ជាតិ
សង្គមជាតិ
លោក សុខ ទូច៖ ឡាវ​មិនទាន់​សាងសង់​ទំនប់​ដន សា​ហុង​ដ៏​ចម្រូងចម្រាស​នៅឡើយ
15, Jul 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សុខ ទូច ដែល​បាន​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​ទៅពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន សា​ហុង​បាន​បញ្ជាក់ថា រហូតដល់​ពេលនេះ​ប្រទេស​ឡាវ​មិនទាន់​សាងសង់​ទំនប់​ដន​សា​ហុង​នៅឡើយ។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​សង្គម នយោបាយ​នៅ​កម្ពុជា​រូបនេះ បានបញ្ជាក់​ទៀតថា ស្ថានភាព​នៅ​តំបន់​នោះ មានការ​ប្រែប្រួល​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​ក្រុម​ស្រាវជ្រាវ​ពុំបាន​រកឃើញ​ឧបករណ៍​សម្រាប់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ទេ​នៅ​តំបន់​នោះដែរ។



បើទោះបីជា​មិនទាន់​ដំណើរការ​សាងសង់ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​នៅតែ​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គម្រោង​នេះ និង​ទាមទារ​ឲ្យ​ប្រទេស​ឡាវ​ធ្វើការ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​ផល​ប៉​ពាល់​ពី​គម្រោង​សាងសង់​នេះ ហើយ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​តម្កល់​បញ្ហា​បរិស្ថាន ជីវចម្រុះ និង​ពូជ​សត្វ​កម្រ​ដែលជា​និមិត្តរូប​នៃ​ប្រជាជាតិ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ដូចគ្នា។

លោក សុខ ទូច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ បាន​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​ចុះទៅពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន សា​ហុង កាលពី​ថ្ងៃទី១៤ខែកក្កដា។ តាមរយៈ​ការពិនិត្យ អ្នកវិភាគ​សង្គម នយោបាយ​នៅ​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា ក្រុម​ស្រាវជ្រាវ​ពុំបាន​រកឃើញ​ឧបករណ៍​សម្រាប់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ទេ​នៅ​តំបន់​នោះ ដែល​នេះ​បញ្ជាក់ថា ប្រទេស​ឡាវ​មិនទាន់​សាងសង់​ទំនប់​ដន​សា​ហុង​នៅឡើយ រហូតដល់​ពេលនេះ។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន ស្ថានភាព​ជាក់ស្តែង​នៅពេលនេះ ធៀប​នឹង​ខែកុម្ភៈ មាន​ភាពប្រែប្រួល​ខ្លះ​ប៉ុណ្ណោះ។ ភាពប្រែប្រួល​ទាំងនោះ​រួមមាន ផ្លូវ​ឡើងទៅ​លើ​កោះ​ដន សា​ហុង មានការ​ចាក់​បេតុង​ប្រហែល២០ម៉ែត្រ ហើយ​ផ្លូវ​នៅលើ​កោះ​មានការ​ឈូសឆាយ​ពង្រីក​ធំ​ជាង​មុន ចំណែកឯ​ផ្លូវ​ចូលទៅ​កាន់​ទីតាំង​សាងសង់​មិនមាន​អ្វី​ប្រែប្រួល​នោះទេ។ ក្រុម​អ្នកស្រាវជ្រាវ ក៏បាន​បញ្ជាក់ដែរថា សា​ឡង់៣គ្រឿង​ដែល​ចត​នៅមុខ​ច្រាំង​ឡើងលើ​កោះ​នោះ គឺ​សម្រាប់​ដឹក​អេ​ស្កា​វា​ទ័​រ និង​រ៉ូឡូ​កិន​ថ្នល់​ប៉ុណ្ណោះ រីឯ​ស្ពាន​ដែល​ត​ភ្ជាប់​ពី​វើ​ន​ខាំ ទៅកាន់​កោះ​សា​ដាំ បាន​ត​ភ្ជាប់​រួចហើយ ប៉ុន្តែ​ផ្លូវ​ពី​គល់ស្ពាន​សា​ដាំ​ពុំទាន់​បានធ្វើ​អ្វី​នៅឡើយ។

