទទួលរង​ការជេរប្រមាថ​ពី​សំណាក់​អង្គរក្ស និង​រង​ការវាយដំ​ផ្ទាល់​ពី​សំណាក់​លោក សុខ ប៊ុន។

គួរ​បញ្ជាក់ថា បន្ទាប់ពី​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ លោក​ព្រះរាជ​អ​ជ្ញា​រង ហ៊ឹង ប៊ុនថន​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ លោក សុខ ប៊ុន ឲ្យ​ចូលខ្លួន​បំភ្លឺ​កាលពី​ថ្ងៃទី៨ ខែកក្កដា តែ​រហូតមក​ដល់ពេលនេះ​បុរស​ជា​ឧកញ៉ា​រូបនេះ មិនទាន់​បង្ហាញខ្លួន​នៅឡើយ​ទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com