ជាតិ
សង្គមជាតិ
ក្រុមនិស្សិត​ស្ម័គ្រចិត្ត​ត្រៀម​រៀបចំ​វេទិកា​យុវជន​ឆ្នើម​សតវត្សរ៍​ទី២១
14, Jul 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមយុវជន​ស្ម័គ្រចិត្ត យុវជន​ដើម្បី​យុវជន (YFY) ត្រៀម​រៀបចំ​វេទិកាសាធារណៈ​ស្តីពី «គន្លឹះ​កសាង​ខ្លួន​ជា​យុវជន​ឆ្នើមសតវត្សរ៍​ទី២១» នៅ​ថ្ងៃទី២៦ កក្ត​ដា នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ។ វេទិកា​យុវជន​ឆ្នើម​រយៈពេល​មួយ​ព្រឹក​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​យុវជន ដើម្បី​ឲ្យ​ពួកគេ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ស្គាល់​ខ្លួនឯង​កាន់តែច្បាស់ របៀប​នៃ​ការកំណត់​គោលដៅ​ជីវិត ភាពជា​អ្នកដឹកនាំ និង​តួនាទី​យុវជន​នៅក្នុង​សង្គម។



យុវជន ទីន សុខ​លីម អ្នកសម្របសម្រួល​ក្រុមយុវជន​ស្ម័គ្រចិត្ត YFY និង​អ្នកសម្របសម្រួល​នៃ​ការរៀបចំ​កម្មវិធី​នេះ បាន​ឲ្យ​ដឹងថា ការរៀបចំ​វេទិកា​យុវជន​ឆ្នើម​សតវត្សរ៍​ទី២១នេះ​ឡើង គឺ​ដើម្បី​ពង្រឹងសមត្ថភាព​យុវជន ដើម្បី​ឲ្យ​ពួកគេ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ស្គាល់​ខ្លួនឯង​កាន់តែច្បាស់ របៀប​នៃ​ការកំណត់​គោលដៅ​ជីវិត ភាពជា​អ្នកដឹកនាំ និង​តួនាទី​យុវជន​នៅក្នុង​សង្គម។ ជាពិសេស លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​យុវជន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការសិក្សា ការធ្វើការងារ​ស្ម័គ្រចិត្ត និង​ការងារ​ជួយ​សង្គមផ្សេងៗ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​ឲ្យ​រីកចម្រើន។

នៅក្នុង​វេទិកា​យុវជន​ឆ្នើមសតវត្សរ៍​ទី២១ ដែល​គ្រោង​អ្នកចូលរួម​ប្រមាណ​ជា ៦០០នាក់​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៦ កក្ត​ដា​ខាងមុខ នៅ​សាក​វិទ្យាល័យ​បញ្ញា​សាស្ត្រ ក្បែរ​វិមានឯករាជ្យ។ កម្មវិធី​នេះ​មាន​វាគ្មិន​ជា​យុវជន​ឆ្នើម៣រូប ដែល​ពួកគេ​ជា​យុវជន​មាន​ពិសោធន៍​ជោគជ័យ​ក្នុងការ​សិក្សា និង​មាន​គោលដៅ​ជីវិត​ជាក់លាក់។ នេះ​ជាការ​បញ្ជាក់​របស់​និស្សិត​ស្ម័គ្រចិត្ត ទីន សុខ​លីម។

និស្សិត​ច្បាប់ ទីន សុខ​លីម បានដឹង​ពី​សមត្ថភាព​វាគ្មិន​ទាំង៣រូប​រួមមាន ១/ កញ្ញា តោ គឹម​ស៊ី ជា​សិស្ស​តែ​ម្នាក់​គត់​ដែល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​បាន​និទ្ទេស A កាលពី​សម័យ​ប្រឡង​នៅ​ឆ្នាំ២០១០ និង​ជា​និស្សិត​ឆ្នើម​ផ្នែក​គណិតវិទ្យា​នៅ​សាកលវិទ្យាល័យ Manhattan សហរដ្ឋអាមេរិក។ កញ្ញា តោ គឹម​ស៊ី មាន​គោលបំណង​ចង់​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​កម្ពុជា។ ២/ កញ្ញា អៀង លីន​ដា ម្ចាស់​ជ័យលាភី​លេខ១ នៃ​កម្មវិធី«អ្នក​បន្តវេន»ឆ្នាំ២០១៥ និង​ជា​ប្រធានសភា​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ។ និង​ទី៣/ លោក ប៊ិន យ៉ាន ជា​និស្សិត​ឆ្នើម​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ។ និស្សិត​ជនជាតិដើម​ភាគតិច​គួ​យ​រូបនេះ​មានបំណង​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។

សូមបញ្ជាក់ថា ក្រុមយុវជន​ស្ម័គ្រចិត្ត «យុវជន​ដើម្បី​យុវជន (YFY)» មាន​សមាជិក១៧នាក់ ដែល​ពួកគេ​ជា​និស្សិត​មកពី​សាកលវិទ្យាល័យ​ផ្សេងគ្នា និង​មក​តាម​បណ្តា​ខេត្ត​នានា។ ចំពោះគណៈកម្មការរៀបំវេទិកានាថ្ងៃទី២៦ កក្តដាខាងមុខ មានចំនួន ៦០នាក់ ដែលពួកគេជានិស្សិតមកពី​សាកលវិទ្យាល័យ​ផ្សេងគ្នា និង​មក​តាម​បណ្តា​ខេត្ត​នានា៕



© រក្សាសិទ្ធិដោយ thmeythmey.com