ជាតិ
លោក សុខ ប៊ុន នឹង​ចូលខ្លួន​បំភ្លឺ ប៉ុន្តែ​សុំ​ពេល​ព្យាបាល​ជំងឺស្ត្រេស​សិន
15, Jul 2015 , 2:02 pm        
រូបភាព
លោក សុខ ប៊ុន អះអាងថា​នឹង​ចូលខ្លួន​សុខចិត្ត​ដោះស្រាយ​ជាមួយ កញ្ញា​សា​សា ចំពោះមុខ​តុលាការ ដើម្បី​ស្វែងរក​ការពិត និង​យុត្តិធម៌​ជូន​ភាគី​ពាក់ព័ន្ធ នៅពេលណា ដែលមាន​ការបញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត​ថា​សុខភាព​របស់លោក​មាន​ភាពល្អប្រសើរ​ឡើងវិញ ។ នេះ​បើតាម​លិខិត​ទី​ពីរ​របស់លោក សុខ ប៊ុន ដែល​បាន​ផ្សាយ​ជា​សាធារណៈ កាលពី​ថ្ងៃទី១៤ ខែកក្កដា ម្សិលមិញ។



បើតាម​លិខិត​ទី​ពីរ​នេះ លោក សុខ ប៊ុន បញ្ជាក់​ហេតុផល​ថា កន្លងមក រូបលោក មិនបាន​ចូលខ្លួន​បំភ្លឺ​ក្នុង​តុលាការ​តាម​ដីកា​កោះហៅ មិនមែន​មានន័យថា រូបលោក​គេច​ពី​ការទទួលខុសត្រូវ​នោះទេ តែដោយសារ​តែ​រូបលោក​មាន​កាតព្វកិច្ច​ផ្ទាល់ខ្លួន​ដ៏​ចំ​បាច់​ដែល​ត្រូវតែ​បំពេញ និង​បញ្ហា​សុខភាព​ដែល​ត្រូវ​ព្យាបាល។

ឆ្លើយតប​នឹង​ការសុំ​ពន្យារ​ពេលនេះ មេធាវី របស់​កញ្ញា សា​សា គឺ​លោក ពុធ ធា​វី បាន​ទាត់ចោល និង​បញ្ជាក់ថា សំណើ​របស់លោក សុខ ប៊ុន ប្រាសចាក​នីតិវិធីតុលាកា​រ។  លោក​បាន​ពន្យល់ថា តាម​នីតិវិធី ដើម្បី​សុំ​ពន្យារពេលបាន គឺ​តម្រូវ​ឲ្យ ជនល្មើស ត្រូវ​សរសេរ​លិខិត​តាម​បទដ្ឋាន​គតិយុត្ត​ត្រឹម​ត្រូវយក​ជូន​ព្រះរាជអាជ្ញា ឬ​តុលាការ ដោយផ្ទាល់ បន្ទាប់មក​ទើប​ខាង​ព្រះរាជអាជ្ញា ឬ​តុលាការ ធ្វើការ​ពិនិត្យថា​តើ​នឹង​អាច​អនុញ្ញាត​ឲ្យ ពន្យារពេល សមរម្យ​ណាមួយ។ លោក​មេធាវី​រូបនេះ​បញ្ជាក់​យ៉ាងនេះ​ថា «ឥឡូវ​សំណុំរឿង កំពុងស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា អីចឹង​ប្រសិនបើ​ជនល្មើស ចង់​ពន្យារពេល ត្រូវ​សរសេរ​លិខិត​ជា​ផ្លូវ​ជូន​ព្រះរាជអាជ្ញា​តាម​នីតិវិធី មិនមែន​សរសេរ ហើយ​បង្ហោះ​ជា​សាធារណៈ​ក្នុង​ហ្វេ​ស​ប៊ុ​ក​អីចឹង​ទេ វា​មិនអាច​យក​ជា​ផ្លូវការ​បានឡើយ។

សូម​រំឭកថា កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ លោក សុខ ប៊ុន បានចេញ​លិខិត​លើកទីមួយ​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​សុខ​ចិ​ត្ដ​លាលែង​ពី​តួនាទី​ទាំងអស់ និង​ងារ​ជា​ឧកញ៉ា ហើយ​ព្រមទាំង​សុំទោស កញ្ញា សា​សា ជាមួយនឹង​សំណង​ចំនួន ១០ម៉ឺន​ដុល្លារ។ លើសពីនេះ លោក សុខ ប៊ុន ក៏​ស្នើសុំ​តុលាការ​ពន្យារពេល​ចូល​បំភ្លឺ​តាម​ដីកា​កោះហៅ ក្រោម​ហេតុផល​ថា ខ្លួន​កំពុង​តែមាន​ជំងឺ​ស្រេស​ដ៏​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ព្យាបាល។

ទោះបីជា​លោក សុខ ប៊ុន បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ទង្វើ​របស់ខ្លួន​ដែល​បាន​ប្រព្រឹត្ត និង​សុំទោស​ក​ញ្ញ​សា​សា ជាមួយ​សំណង​ជំងឺ​ចិត្ត​ចំនួន ១០ម៉ឹ​ន​ដុល្លារ​យ៉ាងនេះ​ក្តី តែ​ជា​ផល​អវិជ្ជមាន ត្រូវបាន​កញ្ញា​សា​សា​បដិសេធ​ទាំងស្រុង។ ជនរងគ្រោះ​រូបនេះ​បញ្ជាក់​យ៉ាងច្បាស់​ថា៖ «ក្រៅពី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ អ្វី​ក៏​ខ្ញុំ​មិនអាច​ទទួលយក​បានដែ​រ។ បើ​និយាយ​រឿង​លុយ​វិញ ខាង​ខ្ញុំ​មិន​និយាយ​តែម្តង ទោះបីជា​ប៉ុនណា​ក៏ដោយ។ អ្វីដែល​ខ្ញុំ​ចង់បាន​ធំ​បំផុត គឺ​សុំ​ឲ្យ​សលោក សុខ ប៊ុន ចេញមុខ​ដោះស្រាយ​ចំពោះមុខ​តុលាការ មិនត្រូវ​លាក់ខ្លួន​អីចឹង​ទេ»។

លោក សុខ ប៊ុន ដែល​ប្រាប់​សាធារណជន​ថា​ខ្លួន​សុំ​ពេល​ព្យាបាល​ជំងឺ​ស្រេ្ដ​ស​ដ៏​ធ្ងន់ធ្ងរ ត្រូវបាន​គេ​សង្ស័យថា​កំពុងតែ​លាក់ខ្លួន​នៅ​ប្រទេស​សិង្ហបូរី ៕


© រក្សាសិទ្ធិដោយ thmeythmey.com