ជាតិ
សង្គមជាតិ
ខ្មែរឥស្លាម​ប្រារព្ធ​ពិធី​ចេញ​បួស​នៅ​ថ្ងៃ​សុក្រ​នេះ
17, Jul 2015 , 7:58 am        
រូបភាព
រូបភាព៖ FB Hosen Mohd Farid
រូបភាព៖ FB Hosen Mohd Farid
ក្រោយពី​ផ្តើម​បួស​អស់​រយៈពេល​មួយខែ​មក នៅ​ថ្ងៃ​សុក្រ​ទី ១៧ ខែកក្កដា​នេះ សាសនិក​ឥស្លាម​ទាំងអស់ រួម​និង​ខ្មែរឥស្លាម​រស់នៅក្នុង​ប្រទេស​កម្ពុជា បាន​ដល់​វេលា​ចេញ​បួស ឫ​ថ្ងៃ​រ៉​យ៉ា​ហើយ។ ចាប់ពី​ថ្ងៃនេះ​ទៅ ខែ​តម​អាហារ​របស់​សាសនិក​ឥស្លាម​ត្រូវបាន​កន្លងផុត ហើយ​វា​នឹង​ចូលមក​សាជាថ្មី​ទៀត នៅ​ឆ្នាំក្រោយ។



សេចក្តីប្រកាស​ព័ត៌មាន​ពី​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បានកំណត់​យក​ថ្ងៃ​សុក្រ ទី១៧ កក្កដា ជា​ថ្ងៃ​ចេញ​បួស ឫ​ថ្ងៃ​រ៉​យ៉ា។ ក្នុង​សេចក្តីជូនដំណឹង​ដែល​ចេញផ្សាយ​កាលពី​ម្សិលមិញ បាន​បញ្ជាក់ថា«ការចេញ​បួស (បុណ្យ​រ៉​យ៉ា អៃ​ទិល​ហ្វិ​តរី) សម្រាប់​ឆ្នាំ២០១៥នេះ យើង​កំណត់​យក​ថ្ងៃស្អែក គឺ​ថ្ងៃ​សុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០១៥ ជា​កំហិត»។

នៅ​ព្រឹក​ថ្ងៃសុក្រនេះ ភាព​អ៊ូអរ​បាន​កើតមានឡើង​នៅក្នុង​សហគមន៍​ខ្មែរឥស្លាម ដោយ​ខុសប្លែក​ពី​សព្វ​មួយដង។ អាហារ និង​នំ​ច្រើន​មុខ បាន​ត្រៀបត្រា​នៅតាម​ផ្ទះ​របស់​បងប្អូន​ខ្មែរឥស្លាម សម្រាប់​ទទួល​បងប្អូន ញា​ត្តិ​មិត្ត អ្នកជិតខាង ដែល​មកពី​ទីជិត​ឫ​ទី​ឆ្ងាយ។ នៅ​ថ្ងៃបុណ្យ​រ៉​យ៉ា​នេះ​ផងដែរ គ្រប់​សាសនិក​ឥស្លាម​ទាំងអស់ តម្រូវ​ឲ្យ​សុំ​ខុ​មា​ទោស​គ្នា ប្រសិនបើ​ពួកគេ​មានការ​ឈ្លោះប្រកែក​គ្នា និង​ថ្នាក់ថ្នាំង​នឹង​គ្នា ដោយ​ប្រការ​ណាមួយ​នោះ។

ងាក​មក​មើល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិញ ការ​ជូនពរ​រវាង​សាសនិក​ឥស្លាម​ទៅ​សាសនិក​ឥស្លាម មាន​ជា​ហូរហែរ។ ការសុំ​ពី​អាល់​ឡោះ​ឲ្យ​អ្នក​មូស្លីម (អ្នកប្រតិបត្តិ​សាសនា​ឥស្លាម) មាន​សេចក្តីសុខ និង​សុភមង្គល ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com