បើទោះបីជា​មិនទាន់​ដំណើរការ​សាងសង់​ក៏ដោយ ប៉ុន្តែ​ក្តីបារម្ភ​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៅតែមាន​ចំពោះ​គម្រោង​នេះ ពីព្រោះថា​រហូតមក​ពេលនេះ មិនទាន់​ឃើញ​ប្រទេស​ឡាវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស៊ីជម្រៅ​អំពី​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់ ឬ​បង្ហាញ​ឯកសារ​ស្តីពី​ការវាយតម្លៃ​ផលប៉ះពាល់​មកលើ​ប្រទេស​កម្ពុជា​នៅឡើយ។

លោក សុខ ទូច ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឡាវ​ធ្វើការ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​ផល​ប៉​ពាល់​ពី​គម្រោង​សាងសង់​នេះ ចៀសវាង​សាងសង់​ហើយ ធ្វើ​ឲ្យ​បាត់បង់​នូវ​ធនធាន​កម្រ​ដ៏​មានតម្លៃ​របស់​មនុស្សជាតិ ហើយ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​តម្កល់​បញ្ហា​បរិស្ថាន ជីវចម្រុះ និង​ពូជ​សត្វ​កម្រ​ដែលជា​និមិត្តរូប​នៃ​ប្រជាជាតិ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ដូចគ្នា។ ក្រុម​អ្នកស្រាវជ្រាវ ក៏​សង្ឃឹម​ដែរ​ថា ប្រទេស​ឡាវ នឹងមិន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះឡើយ។

តាម​ការសិក្សា​ស្រាវជ្រាវ​របស់​សង្គម​ស៊ីវិល​កន្លងមក គម្រោង​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង នឹង​ប៉ះពាល់​ដល់​មនុស្ស​ជាង៦០លាន​នាក់ ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​នៅ​ផ្នែក​អាង​ទន្លេមេគង្គ​ក្រោម បង្ក​ឲ្យ​មានការ​ប្រែប្រួល​ចរន្តទឹក និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មច្ឆា​ជាតិ ការប្រែប្រួល​នៃ​ចរន្តទឹក​ហូរ ព្រមទាំង​ជីវចម្រុះ​ជាច្រើន​នៅក្នុង​ទន្លេមេគង្គ។

សូមបញ្ជាក់ថា គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង ជាប់​នឹង​ព្រំដែន​ខេត្តស្ទឹងត្រែង គឺជា​គម្រោង​មួយ ក្នុងចំណោម​គម្រោង​ទំនប់​វា​រី​អគ្គីសនី​ទាំង១២ ដែល​គ្រោង​សាងសង់​នៅលើ​តួ​ទន្លេ​មេ នៃ​ទន្លេ​មេគ្គ​ក្រោម ក្នុង​តំបន់​ស៊ីផា​ន់​ដន របស់​ប្រទេស​ឡាវ។ ទំនប់​នេះ បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ឆ្នាំ២០០៧ ដោយ​ក្រុមហ៊ុន​វិស្វកម្ម​និង​សំណង់​ម៉ាឡេស៊ី Mega First Corporation Berhad  និង​បាន​ផ្អាក​សកម្មភាព​ម្តង​ហើយដោយ​សារ​មានការ​តវ៉ា​ពី​ប្រទេស​តាម​ដង​ទន្លេមេគង្គ។ ទំនប់​នេះ​បានចាប់ផ្តើម​សាងសង់​ឡើងវិញ​ម្តងទៀត​នៅ​ឆ្នាំ២០១៣ ពេលនោះ​ប្រទេស​ឡាវ​បានប្រកាសថា ទំនប់​ដន សា​ហុង មិនមាន​ផលប៉ះពាល់​ទៅដល់​មច្ឆា​ជាតិ និង​ផ្នែកផ្សេងៗទៀត​នោះទេ ព្រោះ​មាន​ទីតាំង​ស្ថិតនៅលើ​ដៃទន្លេ មិនមែន​នៅលើ​ទន្លេ​មេនោះ​ទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com