ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​ណែនាំ​ពលរដ្ឋ​មិន​ឲ្យ​លក់-ជួល​ដី​តាម​ព្រំដែន​ឲ្យ​បរទេស
14, Jul 2015 , 9:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កាលពី​ថ្ងៃទី១៤ ខែកក្កដា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ប្រាប់​ឲ្យ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ចាត់​វិធាន​ហាមឃាត់​ជាបន្ទាន់ ចំពោះ​ការជួល ឬ​លក់​ដី​ឲ្យ​បរទេស នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ទូទាំងប្រទេស​កម្ពុជា ដើម្បី​បញ្ចៀស​បញ្ហា​ព្រំដែន​នានា។ ប៉ុន្តែ​អ្នក ស្រាវជ្រាវ​សង្គម ប្រាប់ថា រដ្ឋាភិបាល​គួរតែ​សិក្សា​បន្ថែមទៀតថា តើ​ហេតុអ្វី​បានជា​ប្រជាជន រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន យល់ព្រម​ជួល ឬ​លក់​ទៅ​ឲ្យ​បរទេស?



រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានចេញ​បញ្ជា​ឲ្យ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ពិសេស​គឺ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ត្រូវ​ត្រួតពិនិត្យ និង​ហាមឃាត់ រាល់​ការជួល​លក់​ដី​នៅតាម​ព្រំដែន​ឡើងវិញ ដើម្បី​រក្សា​ស្ថិរភាព បូរណភាព​យូរអង្វែង​របស់ កម្ពុជា។ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ អំពី​បច្ចុប្បន្នភាព ការងារ​កំណត់​បង្គោល​ព្រំដែន​រវាង ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម លោក ស ខេង បាន​ចាត់ទុកថា ការជួល​លក់​ដី​របស់​ប្រជាជន នៅតាម​បណ្តោយ​ព្រំដែន នឹង​ក្លាយជា​បញ្ហា​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​កម្ពុជា នាពេល​អនាគត។

លោក បញ្ជាក់​ដូច្នេះ​ថា៖«បញ្ហា​ជួល​លក់​ដី​តាម​បណ្តោយ​ព្រំដែន​នេះ​យូរ​ទៅ អាច​ក្លាយជា​បញ្ហា បូរណភាព​ដែនដី ដោយ​ភាគី​ម្ខាង​ទៀត​អាច​អះអាងថា នេះ​ជា​ដី​របស់គេ​កាន់កាប់​យូរណាស់ មកហើយ»។ លោក​បាន​ថ្លែង​បែបនេះ ទៅកាន់​មន្ត្រី​ចូលរួម​ជាង ២០០នាក់ រួមមាន តំណាង​ក្រសួងការពារជាតិ ក្រសួងការបរទេស និង​អភិបាលខេត្ត ព្រមទាំង​ស្នងការ នគរបាល នគរបាល​ការពារ​ព្រំដែន​ទូទាំងប្រទេស។

ទាក់ទិន​នឹង​ការលើកឡើង​នេះ អ្នកវិភាគ​យល់ឃើញថា រដ្ឋាភិបាល​គួរតែ​សិក្សា​ឲ្យ​បាន​លម្អិត ថា ហេតុអ្វី​បានជា​ប្រជាជន​ជួល ឬ​លក់​ដី​ឲ្យ​ជនបរទេស​ជាប់​ព្រំដែន​កម្ពុជា លោក កែម ឡី អះអាងថា វិធានការ​នេះ នឹង​មិនមាន​ប្រសិទ្ធភាព​នោះទេ ប្រសិនបើ​រដ្ឋាភិបាល ពុំ​សិក្សា​ឲ្យ​បាន​លម្អិត​ជាមុន ដោយ​លោក​លើកឡើងថា បញ្ហា​នេះ បាន និង​កំពុង​កើតឡើង តាម​ព្រំដែន ដោយសារ​ប្រជាជន ខ្វះខាត​ប្រព័ន្ធធារាសាស្ត្រ ថវិកា​ទិញ​ជី​កសិកម្ម ពិសេស​គឺ ប្រជាជន​ប្រឈមមុខ​នឹង​បញ្ហា​តម្លៃ​ទីផ្សារ លក់​កសិផល​តែម្តង។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ លោក កែម ឡី បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ចាប់​ពិន័យ​អ្នកលក់-ជួល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដាក់ពន្ធនាគារ​ទៀតផង៕


© រក្សាសិទ្ធិដោយ thmeythmey.com