ជាតិ
សង្គមជាតិ
ទោះជា​ខែវស្សា​មកដល់​តែ​ស្រះស្រង់​នៅ​មិនទាន់មាន​ទឹក​នៅឡើយ
14, Jul 2015 , 4:27 pm        
រូបភាព
សៀមរាប៖ រហូតមកដល់​ថ្ងៃ១៤ កក្កដា​នេះ ស្រះស្រង់​ដែល​គោក​គ្មាន​ទឹក​អស់​ជាង២ខែ​មកហើយ​នោះ នៅ​មិនទាន់​មានទឹក​ដូច​ធម្មតា​វិញ​ទេ។ ការបន្ត​គោក​នេះ ដោយសារ​លំហូរ​ទឹក​ភ្ញៀ​ង​មិន​ទៀងទាត់ និង​ការអាក់ខាន ការបង្ហូរ​ទឹក​ពី​ភ្នំ​បូក របស់​អាជ្ញាធរ​អប្សរា។



ដី​បែក​ក្រហែង គ្មាន​ទឹក និង​រុក្ខជាតិ ទាំងនេះ​សុទ្ធតែ​រូបភាព ដែល​គេ​បានឃើញ​នៅ​រណ្តៅ​ស្រះស្រង់ ដែលមាន​ជម្រៅ​មិន​ដល់២ម៉ែត្រ​ផង។ ប្រភពពី​អ្នកភូមិ និង​អ្នកលក់ដូរ បាន​អះអាងថា ស្រះស្រង់ បាន​គោក​គ្មាន​ទឹក ក្នុងអំឡុង​ខែឧសភា​មកហើយ ហើយ​ការ​គោក​នេះ​ជា​រឿង​ដ៏​កម្រ​បំផុត។

មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា​បាន​និយាយថា ការ​គោក​រាក់​នៃ​ស្រះស្រង់​នេះ គឺ​បណ្តាលមកពី​រដូវវស្សា​ឆ្នាំនេះ អូសបន្លាយ​ពេល​យូរ។ លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​អប្សរា ដែល​ទទួលបន្ទុក​ផ្នែក​គ្រប់គ្រង​ធនធានទឹក បាន​និយាយថា ស្រះស្រង់​ធ្លាប់​គោក​ម្តង​នៅ​ឆ្នាំ២០០៤ ដែល​កាលនោះ​ជំរុញ​ឲ្យ​អាជ្ញាធរ​ជីក​ប្រឡាយ ដើម្បី​បង្ហូរទឹក​ចូល។

យ៉ាងណាមិញ រហូតមកដល់​ថ្ងៃនេះ ស្រះស្រង់​ដែល​គោក​រាក់​ជាង២ខែ​មកហើយ​នោះ នៅ​មិនទាន់​ជួយសង្គ្រោះ​បាន​នៅឡើយ​ទេ។ ព្រោះថា បើតាម​មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា​មួយ បាន​បញ្ជាក់ថា គម្រោង​បង្ហូរ​ពី​ភ្នំ​បូក​ត្រូវបាន​អាក់ខាន ដោយសារ​ទឹក​មាន​តិច។ ទឹក​ដែលមាន​តិចតួច​នៅ​ទីនោះ គឺ​គ្រាន់​សម្រាប់តែ​ផ្គត់​ផ្គន់​ដល់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ។

គួររម្លឹកថា ស្រះស្រង់​ដែលមាន​បណ្តោយ ៧៨០ម និង​ទទឹង ៣៨០ម កសាងឡើង​នៅ​ចុង​សតវត្ស​ទី១២ ដើម​សតវត្ស​ទី១៣ ដោយ​ពុំមាន​ប្រព័ន្ធ​បង្ហូរទឹក​ចូល​ទេ។ ប្រភពពី​អាជ្ញាធរ​អប្សរា ស្រះ​នេះ​ពឹង​លើទឹក​ភ្លៀង និង​ទឹក​ក្រោម​ដី ដែល​ជ្រាបចូល​ពី​បារាយណ៍​ខាងកើត ខណៈដែល​បារាយណ៍​ខាងកើត​សព្វថ្ងៃ ក៏​គោក​ហួតហែង​ដូចគ្នា។ គេ​នៅ​មិនទាន់​ដឹងថា តើ​អាជ្ញាធរ​អប្សរា អាច​នឹងមាន​ដំណោះស្រាយ​អ្វី​ផ្សេងទៀត​នោះទេ​ចំពោះ​បញ្ហា​នេះ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com