ជាតិ
សង្គមជាតិ
សហ​ព័​ន្ឋ​ស្រូវ​អង្ករ​កម្ពុជា៖ មិនមាន​វត្តមាន​អង្ករ​ប្លា​ស្ទិ​ក​នៅក្នុង​ទីផ្សារ​កម្ពុជា​ទេ
15, Jul 2015 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់ថា រហូតមកទល់​ពេលនេះ មិនមាន​វត្តមាន​អង្ករ​ប្លា​ស្ទិ​ក​នៅក្នុង​ទីផ្សារ​កម្ពុជា​ទេ។ ការអះអាង​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី សហ​ព័​ន្ឋ​ស្រូវ​អង្ករ​កម្ពុជា បានធ្វើការ​ពិសោធន៍​ទៅលើ គំរូ​អង្ករ ដែល​អះអាងថា​ជា​អង្ករ​ប្លា​ស្ទិ​ក កាលពី​រសៀល​ថ្ងៃទី១៤ខែកក្កដា ។ ការពិសោធន៍ សហ​ព័​ន្ឋ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់ថា អង្ករ​ទាំងនោះ គឺជា​អង្ករ ដែល​អ្នកលក់​បានដាក់​លាយ​ចូលគ្នា រវាង​អង្ករ​ស្រូវ​ថ្មី និង​អង្ករ​ស្រូវ​ចាស់ និង​ប្រភេទ​ពូជ​ផ្សេងគ្នា​តែប៉ុណ្ណោះ។



មានសំឡេង៖


នេះ​គឺជា​លើក​ទី១ហើយ ដែល​សហ​ព័​ន្ឋ​ស្រូវ​អង្ករ​កម្ពុជា(ស.អ.ក)  បានរៀបចំ​ឲ្យ​មានការ​ពិសោធន៍​ទៅលើ​គុណភាព​អង្ករ​ដែលមាន​កំពុងមាន​វត្តមាន​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា។

ការពិសោធន៍​នេះ បានធ្វើ​ឡើង បន្ទាប់ពី​បណ្តាញ​សង្គម​នានា និង​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បាន​ចុះផ្សាយ​និង​អះអាងថា អង្ករ​ប្លា​ស្ទិ​ក​កំពុងមាន​វត្តមាន​នៅក្នុង​ទីផ្សារ​កម្ពុជា។  ការពិសោធន៍​ដោយផ្ទាល់​ទៅលើ​គុណភាព​អង្ករ​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី១៤ ខែកក្កដា ដោយ​សហ​ព័​ន្ឋ​ស្រូវ​អង្ករ​កម្ពុជា បាន​ចុះទៅ​ប្រមូល​គំរូ​អង្ករ ដែល​អះអាងថា​ជា​អង្ករ​ប្លា​ស្ទិ​កនោះ មក​ពិសោធន៍។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី១៥ខែកក្កដា​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា អង្ករ​ទាំងនោះ​ជា​អង្ករ​ពិតប្រាកដ មិនមែនជា​អង្ករ​ផ្លា​ស្ទិ​ក​នោះទេ។ សហ​ព័​ន្ឋ​ស្រូវ​អង្ករ​កម្ពុជា ក៏បាន​បញ្ជាក់ទៀតថា អង្ករ​ទាំងនោះ គឺជា​អង្ករ ដែល​អ្នកលក់​បានដាក់​លាយ​ចូលគ្នា រវាង​អង្ករ​ស្រូវ​ថ្មី និង​អង្ករ​ស្រូវ​ចាស់ និង​ប្រភេទ​ពូជ​ផ្សេងគ្នាតែប៉ុណ្ណោះ។
 
លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់ដែរថា៖« មកទល់ពេលនេះ មិនមាន​វត្តមាន​អង្ករ​ប្លា​ស្ទិ​កនៅ​កម្ពុជា​នោះទេ ហើយ​ការពិសោធន៍​នេះ គឺ​បានបញ្ជាក់​កាន់តែច្បាស់​ថែមទៀត អំពី​គុណភាព​អង្ករ​នៅ​កម្ពុជា»។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូបនេះ ក៏បាន​ប្រាប់​ប្រជាពលរដ្ឋ កុំ​ឲ្យ​បារម្ភ​ចំពោះ​អង្ករ​ដែលមាន​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា និង​អំពាវនាវ​ដល់​ពួកគាត់​កុំ​ជឿ​លើ​ព័ត៌មាន​ទាំងឡាយ ដែល​គ្មាន​មូលដ្ឋាន ព្រមទាំង​ស្វា​គម​ន៍​រាល់​ការ​ផ្តល់ព័ត៌មាន ឬ​ករណី​សង្ស័យ ទាក់ទង​នឹង​គុណភាព​អង្ករ​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com