ជាតិ
សង្គមជាតិ
CATAចុះ​អប់រំ​ពលរដ្ឋ​កំពង់​ឃ្លាំង​ឲ្យ​យល់ដឹង​ពី​បញ្ហា​បរិស្ថាន
16, Jul 2015 , 11:23 am        
រូបភាព
សៀមរាប៖ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ដែល​ហៅ​កាត់​ថា (CATA) នឹង​ចុះ​ធ្វើ​សកម្មភាព​អប់រំ​មួយ​ដល់​ពលរដ្ឋ​នៅ​ភូមិ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ជុំវិញ​បញ្ហា​អនាម័យ និង​ការ​ចោល​សំរាម។ សកម្មភាព​នេះ ធ្វើឡើង​ក្នុង​បំណង​បំផុស​ឲ្យ​អ្នកភូមិ​ទាំងនោះ យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការថែរក្សា​បរិស្ថាន ក៏ដូចជា​គុណវិបត្តិ​នៃ​ការ​ចោល​សំរាម​ពាសវាល​ពាសកាល។



នេះ​ជា​លើក​ទី២ហើយ ដែល​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា CATA បាន​ចូលរួម​សម្អាត​បរិស្ថាន​ជាមួយ​អ្នកភូមិ​កំពង់​ឃ្លាំង។ លើក​ទី២នេះ ធ្វើ​ខុសពី​លើក​មុន ដោយ CATA នឹងមាន​សកម្មភាព​មួយចំនួន ដើម្បី​អប់រំ​អ្នកភូមិ​កំពង់​ឃ្លាំង ឲ្យ​ចេះ​អនាម័យ​បរិស្ថាន​ដោយ​ខ្លួនឯង ផលប្រយោជន៍​ដើម្បី​សុខភាព និង​ទាញ​ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅ​ទីនោះ​ផង។ នេះ​ជាការ​លើកឡើង​របស់លោក ផាវ ព្រឿ​ន តំណាង CATA ប្រចាំខេត្ត​សៀមរាប ដែល​បានផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មានថ្មីៗ ។

បើតាម​លោក ផាវ ព្រឿ​ន នឹងមាន​អ្នកចូលរួម​ប្រមាណ៥០០នាក់ ច្រើនជាង​លើក​ទី១ ប្រមាណ២០០នាក់ ដែល​អ្នក​ទាំងនោះ​មកពី​តាម​បណ្តា​សណ្ឋាគារ និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ក្នុង​ខេត្តសៀមរាប។ លោក ព្រឿ​ន​ពន្យល់ថា មូលហេតុ​ដែល CATA ជ្រើសរើស​កំពង់​ឃ្លាំង​ជា​គោលដៅ​ដើម្បី​ចុះ​អប់រំ​បញ្ហា​អនាម័យ ព្រោះថា​តំបន់​នោះ គឺជា​គោលដៅ​ទេសចរណ៍​ថ្មី​សម្រាប់​ភ្ញៀវទេសចរ តែ​ទាស់​ថា ការ​ចោល​សំរាម ឫ​ថង់​ប្លា​ស្ទិ​ក នៅជាប​ញ្ហា ដែល​ធ្វើ​ឲ្យ​អ្នកទេសចរ​ខ្លះ មិនសូវ​ចង់ទៅ​តំបន់​នោះ។

ភូមិ​កំពង់​ឃ្លាំង ជា​គោលដៅ​ទេសចរណ៍​ថ្មី ហើយ​វា​ស្រដៀង​ទៅនឹង​តំបន់​កំពង់​ភ្លុក​ដូច្នោះ​ដែរ។ តែ​កំពង់​ឃ្លាំង​សម្បូរ​ដោយ​ដើមឈើ​ចម្រុះ ហើយ​អ្នកទេសចរ​ចូលចិត្ត​សម្រាក​ពេលយប់​នៅ​ទីនោះ ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​អ្នកភូមិ។ ប្រជាជន​ភាគច្រើន​ជា​អ្នកនេសាទ ហើយ​មួយចំនួន​តូច​ជា​កសិករ។ គេ​ក៏​អាច​ហៅ​ភូមិ​កំពង់​ឃ្លាំង ថា​ជា​ភូមិ​លិច​ទឹក​មួយ​បានដែរ ព្រោះ​កម្ពស់​ទឹក​នៅ​ទីនោះ មាន​រហូតដល់​ទៅ១៥ម៉ែត្រ ក្នុង​រដូវវស្សា។

«តំបន់​ដែល​យើង​ចុះ​ទៅនោះ គឺ​សុទ្ធសឹង​សំរាម។ អ្វីដែល​យើង​បារម្ភ​នោះ នៅពេល​ទឹក​លិច​មក ហើយ​ស្រក​ទៅវិញ វា​ទាញ​សំរាម​ទៅជា​មួយ ហើយ​វា​បាន​បំពុល​ទាំង​ទឹក ទាំង​ត្រី និង​ដោយ​ទាំង​មនុស្ស​ផង»។ នេះ​ជា​បញ្ជាក់បន្ថែម​របស់លោក ព្រឿ​ន។ លោក ព្រឿ​ន រំពឹងថា ផល​ជំនាញ​ជាច្រើន​ដែល​អ្នកភូមិ​កំពង់​ឃ្លាំង​នឹង​ទទួលបាន ប្រសិនបើ​បញ្ហា​អនាម័យ​នៅ​ទីនោះ ត្រូវបាន​ធានា។ ដោយសារ​ជា​តំបន់​ដែលមាន​សក្កា​នុព​ល​ទេសចរណ៍​ខ្ពស់ នោះ​អ្នកទេសចរ​នឹង​បង្វែរ​ទិសដៅ​ទៅ​ទីនោះ​កាន់តែច្រើន។

គួរបញ្ជាក់ថា កម្មវិធីអប់រំអនាម័យនៅភូមិកំពង់ឃ្លាំង គ្រោងធ្វើនៅថ្ងៃទី១៩ កក្កដានេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com